NASA រើស​បានតែ​មួយ​ទេ៖ តើ​ចង់​បញ្ជូន​យន្តហោះ​ដ្រូ​ន​ទៅ​ព្រះ​ច័ន្ទ Titan ឬក៏​ចង់​បញ្ជូន​យាន ទៅ​ចុះ​លើ​អាចម៍ផ្កាយ​រាង​ដូច​ទា…?

192

(អាមេរិក)៖ ប្រាកដជា​ជម្រើស​ដ៏​ពិបាក​បំផុត​មួយ​ហើយ ដើម្បី​ឲ្យ​អង្គការ NASA ត្រូវ​ជ្រើស​យក​បេសកកម្ម​តែមួយ ក្នុងការ​អភិវឌ្ឍ​ក្នុងចំណោម​ជម្រើស​បេសកកម្ម ដ៏សំខាន់ៗពីរបែប​នេះ ដែល​ទី១ គឺ​ការបញ្ជូន​យន្តហោះ​ដ្រូ​ន ដើម្បី​ហោះហើរ​ក្នុង​បរិយាកាស​ដ៏​ក្រាស់ នៃ​ព្រះ​ច័ន្ទ Titan របស់​ភព​សៅរ៍ ខណៈ​ទី ២ គឺ​ការបញ្ជូន​យាន​ចុះចត​លើ​អាចម៍ផ្កាយ Comet 67P ដែលមាន​រាង​ដូច​សត្វ​ទា​មួយ​ក្បាល។ នេះ​បើតាម​ការចេញផ្សាយ​ដោយ New York Times នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៧។

លោក James L. Green នាយក​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ភព​របស់​អង្គការ NASA បាន​លើកឡើងថា «វា​ជា​កម្មវិធី​ដែល​យើង​ពិបាក​ជ្រើសរើស​ខ្លាំងណាស់។ យើង​អាចធ្វើ​ការអភិវឌ្ឍ​បាន​តែមួយ​ប៉ុណ្ណោះ​ក្នុងចំណោម​ជម្រើស​ពីរ​ខាងលើ ក្នុង​រយៈពេល​មួយ​ទសវត្សរ៍»។ សម្រាប់​បេសកកម្ម ទៅកាន់​អាចម៍ផ្កាយ Comet 67P ក៏មាន​សារៈសំខាន់​ខ្លាំង​ផងដែរ ព្រោះ​បេសកកម្ម Rosetta របស់​ទី​ភ្នា​ក់​អវកាស​អឺរ៉ុប ESA បាន​ត្រៀម​រួចជាស្រេច ដើម្បី​ផលិត​យាន​ទៅ​ចុះចត​នៅ​ទីនោះ និង​យក​គំរូ​តាង​នានា​មកកាន់​ផែនដី​វិញ ដើម្បី​ធ្វើការ​សិក្សា។

ដោយឡែក​សម្រាប់​បេស​សកម្ម ផលិត​យន្តហោះ​ដ្រូ​ន Dragonfly ដែល​អាច​តស៊ូ​នឹង​បរិយាកាស ដែល​ខាប់​ជាង​ផែនដី ៥០% និង​ស្ថិតនៅ​រាប់ពាន់​លាន​គីឡូម៉ែត្រ នោះ​គឺ​ព្រះ​ច័ន្ទ Titan ដ៏​ធំ​បំផុត​នៃ​ភព​សៅរ៍ ពិតជា​កាន់តែ​ធំធេង និង​រំភើប​ខ្លាំង​ទៅទៀត ប៉ុន្តែ​អត្ថន័យ​នៃ​ការសិក្សា​គឺ​ស្រដៀង​គ្នា ដោយ​សំដៅ​ទៅលើ​ការរុករក​ជីវិត និង​ប្រវត្តិ​នៃ​ការកកើត​ប្រព័ន្ធ​ព្រះអាទិត្យ​យើង​នេះ។

គួរ​បញ្ជាក់ថា បើសិនជា​ក្រុមការងារ​របស់ NASA សម្រេចចិត្ត​រួចហើយ​ថា នឹង​រើសយក​មួយណា​នោះ​ពួកគេ​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ ០៤លាន​ដុល្លារ ភ្លាមៗតែម្តង ដើម្បី​យកទៅ​សិក្សា និង​បង្កើតជា​គំរោង​លើ​ក្រដាស​ចេញមក ហើយ​ចុងក្រោយ​នៅ​ពាក់កណ្តាល​ឆ្នាំ២០១៩ NASA នឹងធ្វើ​ការសម្រេចចិត្ត​ជាថ្មី​ឡើងវិញ​ថា តើ​បេសកកម្ម​ពីរ​នេះ មួយណា​គួរ​ចាប់ផ្តើម​អភិវឌ្ឍន៍​មុន ហើយ​បេស​សកម្ម​បាញ់​បង្ហោះ អាច​នឹងត្រូវ​ធ្វើឡើង​នៅក្នុង​ឆ្នាំ២០២៥។

រឿង​បែបនេះ​ក៏​ធ្លាប់បាន​កើតមានឡើង​ម្តង​ដែរ ដោយ​កាលពី​សម័យ NASA ត្រូវបាន​ឲ្យ​ជ្រើសរើស​ធ្វើការ​សិក្សា​អំពី​ការបញ្ជូន​យាន Curiosity ទៅ​ចុះចត​លើ​ភព​អង្គារ និង​យានអវកាស ទៅ​ចុះ​លើ Europa ព្រះ​ច័ន្ទ​ភព​ព្រហស្បតិ៍​នោះ គឺ​ចុងក្រោយ​ក្រុមការងារ NASA បាន​រើសយក Curiosity មក​ធ្វើការ​សិក្សា និង​សម្រេច​ការងារ​មុន ដោយ​ទទួលបាន​ជោគជ័យ ប៉ុន្តែ​បេសកកម្ម​ទៅ Europa ក៏ត្រូវ​បានធ្វើ​ឲ្យ​យឺតយ៉ាវ​មកទល់ពេលនេះ។ ចុះ​តើ​បងប្អូន ចង់បាន​បេសកកម្ម​មួយណា​មុន?

480×240 Banner