វិភាគលើ «ចំណុចធំៗទាំង ០៤ នេះ» លោកអ្នកនឹងអាចស្មានបានថា មានអេលៀន ឬ UFO ពិតមែន ឬអត់.

270

 

(ភ្នំពេញ)៖ ឥឡូវនេះយើងនិយាយពី អេលៀន និង ថាសហោះ (UFO) ដែលបាន​ក្លាយជា​ចម្ងល់របស់មនុស្ស រាប់ទសវត្សរ៍មកហើយ ប៉ុន្តែសារព័ត៌មាន Cambo Space ធ្លាប់បានបញ្ជាក់ប្រាប់បងប្អូន ម្តងរួចទៅហើយថា អ្នកវិទ្យាសាស្ត្រអន្តរជាតិ ជាពិសេសអង្គារ NASA មិនដែលអះអាងថា ខ្លួនបានរកឃើញមនុស្ស ឬជីវិតក្រៅភព និងថាសហោះ​អ្វីនោះឡើយ ដោយអ្វីៗទាំងនេះ NASA ក៏កំពុងតែស្វែងរកដូចគ្នា។

ដូច្នេះតើអ្វីទៅជាការពិត? តើនេះជាការលាក់បាំងរបស់ NASA ដើម្បីសន្តិសុខពិភពលោក ដូចការលើកឡើង ដោយពាក្យចចាមអារ៉ាមមួយចំនួនឬ? តើមនុស្សពិតជាធ្លាប់បានជួប​អេលៀន និងថាសហោះចុះមកផែនដី មែនឬទេ? សំនួរទាំងអស់នេះ បើសួរទៅអ្នកវិទ្យាសាស្ត្រអន្តរជាតិ​ពួកគេក៏នឹងឆ្លើយចម្លើយជាផ្លូវការដូចគ្នាថា មិនធ្លាប់មាននោះទេ ហើយយើងក៏កំពុង​ព្យាយាម​ស្វែងរកសញ្ញាពីពួកគេដូចគ្នា។

ដើម្បីឲ្យបងប្អូនមានលទ្ធភាព​វិភាគ និងសន្មត់ការយល់ឃើញ​ដោយ​ខ្លួន​ឯងនោះ Cambo Space មានបី​ចំនុចធំៗ សម្រាប់បងធ្វើការពិចារណា ហើយវានឹងជាគន្លឹះសំខាន់មួយ សម្រាប់បងប្អូនធ្វើការ​តាមដានព័ត៌មាន នៃការស្រាវជ្រាវរកជីវិត​ក្រៅភពនេះជាបន្តទៀត​ផងដែរ៖

១. បើមានអ្នកអះអាងអំពីអេលៀន ឬថាសហោះមានពិតមែន តើអេលៀន និងថាសហោះ​ទាំងនោះ មានប្រភពមកពី? យើងដឹងហើយថា ផ្កាយដែលនៅជិតយើង​បំផុត​នោះ គឺប្រព័ន្ធ Alpha Centauri ដែលមានចម្ងាយ ៤.៤ឆ្នាំពន្លឺពីយើង (១ឆ្នាំពន្លឺ = ៩.៤៦១ពាន់ពាន់លានគីឡូម៉ែត្រ)។ អេលៀនពិតជាខ្លាំងក្លាជាងមនុស្សពិតមែនហើយ ដែលអាចជិះថាសហោះ​មក​ដល់ភពផែនដី ដោយប្រើល្បឿនពន្លឺ ឬជិតស្មើនឹងល្បឿនពន្លឺ…។

បន្ថែមពីនេះទៀត ភពទាំងអស់ និងព្រះច័ន្ទនានាក្នុងប្រព័ន្ធព្រះអាទិត្យយើង គឺគ្មានអុកស៊ីសែន និងបរិស្ថាន ដែលអាចទ្រទ្រង់​ជីវិតនោះឡើយ ហេតុដូច្នេះអេលៀន​ពិតជាមិនអាចមានប្រភព​មកពីភព និងព្រះច័ន្ទទាំងនោះឡើយ។

២. ចុះរូបភាព​អេលៀន និងថាសហោះនោះ​បានមកពីណា? សំនួរនេះពិតជាពិបាកឲ្យ​ស្វែងរក​ចម្លើយដែល​អាចទទួលយក​បានណាស់។ នៅក្នុងករណី​ដែលអ្នកជឿថា វាជារឿងកុហក់ នោះចម្លើយរបស់​អ្នកប្រាកដជាអះអាងថា មនុស្សអាចគិត​អំពីភាពច្នៃប្រឌិតពីអ្វីៗ​ ដែលគ្មានរូបរាង​ជាក់លាក់ ដូចជាច្នៃបង្កើត​យន្តហោះ រូបត្លុកបិសាច ឬច្នៃម៉ូដអ្វីៗផ្សេង ដូច្នេះការច្នៃជារូបរាង​អេលៀន ពុំមែនជារឿងអ្វី​ចម្លែកដែលមនុស្សមិនអាចធ្វើបាននោះទេ។

ប៉ុន្តែសម្រាប់បងប្អូនដែល​នៅតែជឿទុកចិត្តលើរឿងបនេះវិញ ប្រាកជាគិតថា នេះជារូបភាពពិត ហើយបើសិន​​ជាគ្មានអេលៀន ឬថាសហោះមែន តើរូបភាពទាំងនោះ​បានមកពីណា? តើនៅសុខៗ​មនុស្ស​​ទៅបង្កើតរូបចម្លែក​ទាំងនោះធ្វើអ្វី? នេះជាចម្ងល់ ប៉ុន្តែចំណុចទី ៣ បន្ទាប់នឹងក្លាយជា​ពន្លឺមួយ សម្រាប់លោកអ្នកពិចារណាម្តងទៀត។

៣. ក្រុមអ្នកស្រាវជ្រាវ និងព្យាយាមបកស្រាយ​ការពិតមួយ ធ្លាប់បានអះអាង​តាំងតែពី​ប៉ុន្មានទសវត្សរ៍​មុន​នេះថា ថាសហោះ ឬរូបភាព​អេលៀន ត្រូវបានអាមេរិក​ជាអ្នកបង្កើតឡើង ដើម្បីទាក់ទាញ​​សហភាពសូវៀត នៅសម័យកាល​សង្គ្រាមត្រជាក់ ដែលកំពុង​ងប់ងល់ខ្លាំង នឹងវិស័យ​អវកាស ឲ្យចំណាយធនធាន​រាប់ពាន់លានដុល្លារ ដើម្បីស្រាវជ្រាវ​លើអ្វីដែលខ្លួនភូត​កុហក់នោះ ដូច្នេះការ​បកស្រាយនេះ ពួកគេចង់បញ្ជាក់ថា អេលៀន និងថាសហោះ គឺជារឿងកហុក។

៤. គ្រាន់តែកាឡាក់ស៊ីមាលគីវ៉េ មួយប៉ុណ្ណោះ មានភព និងផ្កាយរាប់ពាន់លាន​ទៅហើយ តើអាចទេដែលមានតែផែនដីមួយមានជីវិត…។ សម្រាប់ចម្លើយរបស់ខ្ញុំផ្ទាល់ ខ្ញុំជឿថាមាន ប៉ុន្តែមិនដឹងថា ពួកគេជាមនុស្សស្រដៀងយើង ឬអាចជាសត្វព្រៃ និងជាជីវិតរស់នៅ​ក្នុងទឹក​ ឬក៏អាចគ្រាន់តែព្រៃភ្នំមិនទាន់មាន ជីវិតសត្វលោកផងក៏មិនដឹង។ ម្យ៉ាងវិញទៀត យើងក៏មិនដឹង​ថា ពួកគេស្ថិតនៅជ្រុងណាមួយ នៃកាឡាក់ស៊ីនេះដែរ។

គួរបញ្ជាក់ថា ទោះបីជាចំណុច​ខាងលើនេះ ធ្វើឲ្យបងប្អូនកាន់តែ​ឈឺក្បាលក្តី ប៉ុន្តែព័ត៌មាន​ដែលយើងទើបចេញ​ផ្សាយនាពេលថ្មីៗ​នេះគឺថា មន្ទីរបញ្ចកោណ​អាមេរិក នៃ​ក្រសួង​ការពារជាតិ​អាមេរិក ធ្លាប់បំពេញ​បេសកកម្ម​សម្ងាត់ស្វែង​រកថាសហោះ ឬអេលៀន រយៈពេល ០៥ឆ្នាំ ដែលបានបញ្ចប់​កាលពីឆ្នាំ២០១២ នោះ គឺអាមេរិកខ្លួនឯងជាអ្នកទទួលស្គាល់ថា ខ្លួនក៏មានការសង្ស័យ​ចំពោះវត្តមានថាសហោះ​នោះដែរ ហើយការ​សង្ស័យនោះ វាអាចឲ្យយើងទាញ​ន័យជារួមថា ថាសហោះ ឬវត្ថុសង្ស័យថា ជាថាសហោះ​​ ពិតជាបង្ហាញវត្តមាន​ដ៏អាថ៌កំបាំង ដែលនាំមហាអំណាច​នេះ ចង់ដឹងឲ្យបានថា ពួកវាជាអ្វី…។ ចុះបងប្អូនវិញ តើគិតយ៉ាងណាដែរ? សូមបញ្ចេញមតិយោបល់ ឲ្យយើងខ្ញុំដឹងផង៕

480×240 Banner