បានត្រឹមតែដឹង! បន្ទុះនៃរលកសញ្ញាផ្ទួនៗគ្នា មកពីកាឡាក់ស៊ីដ៏សែនឆ្ងាយ អាចជាសញ្ញានៃអេលៀនឬ?
(អាមេរិក)៖ បន្ទុះនៃរលកវិទ្យុសញ្ញាជាប់ៗគ្នា ដែលពីកាឡាក់ស៊ីដ៏សែនឆ្ងាយមួយ ប្រហែលពុំមានជាសញ្ញាចេញពីមកអរិយធម៌របស់អេលៀនឡើយ ប៉ុន្តែវាមិនអាចរារាំងក្រុមអ្នកប្រមាញ់រុករកជីវិតក្រៅភព មិនឲ្យស៊ើបសង្កេតទៅបាតុភូមិចម្លែក និងគួរឲ្យចាប់អារម្មណ៍នេះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយអវកាស-វិទ្យាសាស្រ្ត Space.com នៅរសៀលថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០១៨។

កាលពីខែសីហាឆ្នាំ ក្រុមអ្នកវិទ្យាសាស្រ្តមួយក្រុមនៃកម្មវិធីមួយមានឈ្មោះថា Breakthrough Listen ជាមួនទុន ១០០លានដុល្លារ បានចាប់ផ្តើមធ្វើការតាមដានទៅលើវត្ថុមួយដែលគេឲ្យឈ្មោះថា FRB 121102។ វត្ថុនោះគឺជាឧទាហរណ៍មួយ នៃបន្ទុះវិទ្យុសញ្ញាល្បឿនលឿនហៅកាត់ថា FRB ដែលជាផ្លេកបន្ទោរដ៏ភ្លឺចែងចាំងអស្ចារ្យ នៃរលកវិទ្យុសកម្ម។
អ្នកវិទ្យាសាស្រ្ត មិនទាន់ដឹងច្បាស់នៅឡើយទេថា អ្វីទៅជាមូលហេតុដែលបង្កជា FRB ហើយវាគឺជាហេតុផល ដែលពួកគេមានចំណាប់អារម្មណ៍ខ្លាំងទៅលើ FRB 121102 បែបនេះ។ ខណៈ FRB ដ៏ទៃទៀត ដែលត្រូវបានឃ្លាំមើល សុទ្ធតែជាបន្ទុះតែម្តងគត់នៃរលកសញ្ញាវិទ្យុសកម្ម FRB មួយនេះ បានបញ្ចេញផ្លេកបន្ទោរដ៏ភ្លឺចែងចាំងម្តងហើយម្តងទៀតឥតឈប់។
បើតាមលោក Vishal Gajjar ដែលជាអ្នកវិទ្យាសាស្រ្តមួយរូបនៅក្នុងកម្មវីធី Breakthrough Listen រូបលោកបានគិតថា លទ្ធភាពសូម្បីតែបន្តិចបន្តួចក៏ដោយ គឺពុំអាចទៅរួចនោះឡើយដែលថា បាតុភូតខាងលើមានប្រភពមកពីជីវិតឆ្លាតវ័យក្រៅភព។ ក៏ប៉ុន្តែ លោក Gajjar បានបញ្ជាក់ថា កម្មវីធី Breakthrough Listen ក៏ចាប់អារម្មណ៍ ក្នុងការស្រាវជ្រាវទៅលើបាតុភូតនានា ដែលពុំទាន់អាចបកស្រាយបាន នៅក្នុងចក្រវាឡយើងផងដែរ ទោះបីជាបាតុភូតទាំងនោះ កើតឡើងដោយធម្មជាតិឯកឯងយ៉ាងណាក្តី។
គួរជម្រាបថា មូលហេតុចម្បងនៅពីក្រោយ ការយល់ឃើញបែបនេះរបស់ លោក Gajjar គឺថា វត្ថុនោះ ស្ថិតក្នុងកាឡាក់ស៊ីមួយនៅចម្ងាយប្រមាណ ០៣ពាន់លានឆ្នាំពន្លឺពីផែនដី។ អារិយធម៌មួយ ដែលព្យាយាមធ្វើការទាក់ទងទៅកាន់អារិយធម៌មួយទៀត ប្រហែលជាមិនចំណាយកម្លាំងឥតប្រយោជន៍ ដើម្បីបង្កើតសញ្ញាដ៏មានឥទ្ធិពលមួយឡើយ ដោយសារតែហេតុផលសាមញ្ញបំផុត គឺពេលវេលា ដែលវាត្រូវការដើម្បីទទួលបានការឆ្លើយតបទៅវិញនោះ គឺយូរខ្លាំងមែនទែន។ ឧទាហរណ៍ រលកសញ្ញាពី FRB 121102 បានចំណាយពេល ០៣ពាន់លានឆ្នាំ ដើម្បីមកដល់ផែនដីអរិយធម៌ដែលបានបញ្ជូនសារមួយនេះ ប្រហែលអាចផុតរលត់សាបសូន្យបាត់ទៅហើយ នៅពេលដែលខ្លួនអាចទទួលការសារឆ្លើយតបទៅវិញនោះ៕

