ចាំមើលរថយន្តទំនើប Tesla របស់ក្រុមហ៊ុន SpaceX ហោះសំដៅទៅព្រះភពអង្គារ ក្នុងលឿនមិនគួរឲ្យជឿ…!
(អាមេរិក)៖ រថយន្តទំនើបមួយគ្រឿង Tesla Roaster ផ្ទុកអវកាសយានិកជ័រ កំពុងតែអណ្តែតត្រសែតនៅទីអវកាស ក្រោយពីប្រធានក្រុមហ៊ុន SpaceX បានចំណាយវា ដើម្បីពិសោធន៍អំពីសមត្ថភាព នៃគ្រាប់រ៉ុក្កែតប្រភេទថ្មីរបស់ខ្លួន ដែលអាចដឹកនាំទម្ងន់បានរាប់សិបតោន រួមទាំងរថយន្តទំនើបផងដែរ។ នេះបើតាមការដកស្រង់រូបភាព ពីគេហទំព័រព័ត៌មានអាមេរិក នៅល្ងាចថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៨។

បើតាមអ្នកនាំពាក្យរបស់ SpaceX គិតម៉ោង ១០៖០០នាទីព្រឹកថ្ងៃសុក្រ ទី០៩ ខែកុម្ភៈ រថយន្ត Tesla នេះបានទៅដល់ចម្ងាយ ៧២៣,៨៩៦គីឡូម៉ែត្រ ពីភពផែនដី ហើយធ្វើដំណើរក្នុងល្បឿន ៣.៦១គីឡូម៉ែត្រក្នុងមួយវិនាទី សំដៅទៅកាន់ភពអង្គារ។ រថយន្តនេះនៅសល់ចម្ងាយជាង ២៣៧លានគីឡូម៉ែត្រទៀត ទើបទៅដល់ភពអង្គារ ដោយវានឹងអាចឈានទៅដល់ល្បឿនរហូតដល់ទៅ ២០គីឡូម៉ែត្រក្នុងមួយវិនាទី (លឿនជាង Voyager ២ដង)។

សម្រាប់ការហោះទៅកៀកនឹងភពអង្គារខ្លាំង គឺនឹងកើតឡើងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ដោយវានឹងស្ថិតនៅចម្ងាយតែជិត ១០០លានគីឡូម៉ែត្រប៉ុណ្ណោះពីភពអង្គារ។ វាមិនមែនសំដៅទៅតែភពអង្គារនោះទេ ដោយនៅពេលវេលាវាបញ្ចប់តួនាទីនៅគន្លងគោចរ នៃភពអង្គារទៅហើយនោះ វានឹងបន្តដំណើរទៅឆ្លងកាត់ខ្សែក្រវាត់អាចម៍ផ្កាយ ដែលស្ថិតនៅចន្លោះភពអង្គារ និងភពព្រហស្បតិ៍នោះថែមទៀត។

រំលឹកព័ត៌មាន៖ ក្រុមហ៊ុនអវកាសឯកជនអាមេរិក SpaceX បានបាញ់បង្ហោះគ្រាប់រ៉ុក្កែតដ៏ខ្លាំងជាងគេបង្អស់ ទៅកាន់លំហអាកាស ដោយនាំយករបស់ដែលនាំយកវត្ថុនឹកស្មានមិនដល់មួយ ទៅកាន់ទីនោះថែមទៀត។ គ្រាប់រ៉ុក្កែតទម្ងន់ធ្ងន់ Falcon Heavy បានហោះឡើងចាកចេញពីមជ្ឈមណ្ឌលអវកាស Kennedy នៃរដ្ឋផ្លូរីដា បាននាំយកវត្ថុម៉្យាងគ្រាន់សម្រាប់ជាការកម្សាន្តប៉ុណ្ណោះ គឺរថយន្ត Tesla Roadster ពណ៌ក្រហម ជាមួយអវកាសយានិកសិប្បនិម្មិត ដែលជិះនៅលើនោះ ខណៈរថយន្តនោះជាកម្មសិទ្ធិផ្ទាល់របស់ស្ថាបនិកក្រុមហ៊ុន SpaceX និង Tesla គឺមហាសេដ្ឋីលោក Elon Musk។

ក្រោយពីទៅដល់លំហអាកាសរ៉ុក្កែតជំនួយទាំងពីរគ្រាប់ ដែលនៅសងខាងរ៉ុក្កែតធំ បានវិលត្រឡប់មកចុះចតនៅផែនដី ដោយជោគជ័យតំណាលគ្នា ខណៈគ្រាប់រ៉ុក្កែតធំ បានព្យាយាមតម្រង់ទិសរថយន្ត Roadster ឲ្យទៅនៅគន្លងអវកាស ក្បែរភពអង្គារ (Mars)។

គួរជម្រាបថា Falcon Heavy មានសមត្ថភាពនាំយកវត្ថុទម្ងន់ ៦៣,៥០០គីឡូក្រាម ទៅកាន់គន្លងកម្រិតទាបរបស់ភពផែនដី ដែលប្រការនេះធ្វើឲ្យវាគឺជាគ្រាប់រ៉ុក្កែត ដែលមានសមត្ថភាពខ្លាំងជាងគេបំផុតលើកលោក ជាពិសេសសម្រាប់ការបាញ់បង្ហោះផ្កាយរណបធំៗ ព្រមទាំងស្ថានីយអវកាសនាពេលអនាគត ទៅកាន់ទីអវកាស។ ខណៈការធ្វើតេស្តនាសប្តាហ៍នេះរបស់វា គឺជាការស្ទាបស្ទង់មើលក៏ដូចជាការបង្ហាញពី សមត្ថភាពរបស់គ្រាប់រ៉ុក្កែតនេះ៕
