កុំភ្លេចទស្សនា «ខ្សែភាពយន្ត The Martians» ដើម្បីដឹងចំណុចអស្ចារ្យបំផុត ០៥ ពីជីវិតលើភពអង្គារ…!
(ភ្នំពេញ)៖ ខ្សែភាពយន្ត The Martian ឬ មនុស្សលើភពអង្គារ គឺជាខ្សែភាពយន្តដែលទទួលបានការគាំទ្រខ្លាំងកាលពីឆ្នាំ២០១៦ ប៉ុន្តែអ្នកដែលមិនយល់ ឬមិនសូវអើពើអំពីរឿងអវកាស និងវិទ្យាសាស្ត្រពិតជាមិនបានទៅទស្សនា ឬក៏ស្វែងរកពីសារៈសំខាន់ នៃអ្វីៗដែលមាននៅក្នុងសាច់រឿងដ៏ពិសេសមួយនេះឡើយ។

ជាការពិតណាស់ The Martian គឺជារឿងដែលត្រូវបានផលិតឡើង ដោយយោងទៅលើសមត្ថភាពវិទ្យាសាស្ត្រ នៃការស្រាវជ្រាវភពអង្គារ ដែលមនុស្សនឹងអាចធ្វើបាននៅប៉ុន្មានទសវត្សរ៍ខាងមុខនេះ ហេតុដូច្នេះទើបវាជាមេរៀនដ៏ត្រឹមត្រូវមួយ សម្រាប់ឲ្យអ្នកសិក្សា និងគាំទ្រវិស័យវិទ្យាសាស្ត្រ និងអវកាស ពិចារណាក្នុងការទស្សនា ព្រមទាំងកាត់យល់អំពីចំណុចសំខាន់ៗ ស្តែងឡើងនៅក្នុងសាច់រឿងទាំងមូលផងដែរ។

ខាងក្រោមនេះ គឺជាចំណុចសំខាន់ៗចំនួន ០៥ ដែលលោកអ្នកគួរដឹង ដើម្បីសិក្សាស្វែងយល់នៅក្នុងសាច់រឿងទាំងមូល ហើយលោកអ្នកប្រាកដជាដឹងថា វាមានប្រយោជន៍ និងគួរឲ្យចាប់អារម្មណ៍ជាទីបំផុត៖
១. ព្យុះធូលីនៅលើភពអង្គារ៖ ភាពលំបាកវេទនា ដែលក្រុមអ្នកវិទ្យាសាស្ត្ររបស់ NASA ទាំងអស់ត្រូវប្រឈមមុខនៅលើភពអង្គារនោះ គឺព្យុះធូលី ដែលមានកម្លាំងខ្លាំងក្លា និងអាក្រក់ជាងនៅលើផែនដីទៅទៀតដោយអាចមានល្បឿនឡើងដល់ ៦០ម៉ៃល៍ ក្នុងមួយម៉ោង។ វាមិនខ្លាំងដូចផែនដីមែន ប៉ុន្តែបើវានាំធូលីមកទាំងដុលនោះ គឺទាំងក្រុមអ្នកវិទ្យាសាស្ត្រ និងស្ថានីយដែលនៅលើភពអង្គារនោះ ប្រាកដជាពិបាកស៊ូទ្រាំខ្លាំងណាស់ ដូច្នេះមនុស្សត្រូវរកវិធីបន្ថែមទៀត ដើម្បីទប់ទល់។

២. ពេលវេលានៃបេសកកម្ម៖ នៅពេលគេចចេញពីព្យុះហើយបញ្ចប់បេសកកម្ម ត្រឡប់ទៅផែនដីវិញនោះ ក្រុមអ្នកវិទ្យាសាស្ត្រទាំងឡាយបានឡើងយាន ជិះទៅកាន់ស្ថានីយអវកាសលើភពអង្គារទាំងព្យុះកំពុងបោកបក់ខ្លាំង ប៉ុន្តែសមាជិកម្នាក់ត្រូវព្យុះកួចយកទៅបាត់ ដែលនាំឲ្យអ្នកផ្សេងទៀតសន្មត់ថា រូបគេបានស្លាប់ទៅហើយ ទើបសម្រេចចិត្តឡើងទៅស្ថានីយអវកាសវិញ ដោយមិននៅតាមរក Mark ជាតួឯកនោះឡើយ (ដោយព្យុះខ្លាំង ម្នាក់ៗស្ទើរតែមិនអាចគ្រប់គ្រងខ្លួនឯងបាន)។

ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក ទើបគ្រប់គ្នានៅលើផែនដីដឹងថា Mark មិនទាន់បាត់បង់ជីវិតនោះទេ គឺរូបគេកំពុងស្ថិតនៅក្នុងស្ថានីយលើផ្ទៃដីភពអង្គារ ដែលជិតអស់ស្បៀងអាហារទៅហើយ។ ចុងក្រោយទីស្នាក់ការ NASA ក៏សម្រេចចិត្តប្រាប់អ្នកនៅលើស្ថានីយ៍អវកាស ឬនាវាអវកាស ដែលកំពុងត្រឡប់មកភពផែនដីវិញ ឲ្យបានដឹងពីរឿងនេះ ប៉ុន្តែទោះបីជាបែបនេះក្តី ក៏យានមិនអាចបត់ទៅភពអង្គារវិញដែរ ដោយសារតែថាមពលមានកំណត់ ដូច្នេះពួកគេត្រូវតែទៅផែនដីសិន ដើម្បីដឹកចំណីអាហារបន្ថែម និងបញ្ចូលថាមពល ទើបអាចបកត្រឡប់មកយក Mark នៅភពអង្គារបាន។
៣. ជីវិតនៅលើភពអង្គារ៖ Mark ពិតជាត្រូវតស៊ូ និងជម្នះរាល់ភាពលំបាកនានា ជាពិសេសនោះគឺចំណីអាហារដែលជិតអស់។ គាត់បានសម្រេចចិត្តធ្វើការដាំដុះដំឡូងបារាំង ទាំងផ្សងព្រេងនៅលើផ្ទៃដីភពអង្គារ ដែលជាការផ្សំសារធាតុជី នៃដីដែលយកមកពីផែនដី។ ទីបំផុតគាត់ធ្វើបានសម្រេចក្នុងការដាំដំឡូង រួចស្តុកវាទុកដើម្បីបន្តជីវិត រង់ចាំក្រុមការងារ NASA ត្រឡប់មកយកលោកវិញទាំងដែលក្តីសង្ឃឹម ហាក់មានទាបខ្លាំងណាស់។

Mark ចំណាយពេលជាង ១ឆ្នាំ លើភពអង្គារ ដើម្បីរង់ចាំក្រុមការងារត្រឡប់មកយក ទាំងលោកស្ទើរតែជិតដល់ដង្ហើមចុងក្រោយ ទៅហើយ ប៉ុន្តែដោយសារតែភាពឆ្លៀសវៃ និងរិះរកវិធីដើម្បីរស់ពីមួយតំណាក់កាល ទៅមួយតំណាក់កាល ទើបលោកអាចបន្តទៅដល់ទីបញ្ចប់នៃសាច់រឿង។

៤. សារៈសំខាន់នៃហិរញ្ញវត្ថុ (លុយ)៖ គំរោងដែលចំណាយរាប់ពាន់លានដុល្លារ និងអង្គុយរង់ចាំជំនួយពីរដ្ឋាភិបាល និងកិច្ចសហប្រតិបត្តិការពីវិស័យឯកជន ពិតជាពិបាកឲ្យយើងរំពឹងថា នឹងទៅឲ្យលឿនតាមការចង់បានណាស់។ ជាក់ស្តែងក្នុងខ្សែភាពយន្តនេះ បេសកកម្មបាញ់យានដឹកទំនិញទៅកាន់នាវាអវកាសភពអង្គារ គឺត្រូវបានបរាជ័យម្តង ដែលនាំឲ្យ NASA ខាតបង់ប្រាក់រាប់លានដុល្លារ ហើយចុងក្រោយដោយសារតែស្ថានការណ៍បន្ទាន់នោះ ទើប NASA សម្រេចចិត្តស្នើសុំកិច្ចសហប្រតិបត្តិការជាមួយទីភ្នាកងារអវកាសចិន ដើម្បីរៀបចំបាញ់យានដឹកទំនិញជាថ្មី។

ចំណុចនេះពិតជាចង់បង្ហាញថា ការអភិវឌ្ឍបេសកកម្មអវកាស នឹងកាន់តែលឿន និងប្រកបដោយប្រសិទ្ធភាពថែមទៀត ប្រសិនបើទីភ្នាក់ងារអវកាស នៃមហាអំណាចធំៗលើលោក បើកទូលាយធ្វើការសហការគ្នា ឲ្យបានច្រើនតាមដែលអាចធ្វើទៅរួច នោះទើបការអភិវឌ្ឍវិស័យស្រាវជ្រាវអវកាស កាន់តែអភិវឌ្ឍន៍ក្នុងល្បឿនលឿន ដើម្បីបន្តអនាគតមនុស្សលោកប្រកបដោយសុខសន្តិភាពរវាងគ្នា។

៥. តម្លៃនៃការតស៊ូ ព្យាយាម និងលះបង់៖ តម្លៃរបស់តួអង្គ Mark ពិតជាស្តែងចេញយ៉ាងច្បាស់នៅពេលបញ្ចប់នៃសាច់រឿង។ លោកសម្រេចបានការដាំដុះដំណាំលើផ្ទៃភពអង្គារ ដ៏សែនពុល ដែលមនុស្សគ្រប់គ្នាស្រមៃចង់ឃើញ។

លោកចេះប្រើវិធីសាស្ត្រឆ្លាតវាងវៃ ដើម្បីទាក់ទងមកកាន់ភពផែនដី ទាំងដែលការឲ្យសញ្ញានីមួយៗ ត្រូវបើពេលកន្លះម៉ោងឯណោះ ទើបអាចឲ្យភាគីមួយទៀតដឹងថា ខ្លួនចង់បានអ្វី ដែលមិនមែនដូចជាបញ្ចូនសំឡេង ឬសារវីដេអូដោយសេរី និងងាយៗដូចនៅលើផែនដីនោះឡើយ។ ជាចុងក្រោយ The Martian ចង់បង្ហាញប្រាប់ពិភពលោកថា បេសកកម្មទៅភពអង្គារ ពិតជាអាចទៅរួចនៅថ្ងៃអនាគត៕

