ចាប់ផ្តើមមានការសង្ស័យផ្ទុះឡើង ជុំវិញការបាញ់ផ្កាយរណបសម្ងាត់បរាជ័យ ដោយ SpaceX!
(អាមេរិក)៖ ផ្កាយរណបសម្ងាត់ ដែលគេដឹងឈ្មោះហៅក្រៅត្រឹមតែ Zuma នោះត្រូវបានគេសង្ស័យថា បានបាញ់ខ្លួនដ៏អាថ៌កំបាំង ឬអាចបរាជ័យក្រោយការបាញ់បង្ហោះ ប៉ុន្តែទោះបីជាបែបនេះក្តី វានៅតែជាចម្ងល់សម្រាប់គ្រប់គ្នា ព្រោះស្ថានប័នពាក់ព័ន្ធរបស់អាមេរិក មិនដែលបានអះអាងថា វាជាផ្ការណបសម្រាប់ចាប់សញ្ញាបាញ់មីស៊ីល, ស៊ើបការណ៍ប្រទេសដទៃ ឬក៏ចាប់នាវាខុសច្បាប់នៅសមុទ្រនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ NDTV នាល្ងាចថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០១៨។

សម្រាប់ព័ត៌មានដែលថាវាបរាជ័យនោះ គឺជាពាក្យចចាមអារ៉ាម ប៉ុន្តែយោងទៅលើអាកប្បកិរិយានៃក្រុមហ៊ុន SpaceX ក្រោយការបាញ់បង្ហោះប៉ុន្មានម៉ោងកាលពីល្ងាចថ្ងៃអាទិត្យសប្តាហ៍មុន គឺខ្លួនបានកាត់ផ្តាច់ការផ្សាយបន្តផ្ទាល់តាមប្រព័ន្ធ Webcast ដើម្បីបិទបាំងរាល់ព័ត៌មាននានា ពាក់ព័ន្ធនឹងប្រតិបត្តិការ Zuma ហេតុដូច្នេះហើយ ទើបគ្រប់គ្នាសង្ស័យថា វាបានបរាជ័យ ប៉ុន្តែទោះបីជាបែបនោះក្តីយើងនៅតែមិនដឹងថា តើផ្កាយរណប Zuma ពេលនេះស្ថិតនៅទីណា និងមានគោលដៅអ្វីឲ្យប្រាកដនោះដែរ។

ក្រោយលេចលឺពាក្យចចាមអារ៉ាមខាងលើនេះ SpaceX ក៏បានចេញមុខមកបន្សាបផងដែរ ដោយអះអាងថា គ្រាប់រ៉ុក្កែត Falcon 9 ដែលខ្លួនបានប្រើប្រាស់ដើម្បីបាញ់ផ្កាយរណប Zuma គឺបានធ្វើប្រតិបត្តិការជាធម្មតា មិនមានជួបភាពបរាជ័យអ្វីនោះទេ។ ប្រធានក្រុមហ៊ុន SpaceX លោក Gwynne Shotwell បានចេញសេចក្តីថ្លែងការណ៍ផ្ទាល់មាត់ ដោយប្រើសម្តីច្បាស់ៗយ៉ាងដូច្នេះថា «ដើម្បីឲ្យច្បាស់! បន្ទាប់ពីការពិនិត្យឡើងវិញនូវទិន្នន័យនានា គឺ Falcon 9 បានដំណើរជាធម្មតាកាលពីយប់ថ្ងៃអាទិត្យ ហើយប្រសិនបើមានការរកឃើញអ្វីបន្ថែម ទៅលើការពិនិត្យឡើងវិញនោះ យើងនឹងធ្វើសេចក្តីរាយការណ៍ភ្លាម»។

គួរបញ្ជាក់ថា បើតាមព័ត៌មានអាមេរិក Time ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ក្រោយទទួលបានប្រភពព័ត៌មានពីមន្រ្តីរដ្ឋាភិបាលចំនួន ០២រូប បានឲ្យដឹងថា ផ្កាយរណបដ៏អាថ៌កំបាំង Zuma ដែលផលិតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិ និងអវកាសអាមេរិក Northrop Grumman បានទទួលបរាជ័យក្នុងការផ្តាច់ខ្លួន ចេញពីរ៉ុក្កែត Falcon 9 ហើយត្រូវបានគេសន្មត់ថា បែកខ្ញែកខ្ទេចខ្ទី ឬក៏បានធ្លាក់ចូលទៅក្នុងផ្ទៃសមុទ្របាត់ទៅហើយ។

ផ្កាយរណប Zuma ត្រូវបានបាញ់បង្ហោះតាមរយៈរ៉ុក្កែត Falcon 9 ចេញពីមូលដ្ឋាន Cape Canaveral របស់កងទ័ពអាកាសអាមេរិក ដែលស្ថិតក្នុងរដ្ឋផ្លូរីដា កាលពីល្ងាចថ្ងៃអាទិត្យកន្លងទៅ (ពេលវេលានៅភាគអាគ្នេយ៍អាមេរិក) ហើយពុំមាននរណាបានដឹងច្បាស់ ពីចេតនាពិតនៃបេសកកម្មអាថ៌កំបាំងនេះទេ ខណៈដែលពុំមានទីភ្នាក់ងារដ្ឋាភិបាលអាមេរិកណាមួយ ចេញមុខថាមានជាក់ពាក់ព័ន្ធនឹងខ្លួននៅឡើយដែរ៕

