តើរថយន្ត Tesla របស់ម្ចាស់ SpaceX ហោះទៅដល់ណាហើយ? មានការសង្ស័យថា វាហោះខុសគន្លង…
(អាមេរិក)៖ វាមិនមែនជារឿងធម្មតា និងជាលើកទី ១ ផងដែរ សម្រាប់ការបាញ់បង្ហោះរថយន្តទំនើបពិតៗ ពីផែនដី ឡើងទៅទីអវកាសបែបនេះ ប៉ុន្តែអ្វីដែលគ្រប់គ្នាកំពុងអន្ទះសារនោះគឺថា តើរថយន្ត Tesla Roadster របស់ម្ចាស់ក្រុមហ៊ុន SpaceX ធ្វើដំណើរទៅដល់ទីណាហើយ? តើវាពិតជាបានបរាជ័យ ដោយហោះខុសគន្លងគោលដៅ ដូចពាក្យចចាមអារ៉ាមមែនឬ? នេះបើតាមការចេញផ្សាយដោយ Cnet.com នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨។

ជុំវិញបញ្ហានេះដែរ លោក Ben Pearson ត្រូវបានស្រង់សម្តីកាលពីថ្ងៃទី១៦ ខែកុម្ភៈ កន្លងទៅនេះថា «ខ្ញុំអាចស្មានដឹងថា យើងកំពុងមានអារម្មណ៍ ដូចកាលជំនាន់បាញ់បង្ហោះ Apollo ទៅឋានព្រះច័ន្ទ»។ អ្នកគ្រប់គ្រងបេសកកម្មអង្កេតរថយន្ត Tesla របស់ក្រុមហ៊ុន SpaceX រូបនេះ ក៏បានធ្វើការបកស្រាយបន្ថែមទៀតផងដែរ ដើម្បីទម្លាយចម្ងល់ និងលុបពាក្យចចាមអារ៉ាមនានា នៅតាមប្រព័ន្ធ Online។

តាមពិតទៅ ក្រុមការងាររបស់ SpaceX កំពុងតែធ្វើការងារជាប់ជានិច្ច ជាមួយនឹងមន្ទីរពិសោធន៍ និងអង្កេតវត្ថុអវកាស JPLH របស់អង្គការ NASA ដើម្បីតាមដានថា រថយន្ត Tesla នោះវាស្ថិតនៅចំណុចណា នៃរយៈចម្ងាយរវាងផែនដី និងភពអង្គារ។ អ្វីដែលគួរឲ្យរីករាយនោះគឺ គិតចាប់តាំងពីរូបភាពចុងក្រោយ ដែលកាមេរ៉ាលើរថយន្ត Tesla ថតខ្លួនឯងមកកាន់ផែនដីនោះ គឺចម្ងាយប្រមាណជា ៣៦,០០០ម៉ៃល៍ ប៉ុន្តែបច្ចុប្បន្ននេះ គឺរថយន្ត Tesla Roadster ទៅដល់រយៈចម្ងាយលើសនេះ ៥៥០ដងឯណោះ។

ទោះបីជាបានដឹងចម្ងាយរបស់វាជាក់លាក់ក៏ដោយ ក៏ SpaceX នឹងសហការជាមួយមន្ទីរអង្កេតរបស់ NASA JPLH បន្តទៀតដែរ ដើម្បីបានដឹងថា តើ Tesla មានទីតាំងស្ថិតនៅត្រង់ណាឲ្យប្រាកដ ដែលវាប្រាកដណាស់ថា យើងត្រូវការទិន្នន័យរបស់ JPLH ជាសំខាន់ ដើម្បីជួយឲ្យការងារប្រព្រឹត្តទៅជោគជ័យ។ គោលដៅដំបូងរបស់ Tesla គឺទៅឲ្យដល់គោចររបស់ភពព្រះអង្គារ នៅអំឡុងខែកក្កដា ឆ្នាំ២០១៨។

គួរបញ្ជាក់ថា គ្រាន់តែសំនួរថា តើរថយន្ត Tesla ស្ថិតនៅទីណា? មួយសំនួរនេះតែប៉ុណ្ណោះ មានអ្នកចុចចូលទស្សនារហូតដល់ទៅ ៥០០,០០០នាក់ទៅហើយ ដែលវាពិតជារឿងដែលកំពុងក្តៅគគុក និងទាក់ទាញចំណាប់អារម្មណ៍មនុស្សទូទាំងពិភពលោកយ៉ាងពិតប្រាកដ។ ដូច្នេះហើយវាត្រូវបានចាត់ទុកថា ជាការបាញ់បង្ហោះវត្ថុដែលត្រូវបានផលិតនៅលើផែនដី ទៅកាន់ទីអវកាស ដ៏គួរឲ្យចាប់អារម្មណ៍បំផុត ក្នុងមួយជីវិតមនុស្សលោកយើងនេះ។

ចំណុចពិសេស៖ ក្រុមហ៊ុនអវកាសឯកជនអាមេរិក SpaceX បានបាញ់បង្ហោះគ្រាប់រ៉ុក្កែតដ៏ខ្លាំងជាងគេបង្អស់ ទៅកាន់លំហអាកាស ដោយនាំយករបស់ដែលនាំយកវត្ថុនឹកស្មានមិនដល់មួយ ទៅកាន់ទីនោះថែមទៀត។ គ្រាប់រ៉ុក្កែតទម្ងន់ធ្ងន់ Falcon Heavy បានហោះឡើងចាកចេញពីមជ្ឈមណ្ឌលអវកាស Kennedy នៃរដ្ឋផ្លូរីដា បាននាំយកវត្ថុម៉្យាងគ្រាន់សម្រាប់ជាការកម្សាន្តប៉ុណ្ណោះ គឺរថយន្ត Tesla Roadster ពណ៌ក្រហម ជាមួយអវកាសយានិកសិប្បនិម្មិត ដែលជិះនៅលើនោះ ខណៈរថយន្តនោះជាកម្មសិទ្ធិផ្ទាល់របស់ស្ថាបនិកក្រុមហ៊ុន SpaceX និង Tesla គឺមហាសេដ្ឋីលោក Elon Musk។

Falcon Heavy មានសមត្ថភាពនាំយកវត្ថុទម្ងន់ ៦៣,៥០០គីឡូក្រាម ទៅកាន់គន្លងកម្រិតទាបរបស់ភពផែនដី ដែលប្រការនេះធ្វើឲ្យវាគឺជាគ្រាប់រ៉ុក្កែត ដែលមានសមត្ថភាពខ្លាំងជាងគេបំផុតលើកលោក ជាពិសេសសម្រាប់ការបាញ់បង្ហោះផ្កាយរណបធំៗ ព្រមទាំងស្ថានីយអវកាសនាពេលអនាគត ទៅកាន់ទីអវកាស។ ខណៈការធ្វើតេស្តនាសប្តាហ៍នេះរបស់វា គឺជាការស្ទាបស្ទង់មើលក៏ដូចជាការបង្ហាញពី សមត្ថភាពរបស់គ្រាប់រ៉ុក្កែតនេះ៕
