តោះ! មកស្វែងយល់ពេលវេលាអវកាស Space Time និងទំនាក់ទំនងរវាងប្រហោងខ្មៅ និងល្បឿនពន្លឺ…
(ភ្នំពេញ)៖ មានការបកស្រាយជាច្រើន ដែលស្រដៀងៗគ្នាចំពោះ Space Time ឬពេលវេលាអវកាស ជាមួយនិងការធ្វើដំណើរដល់កម្រិតល្បឿនពន្លឺ នឹងធ្វើឲ្យពេលវេលាដើរយឺតជាងមុន ហើយការធ្វើដំណើរទៅជិតប្រហោងខ្មៅ ធ្វើឲ្យយើងចូលទៅក្នុងតំបន់ផ្សេងមួយទៀត ដែលដាច់ការទាក់ទងនឹងទីអវកាស ក៏ព្រោះតែការបែងចែកពេលវេលាជាពីរតំបន់ផ្សេងគ្នា។ ដូច្នេះសូមធ្វើការស្វែងយល់ចំណុចសំខាន់ៗ ២ ដូចខាងក្រោមនេះ៖

១. កម្លាំងទំនាញ និងទំនាក់ទំនងជាមួយពេលវេលាអវកាស ឬ Space Time៖ កម្លាំងទំនាញ (Gravity) គឺជាកម្លាំងដែលធ្វើឲ្យវត្ថុពីរ បញ្ចេញសកម្មភាពរវាងគ្នានៅទីអវកាស ឧទាហរណ៍៖ ផែនដី និងព្រះច័ន្ទ ធ្វើគោចរទៅវិញទៅមក ដោយសារតែឥទ្ធិពល នៃកម្លាំងទំនាញផែនដីខ្លាំង ដែលអាចរក្សាព្រះច័ន្ទ ឲ្យស្ថិតនៅក្នុងគន្លងនឹងនរដូចរាល់ថ្ងៃនេះ មិនងាករេទៅណាឡើយ។

ប៉ុន្តែបើយើងធ្វើដំណើរក្នុងនាវាអវកាសមួយ ទៅកាន់ភពផ្កាយផ្សេង នោះយើងនឹងអាចគេចផុតពីពិភពទំនាញ ឬកម្លាំងទំនាញពីខាងក្រៅ ហើយយើងនឹងកែប្រែបរិស្ថានរស់នៅក្នុងយាននោះ ឲ្យក្លាយទៅជាពិភពលោកថ្មី ដែលស្រដៀងទៅនឹងការស្ថិតនៅតំបន់ក្បែរប្រហោងខ្មៅ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា មនុស្សនៅលើយានអាចទទួលបានបរិស្ថានបែបនេះបាន គឺត្រូវការការធ្វើដំណើរក្បែរកម្រិតល្បឿនពន្លឺ (៣០០,០០០គីឡូម៉ែត្រ ក្នុងមួយវិនាទី)។

ឧទាហរណ៍បន្ថែម៖ យើងធ្វើដំណើរទៅប្រព័ន្ធផ្កាយ Alpha Centauri ដែលមានចម្ងាយ ៤.៤ឆ្នាំពន្លឺពីយើង ដោយល្បឿនក្បែរល្បឿនពន្លឺពន្លឺជិះទៅនោះ យ៉ាងហោចណាស់ក៏ត្រូវប្រើពេលពី ០៥ឆ្នាំ ទៅ ០៦ឆ្នាំផងដែរ។ ប៉ុន្តែរយៈពេលនេះ គឺសម្រាប់តែមនុស្សនៅលើផែនដី ដែលទន្ទឹងរង់ចាំប៉ុណ្ណោះ ប៉ុន្តែសម្រាប់យានអវកាស ដែលបង្កើតឡើងសម្រាប់ជាម៉ាស៊ីននៃពេលវេលានោះ មនុស្សជិះនៅលើនោះផ្ទាល់ អាចចំណាយពេលត្រឹមតែ ៤៥ ទៅ ៥០ថ្ងៃតែប៉ុណ្ណោះ។ នេះជាបាតុភូត Space Time និងការធ្វើដំណើរកៀកល្បឿនពន្លឺ ដែលអ្នកវិទ្យាសាស្ត្រជឿជាក់។

២. ការធ្វើដំណើរក្បែរប្រហោងខ្មៅ ធ្វើឲ្យពេលវេលាយឺតជាងទីអវកាសធម្មតា៖ តំបន់កៀកប្រហោងខ្មៅ ដែលរងឥទ្ធិពលនៃកម្លាំងទំនាញរបស់ប្រហោងខ្មៅនោះ ត្រូវបានអ្នកវិទ្យាសាស្ត្រអះអាងថា ជាកន្លែងបែងចែកទីអវកាស ជាពីរតំបន់ផ្សេងគ្នា។ តំបន់ទីអវកាសធម្មតា យើងអាចលើកយកឧទាហរណ៍ផែនដីមកបកស្រាយបាន។ ឧទាហរណ៍នៅលើផែនដីយើងមានពេលវេលាដើរធម្មតា គឺមួយថ្ងៃ ២៤ម៉ោង ហើយបើយើងអាចទៅជិតប្រហោងខ្មៅ មួយថ្ងៃក៏អាចកំណត់ឲ្យមាន ២៤ម៉ោងដែរ ប៉ុន្តែគឺពេលវេលាជាក់ស្តែង មានគម្លាតខុសឆ្ងាយគ្នា ទៅតាមកម្រិតនៃកម្លាំងទំនាញដ៏អស្ចារ្យ នៃប្រហោងខ្មៅ។

ចំណុចដែលងាយយល់គឺ បើយើងនៅជិតប្រហោងខ្មៅមួយម៉ោង វាស្មើនឹងពេលវេលានៅផែនដីចំនួន ១ឆ្នាំ ឬ ៣ឆ្នាំ ទៅតាមកម្លាំង ឬទំហំនៃប្រហោងខ្មៅ ដែលយើងស្ថិតនៅក្បែរ។ ដូច្នេះបើយើងរងឥទ្ធិពលនៃតំបន់ជុំវិញប្រហោងខ្មៅចំនួន ៣ម៉ោង ហើយបញ្ជាយានអាចចាកចេញពីឥទ្ធិពលប្រហោងខ្មៅនោះ ហើយវិលមកកាន់ទីអវកាសធម្មតាវិញ នោះអ្នកនៅលើផែនដីនឹងឆ្លងកាត់ពេលវេលាទៅមុនយើង ០៩ឆ្នាំ។ បើអ្នកមានអាយុ ២០ឆ្នាំ ហើយចូលតំបន់ប្រហោងខ្មៅ នៅពេលដែលប្អូនប្រុសអ្នកមានអាយុ ១៨ឆ្នាំ លើផែនដីនោះ ០៣ម៉ោង ដែលអ្នកបានចំណាយក្នុងតំបន់ប្រហោងខ្មៅហើយចេញមកវិញ ប្អូនអ្នកនឹងក្លាយជាបងរបស់អ្នកវិញ ដោយមានអាយុ ២៧ឆ្នាំ។

សូមបញ្ជាក់ថា នេះជាការយល់ឃើញដ៏ស្តួចស្តើង ពីខ្ញុំតែប៉ុណ្ណោះ ក៏ព្រោះតែបងប្អូនជាច្រើនបានសួរទាំងក្នុង comments និង inbox chats ហើយនេះ គឺជាអ្វីដែលខ្ញុំអាចឆ្លើយបាន និងសម្រួលជាមួយឧទាហរ៍សម្រាយងាយយល់ ប៉ុន្តែចម្លើយទាំងអស់គឺជាការដកស្រង់ទាំងស្រុង ពីការលើកឡើងរបស់ក្រុមអ្នកវិទ្យាសាស្ត្រនានាកន្លងមក។ បើសិនជាបងប្អូនដែលមានចំណេះដឹងជាងខ្ញុំ អាចមានការបកស្រាយដែលល្អ និងត្រឹមត្រូវជាងនេះ បងប្អូនអាចធ្វើការបកស្រាយបាន យើងខ្ញុំរង់ចាំទទួលដោយរីករាយ៕
