Oops! ផ្កាយរណបសម្ងាត់អាមេរិក «Zuma ដែល SpaceX ទើបបាញ់បង្ហោះ» ទំនងជាធ្លាក់ក្នុងសមុទ្របាត់ហើយ…
(វ៉ាស៊ីនតោន)៖ ផ្កាយរណបស៊ើបការណ៍ដ៏សម្ងាត់បំផុតមួយ របស់សហរដ្ឋអាមេរិក ដែលត្រូវបានបាញ់បង្ហោះ នៅលើគ្រាប់រ៉ុក្កែតរបស់ក្រុមហ៊ុនអវកាស SpaceX នោះ ពុំបានទៅដល់គោលដៅ ដូចការគ្រោងទុកនោះឡើយ។ នេះបើតាមសេចក្តីរាយការណ៍នៃប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអាមេរិក ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០១៨។

បើតាមសារព័ត៌មានអាមេរិក Time ដែលបានទទួលបានប្រភពព័ត៌មានពីមន្រ្តីរដ្ឋាភិបាលចំនួន ០២រូប បានឲ្យដឹងថា ផ្កាយរណបដ៏អាថ៌កំបាំង Zuma ដែលផលិតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិ និងអវកាសអាមេរិក Northrop Grumman បានទទួលបរាជ័យក្នុងការផ្តាច់ខ្លួន ចេញពីរ៉ុក្កែត Falcon 9 ហើយត្រូវបានគេសន្មត់ថា បែកខ្ញែកខ្ទេចខ្ទី ឬក៏បានធ្លាក់ចូលទៅក្នុងផ្ទៃសមុទ្របាត់ទៅហើយ។

គួរជម្រាបថា ផ្កាយរណប Zuma ត្រូវបានបាញ់បង្ហោះតាមរយៈរ៉ុក្កែត Falcon 9 ចេញពីមូលដ្ឋាន Cape Canaveral របស់កងទ័ពអាកាសអាមេរិក ដែលស្ថិតក្នុងរដ្ឋផ្លូរីដា កាលពីល្ងាចថ្ងៃអាទិត្យកន្លងទៅ (ពេលវេលានៅភាគអាគ្នេយ៍អាមេរិក) ហើយពុំមាននរណាបានដឹងច្បាស់ ពីចេតនាពិតនៃបេសកកម្មអាថ៌កំបាំងនេះទេ ខណៈដែលពុំមានទីភ្នាក់ងារដ្ឋាភិបាលអាមេរិកណាមួយ ចេញមុខថាមានជាក់ពាក់ព័ន្ធនឹងខ្លួននៅឡើយដែរ។

ដោយឡែក នាពេលកន្លងទៅ ក្រុមហ៊ុន SpaceX ក៏ធ្លាប់បានបាញ់បង្ហោះបេសកកម្មសម្ងាត់ចំនួន ០២លើក រួចមកហើយឲ្យរដ្ឋាភិបាលអាមេរិកផងដែរ កាលពីឆ្នាំ២០១៧។ ដោយកាលពីខែឧសភា ផ្កាយរណបស៊ើបការណ៍ NROL-76 ដែលជាកម្មសិទ្ធិរបស់ការិយាល័យស៊ើបការណ៍សម្ងាត់ជាតិ ត្រូវបានបាញ់បង្ហោះ រីឯមួយទឿតគឺជាយន្តហោះអវកាស គ្មានមនុស្សបើកបរ X-37B របស់កងទ័ពអាកាសអាមេរិក ដែលបានប្រព្រឹត្តទៅកាលពីខែកញ្ញា៕

