អស្ចារ្យ! យានរុករក Mars Rover ផលិតសម្រាប់បេសកកម្ម ៩០ថ្ងៃ តែពេលនេះ ៥,០០០ថ្ងៃ ហើយនៅតែមិនទាន់ខូច…
(អាមេរិក)៖ យានរុករកដំបូងរបស់អង្គការ NASA គឺ Mars Rover ដែលបានចុះចតនៅលើភពក្រហមនោះកាលពីឆ្នាំ២០០៤ តាមពិតទៅត្រូវបានផលិតឡើង ដើម្បីតែការបំពេញប្រតិបត្តិការរយៈពេល ៩០ថ្ងៃប៉ុណ្ណោះ តែពេលនេះរយៈពេល ៥,០០០ថ្ងៃ ទៅហើយនៅតែអាចដំណើរការជាធម្មតា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ យាន Mars Rover បានធ្វើការថតដុំថ្មរាងឆ្នូតៗ ដែលស្ថិតនៅលើផ្ទៃភពព្រះអង្គារ ដែលវាត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអះអាងថា ជាដាមនៃទឹក ដែលធ្លាប់មានវត្តមាននៅលើភពនេះ កាលពីមិនទាន់បាត់បង់បរិយាកាស ឬក៏អាចមានជីវិតក្នុងទម្រង់ណាមួយផង ក៏ថាបានដែរ។

បន្ថែមពីនេះទៀត បើតាមទិន្នន័យពីអង្គការ NASA Mars Rover ក៏បានថតទីវាលនៅជម្រាលភ្នំ ដែលមានលក្ខណៈជារលក ដែលអាចត្រូវបានបង្កើតឡើងដោយខ្យល់បក់បោក មកជាមួយនូវធូលី និងសំណើម។ យាននេះត្រូវបានបង្កើតឡើងដើម្បីធ្វើការចុះចត និងស្រាវជ្រាវនៅតំបន់ Perseverance Valley ដែលស្ថិតនៅ ភាគខាងលិចនៃបឹង Endeavour Crater។

ការរកឃើញជាច្រើនខាងលើនេះ គឺកំពុងតែទាក់ទាញឲ្យក្រុមអ្នកគ្រប់គ្រង Mars Rover មានការចាប់អារម្មណ៍ និងបន្តធ្វើការសិក្សាបន្ថែម អំពីជ្រលងដងអូរនានា ដែលត្រូវបានថតដោយយានរុករកដ៏មានវ័យចំណាស់នេះ។ ជាក់ស្តែងថ្មចំលែកៗខាងលើនេះ ពិតជាពិបាកឲ្យគេនឹកស្មានដល់ អំពីរបៀបនៃការកកើតវាណាស់ ប៉ុន្តែអ្នកគ្រប់គ្រងកម្មវិធី Ray Arvidson ជឿជាក់ថា គេនឹងអាចទម្លាយអាថ៌កំបាំងពីវាបាន។

ចំណុចពិសេស៖ ភពអង្គារកាលពីរាប់ពាន់លានឆ្នាំមុន ប្រហែលជាអាចមានលក្ខណៈច្រើន ដូចជាភពផែនដីផងដែរ ដូចជាទឹកហូរនៅលើផ្ទៃភព និងបរិយាកាសដ៏ក្រាស់ ឬក៏អាចសូម្បីតែជីវិតនៅក្នុងទម្រង់ណាមួយផងដែរ។ អ្នកវិទ្យាសាស្ត្រជឿជាក់ថា ការប៉ះទង្គិចនឹងអាចម៍ផ្កាយ ឬវត្ថុអវកាសដ៏ធំមួយ ជាហេតុនាំឲ្យភពអង្គារ វិវឌ្ឍន៍ទៅរកសេចក្តីស្លាប់៕
