ក្រុមហ៊ុន SpaceX ទើបបាញ់បង្ហោះផ្កាយរណបអាមេរិក «Zuma» ដើម្បីបម្រើវិស័យយោធាសម្ងាត់…
(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនអវកាស SpaceX នាថ្ងៃអាទិត្យបានធ្វើការបាញ់បង្ហោះ បេសកកម្មសម្ងាត់មួយទៅកាន់លំហអាកាស ឲ្យរដ្ឋាភិបាលអាមេរិក ដោយគេដឹងត្រឹមថា មានឈ្មោះ Zuma។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី០៨ ខែមករា ឆ្នាំ២០១៨។

វត្ថុសម្ងាត់ខាងលើ ត្រូវបានបញ្ជូនទៅកាន់ទីអវកាស តាមរយៈគ្រាប់រ៉ុក្កែត Falcon 9 ចេញពីស្ថានីយទ័ពអាកាសអាមេរិក Cape Canaveral ដែលស្ថិតក្នុងរដ្ឋផ្លូរីដា។ ក្រុមហ៊ុនបច្ចេកវិទ្យាអវកាស-ការពារជាតិអាមេរិក Northrop Grumman បានទទួលស្គាល់ថាខ្លួនបានរៀបចំការបាញ់បង្ហោះនេះ ដោយជួសមុខឲ្យរដ្ឋាភិបាលអាមេរិក និងបានអះអាងថាវានឹងត្រូវបញ្ជូនទៅកាន់គន្លងគោចរ កម្រិតទាបរបស់ផែនដី។

យ៉ាងណាមិញ ព័ត៌មានគឺមានតិចតួចបំផុត ទាក់ទងនឹងចេតនានៃបេសកកម្ម Zuma ខណៈមកទល់ពេលនេះ ពុំមានទីភ្នាក់ងារអាមេរិកណាមួយ បានមកចេញមុខអះអាងថា មានជាក់ពាក់ព័ន្ធនឹងបេសកកម្មនេះឡើយ។

គួរជម្រាបថា ក្រុមហ៊ុន SpaceX ធ្លាប់បានបាញ់បង្ហោះបេសកកម្មសម្ងាត់ចំនួន ០២ លើករួចមកហើយ ឲ្យរដ្ឋាភិបាលអាមេរិកក្នុងអំឡុងឆ្នាំ២០១៧ កន្លងទៅនេះ។ ដោយកាលពីខែឧសភា ផ្កាយរណបស៊ើបការណ៍ NROL-76 ដែលជាកម្មសិទ្ធិរបស់ការិយាល័យស៊ើបការណ៍សម្ងាត់ជាតិ ត្រូវបានបាញ់បង្ហោះ រីឯមួយទឿតគឺជាយន្តហោះអវកាស គ្មានមនុស្សបើកបរ X-37B របស់កងទ័ពអាកាសអាមេរិក ដែលបានប្រព្រឹត្តទៅកាលពីខែកញ្ញា៕

