តើការកកើតនៃប្រហោងខ្មៅ «Black Hole» មានរបៀបផ្សេងទៀតឬ? ពេលនេះអ្នកវិទ្យាសាស្ត្រកំពុងវិលមុខ…
(វ៉ាស៊ីនតោន)៖ នៅពេលក្រឡេកមើលទៅកាន់ចក្រវាឡដ៏ផុតឆ្ងាយ និងសែនចំណាស់ យើងនឹងប្រទះឃើញ «Quasar» ជាពន្លឺដ៏ចែងចាំងបំផុតក្នុងលំហ ដែលទទួលថាមពលមកពីការស្រូបចូល នៃឧស្ម័នអវកាសទៅក្នុងប្រហោងខ្មៅយក្ស។ ក៏ប៉ុន្តែថា តើហេតុអ្វីបានជាប្រហោងខ្មៅ ដែលគេហៅថា Black Hole នោះ អាចមានលទ្ធភាពរីកមាឌយ៉ាងធំសម្បើមបែបនេះ នៅក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះនៃព្រឹត្តិការណ៍ Big Bang ដែលជាការចាប់កំណើតនៃចក្រវាឡនោះ?

ទ្រឹស្តីជាច្រើនបានកំណត់ថា ប្រហោងខ្មៅ គឺជាផលិតផលនៃការរលាយសាបសូន្យ នៃផ្កាយដ៏ចំណាស់ ដែលអស់ថាមពល។ ដូច្នេះហើយ វាដូចជាមិនសមទាល់តែសោះ ដែលយើងបានប្រទះឃើញ Black Hole ធំមហិមាបែបនេះនៅក្នុងចក្រវាឡ មានអាយុកាលនៅក្មេងខ្ចីនៅឡើយ។ វាកំពុងតែធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រមានមន្ទិល និងសង្ស័យថា ការសន្និដ្ឋានពីរបៀបកកើតនៃប្រហោងខ្មៅកន្លងមក គឺអាចនឹងខុស។

ប្រាកដណាស់ លុះត្រាតែវាមានវីធីផ្សេងទៀត ដែលប្រហោងខ្មៅអាចកកើតឡើងបាន ក៏ថាបានដែរ។ ជំនួសឲ្យការចាប់កំណើតពីដួងតារា ដែលមានអាយុកាលផុតរលត់ ថាតើគ្រាប់ពូជនៃប្រហោងខ្មៅចំណាស់ៗ និងគួរឲ្យខ្លាចទាំងនេះ ប្រហែលជាអាចផុសឡើងដោយផ្ទាល់ចេញពីពពកឧស្ម័នអវកាស នៅក្នុងដំណាក់កាលបូងនៃចក្រវាឡ ដែរឬអត់? តើវាអាចចាប់កំណើតបាន ដោយមិនបាច់មានការផ្ទុះ នៃផ្កាយដ៏ធំមហិមា ដែរ ឬទេ?

គួរជម្រាបថា ចម្លើយអាចនឹងត្រូវរកឃើញសម្រាប់ការងឿងឆ្ងល់នេះ។ កែវយឺតអវកាសជំនាន់ថ្មី James Webb ដែលត្រូវបានគេគ្រោងនឹងបាញ់បង្ហោះទីអវកាសនាឆ្នាំ២០១៩ ហើយនឹងមានសមត្ថភាពក្រឡេកមើលទៅអតីតកាលនៃ Spacetime បានកាន់តែជ្រៅឆ្ងាយ ជាងឧបករណ៍ទាំងឡាយកាលពីមុននោះ អាចនឹងរកឃើញពីភស្តុតាងជាក់ច្បាស់ ពីរបៀបកកើតរបស់ Black Hole ធំៗទាំងនោះ។

បញ្ជាក់៖ កន្លងមកក្រុមតារាវិទូ និងអ្នកវិទ្យាសាស្ត្រល្បីៗមួយចំនួន បានសន្និដ្ឋានថា ប្រហោងខ្មៅកើតចេញពី ការផ្ទុះនៃផ្កាយដ៏ធំមហិមា ដែលអាចមានទំហំចាប់ពីប៉ុនព្រះអាទិត្យ ៣ ទៅ ៤ដងឡើងទៅ។ ការរីកមាឌនៃប្រហោងខ្មៅនិមួយៗ គឺដោយសារតែវា ធ្វើចលនាស្រូបយកវត្ថុផ្សេងដែលនៅជុំវិញវា (ចលនាស្រូបកម្ទេច)។ Black Hole ឬប្រហោងខ្មៅ ត្រូវបានចាត់ទុកជាព្យុះកំណាចក្នុងកាឡាក់ស៊ី ហើយប្រហោងខ្មៅដែលធំបំផុត នៅក្នុងកាឡាក់ស៊ី Milky Way យើងនេះ គឺស្ថិតនៅចំកណ្តាលដើមទ្រូងកាឡាក់ស៊ីតែម្តង៕

ប្រភពព័ត៌មាន៖ Scientific American
