ជិះយានទៅស្រាវជ្រាវលើភពអង្គារ «ត្រូវចំណាយពេល ០៣ឆ្នាំ» តើមនុស្សអាចទ្រាំ រស់នៅទីអវកាស ដ៏លំបាកបានទេ?
(វ៉ាស៊ីនតោន)៖ ដំណើរទៅកាន់ភពអង្គារ នៅឆ្នាំ២០៣០ខាងមុខនេះ គឺនៅតែជាប្រធានបទដ៏ក្តៅគគុក ប៉ុន្តែវានឹងក្លាយជាការពិត ព្រោះសូម្បីតែរដ្ឋបាល លោក ដូណាល់ ត្រាំ ដែលពីមុនមកដូចជាចង់រារែក ក្នុងការឧបត្ថម្ភបេសកកម្មរាប់ទសវត្សរ៍ ក៏បានបង្ហាញជំហរគាំទ្រច្បាស់លាស់ឡើងវិញដែរ កាលពីប៉ុន្មានសប្តាហ៍មុន នៅក្នុងការចុះហត្ថលេខារបស់លោក ទៅលើគោលនយោបាយអវកាសថ្មី ក្នុងគោលដៅរក្សាភាពជាអ្នកដឹកនាំ នៅក្នុងវិស័យអវកាសរបស់អាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន India Times ដែលត្រូវបានដកស្រង់នៅរសៀលថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០១៧។

ទោះបីជាបែបនេះក្តី សំនួរដដែលៗនៅតែត្រូវបានចោទសួរឡើង ជាពិសេសទាក់ទងនៅយើងសុខុមាលភាពអវកាសយានិក និងអ្នកវិទ្យាសាស្ត្រ ដែលអាចមានសរុប ០៤រូប ធ្វើដំណើរមុនគេជាប្រវត្តិសាស្ត្រ ទៅកាន់ភពអង្គារ ដោយត្រូវចំណាយពេលទាំងទៅ ទាំងចុះធ្វើការសិក្សា និងត្រឡប់មកផែនដីវិញ សរុបរយៈពេល ០៣ឆ្នាំ។ អ្វីដែលគួរឲ្យព្រួយបារម្ភនោះ គឺថាតើការចំណាយពេលច្រើនបែបនេះនៅក្រៅផែនដី ធ្វើឲ្យរាងកាយពួកគេត្រូវរងផលអាក្រក់អ្វីខ្លះ។

ទោះបីជាបែបនេះក្តី យើងបានដឹងហើយថា បេសកកម្មយូរបំផុតរបស់មនុស្សនៅទីអវកាស គឺមានរយៈពេលប្រមាណជា ៦ខែប៉ុណ្ណោះ ស្ថិតនៅក្នុងស្ថានីយ៍អវកាសអន្តរជាតិ (ISS)។ លោក John Charles អ្នកគ្រប់គ្រងកម្មវិធីស្រាវជ្រាវមនុស្ស (HRP) នៃមជ្ឈមណ្ឌលអវកាស Johnson របស់ NASA បានលើកឡើងថា «ដើម្បីសន្មត់អ្វីលទ្ធផលចុងក្រោយនោះ យើងត្រូវតែអនុញ្ញាតឲ្យអវកាសយានិក ធ្វើការចំណាយពេលវេលាបន្ថែមលើសមុន នៅក្នុងបរិស្ថាននៃទីអវកាស»។
![]()
ការស្រាវជ្រាវខាងលើនេះ គឺកំពុងតែបន្តនៅឡើយ ជាពិសេសការកសាងប្រព័ន្ធធានាសុវត្ថិភាពសម្រាប់អវកាសយានិក នៅពេលស្ថិតនៅទីអវកាស។ វេជ្ជបណ្ឌិតជំនាញបានអះអាងថា ការសិក្សានឹងនាំឲ្យយើងដឹងអំពីវិធីសាស្ត្រ នៅក្នុងការស្រាវជ្រាវអំពីការប៉ះពាល់លើផ្នែកសារីរាង្គ និងអវៈយវៈមួយចំនួនរបស់មនុស្ស នៅពេលដែលពួកគេស្ថិតនៅទីអវកាស។ វាប្រាកដណាស់ថា ពួកគេនឹងរងផលប៉ះពាល់ ប៉ុន្តែយើងត្រូវធានាឲ្យបានថា វាស្ថិតនៅក្នុងកម្រិតដែលអាចការពារ និងស្រោចស្រង់ឡើងវិញបាន។

គួរបញ្ជាក់ថា កម្មវិធីពិសោធន៍ និងស្រាវជ្រាវខាងលើនេះ គ្រោងដឹកនាំអវកាសយានិក ៣០រូប ដោយក្នុងនោះ ១០នាក់ សម្រាប់បំពេញបេសកកម្មសាកល្បង ២ខែ, ១០នាក់ សម្រាប់បេសកកម្មរយៈពេល ៦ខែ និង ១០នាក់ទៀត សម្រាប់រយៈពេល ១ឆ្នាំតែម្តង។ សម្រាប់លទ្ធផលនឹងអាចសម្រេចជាផ្លូវការនៅមុនឆ្នាំ២០២០៕


