កុំទាន់ភ័យអី! អាចម៍ផ្កាយទំហំយក្សមួយ «នឹងហោះមកកៀកផែនដីបំផុត នៅឆ្នាំ២០៩៣» ដែលមានប្រវែង…
(អាមេរិក)៖ សូមបងប្អូនកុំទាន់អាលភ័យធ្វើអ្វី ព្រោះវានឹងគ្រាន់តែមកលេងកៀកៗយើងប៉ុណ្ណោះ នៅឆ្នាំ២០៩៣ ដែលស្មើនឹង ៧៥ឆ្នាំទៀត ហើយវាមានទំហំមុខកាត់ស្មើនឹង ១០.៣គីឡូម៉ែត្រ ប៉ុនអាចម៍ផ្កាយដែលបានបំផ្លាញជំនាន់ដាយណូស័រ កាលពី ៦៥លានឆ្នាំមុននោះដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានអវកាស Space នាល្ងាចថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០១៧។

បើតាមការអង្កេតមើលរបស់ ក្រុមឃ្លាំមើលវត្ថុអវកាសនៃអង្គការ NASA អាចម៍ផ្កាយដែលមានឈ្មោះ 3200 Phaethon នឹងមកកៀកផែនដីបំផុតក្នុងរយៈចម្ងាយ ស្មើនឹងរវាងព្រះច័ន្ទ និងផែនដី គុណ ២៧ (៣៨៤,៤០០គីឡូម៉ែត្រ X ២៧)។ បើគិតពីចម្ងាយនេះ គឺជាង ១០លានគីឡូម៉ែត្រទៅហើយ ប៉ុន្តែអ្នកវិទ្យាសាស្ត្របានចាត់ទុកថា វាចម្ងាយដ៏កៀកបំផុតមួយ ចំពោះវត្ថុអវកាសធំខ្លាំង (អាចម៍ផ្កាយ) ដែលហោះមកកៀកភពផែនដីបែបនេះ ប៉ុន្តែវានឹងមិនបង្កការគំរាមកំហែងអ្វីឡើយ។

បើតាមរូបភាពព្រាលៗដែលអង្គការ NASA ថតបានដោយប្រើតេឡេស្កូប នៃមន្ទីរពិសោធន៍ Arecibo នៅលើផែនដីនោះ 3200 Phaethon មានសណ្ឋានបែបជ្រលងតូចៗ ដែលយ៉ាងហោចណាស់មួយចំនួនមានជម្រៅរាប់រយម៉ែត្រ ស្ថិតនៅជិតតំបន់ភាគកណ្តាល ឬអេក្វាទ័ររបស់វា ព្រោះដោយសារតែតំបន់នោះមើលទៅ មានសភាពងងឹតៗ។ សម្រាប់ពេលកំណត់ដែលវានឹងមកកៀកផែនដីនោះ គឺនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០៩៣។

គួរបញ្ជាក់ថា ឧបករណ៍រ៉ាដានៃមន្ទីរពិសោធន៍ Arecibo បានទទួលរងការវាយប្រហារយ៉ាងដំណំដោយសារតែព្យុះកំណាចហឺរីខិន Maria ដែលបានវាយប្រហារកោះ Puerto Rico របស់សហរដ្ឋអាមេរិកស្ថិតនៅក្នុងសមុទ្រការីបៀន កាលពីខែមុន។ Arecibo ជាក្រុមការងារដ៏មានតម្លៃតំបន់នៅក្នុងការស្រាវជ្រាវទីអវកាសក្បែរផែនដី ដើម្បីស្វែងរកវត្ថុដែលអាចគំរាមកំហែងភពផែនដី និងរកវិធីការពារផងដែរ៕

