នាវាមុជចូលសមុទ្រព្រះច័ន្ទ Titan កំពុងត្រូវបានផលិតដោយ NASA! ស្វែងយល់ព័ត៌មានបន្ថែម
(អាមេរិក)៖ វាពិតជារឿងដែលរំភើបណាស់ ប្រសិនបើមនុស្សពិតជាអាចបាញ់នាវាមុជទឹកខ្នាតតូចមួយ ដើម្បីធ្វើដំណើររាប់រយលានគីឡូម៉ែត្រ សំដៅទៅចុះចតលើព្រះច័ន្ទទីតាន ដែលមានមហាសមុទ្រមេតានរាវ នៅលើផ្ទៃរបស់វានោះ ហើយគោលដៅតែមួយគត់នោះ គឺការសិក្សាអំពីបរិស្ថានក្នុងសមុទ្រ Titan និងបរិយាកាសដ៏ត្រជាក់របស់វា។ នេះបើតាមការដកស្រង់ការផ្សាយចេញពី Space.com នាល្ងាចថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។

ជាក់ស្តែងនាវាមុជទឹក ឬគ្រឿងយន្តរុករកក្នុងទឹក កំពុងស្ថិតនៅក្នុងការអភិវឌ្ឍនៅឡើយដោយក្រុមការងាររុករក Titan នៃអង្គការ NASA។ ក្រុមអ្នកស្រាវជ្រាវ នឹងធ្វើតេស្តនាវា នោះនៅក្នុងសមុទ្រសិប្បនិមិត្ត ដែលមានលក្ខណៈស្រដៀងនឹងសមុទ្ររបស់ទីតាន នៅក្នុងមន្ទីរពិសោធន៍របស់ NASA ផ្ទាល់តែម្តង ខណៈដែលទីតានត្រូវបានគេដឹងថា គឺជាទីឋានតែមួយគត់ នៅក្នុងប្រព័ន្ធព្រះអាទិត្យ បន្ទាប់ពីភពផែនដី ដែលមានវត្ថុរាវអណ្តែតនៅលើផ្ទៃស្រទាប់លើរបស់វា។

បើតាមទិន្នន័យ ដែលអង្គការ NASA និង ESA បានធ្វើការសិក្សានាពេលកន្លងមកនេះ សមុទ្ររបស់ Titan គឺខុសឆ្ងាយពីសមុទ្រនៅលើផ្ទៃផែនដី ប៉ុន្តែអ្វីដែលដូចគ្នានោះ គឺវាជាវត្ថុរាវ អាចបណ្តែតខ្លួនបានដូចគ្នា។ សមុទ្ររបស់ទីតាន ត្រូវបានផ្សំឡើងដោយ មេតាន និងអេតាន ដែលសីតុណ្ហភាពពិតជាត្រជាក់ខ្លាំងបំផុត រហូតដល់ទៅ -១៨៤ អង្សាសេឯណោះ។ នេះបើតាមទិន្នន័យពីគ្រឿងយន្ត Huygens របស់ទីភ្នាក់ងារអវកាសអឺរ៉ុប ESA ដែលភ្ជាប់ជាមួយយាន Cassini របស់ NASA ទៅចុះចតលើទីតាន កាលពីឆ្នាំ២០០៥។

គំរោងរបស់អង្គការ NASA គឺបញ្ជូននាវាមុជទឹកស្វយ័ត្រមួយ ទៅធ្វើការចុះចតចូលទៅក្នុងសមុទ្រធាតុមេតានរបស់ទីតាន ដែលធំបំផុតមានឈ្មោះថា Kraken Mare ដែលយកឈ្មោះតាមភាសាឡាទីន ដែលហៅសំដៅទៅរកសមុទ្រ។ សម្រាប់សមុទ្រខាងលើនេះ គឺគ្របដណ្តប់ ៤០០,០០០គីឡូម៉ែត្រក្រឡា នៃផ្ទៃរបស់ទីតាន ហើយសម្រាប់សមុទ្រធំទីពីររបស់វា គឺ Ligeia Mare ដែលមានទំហំតែ ១ ភាគ ៣ ប៉ុណ្ណោះ នៃទំហំរបស់មហាសមុទ្រ Kraken Mare។

គួរបញ្ជាក់ថា សំនួរធំមួយក៏នឹងត្រូវធ្វើការបកស្រាយផងដែរថា តើសមុទ្រមេតានរបស់ទីតាន មានទំនាក់ទំនងដូចម្តេច ចំពោះបរិយាកាសរបស់វា ដែលពោពេញទៅដោយ នីដ្រូសែន (អាសូត) រហូតដល់ទៅ ៩៨% នោះ? វាពិតជាមិនដូចនៅលើផែនដីនោះទេ ដោយសារធាតុអាសូតរបស់ទីតាន បានរំលាយចូលទៅក្នុងមហាសមុទ្រទាំងនោះ ដែលយើងអាចទទួលបាន ១៥ ទៅ ២០% នៃអាសូតដែលត្រូវបានរំលាយ ហើយវាជាពិតជាមានសារៈសំខាន់ណាស់ នៅក្នុងចលនាបម្រែបម្រួលបរិយាកាសរបស់ទីតាន។

ចំណុចសំខាន់៖ ក្រុមអ្នកស្រាវជ្រាវ នៃសាកលវិទ្យាល័យរដ្ឋវ៉ាស៊ីនតោន កំពុងសហការជាមួយទីភ្នាក់ងារអវកាសអាមេរិក NASA ដើម្បីរិះរកវិធី ដែលនឹងអាចឲ្យនាវាមុជទឹកមួយគ្រឿង ដំណើរការបាននៅលើព្រះច័ន្ទ Titan របស់ភពសៅរ៍ Saturn ខណៈដែល NASA មានបំណងបាញ់បញ្ជូននាវាមុជទឹកមួយគ្រឿង ទៅកាន់សមុទ្ររបស់ព្រះច័ន្ទនោះ នៅក្នុងពេល ២០ឆ្នាំទៀត ដើម្បីសិក្សាស្រាវជ្រាវ។

គួរជម្រាបថា នាវាមុជទឹកខាងលើ នឹងត្រូវធ្វើប្រតិបត្តិការដោយស្វ័យប្រវត្តិដោយវាត្រូវធ្វើការសិក្សាទៅលើលក្ខខណ្ឌបរិកាស និងផ្ទៃសមុទ្រ, ចល័តនៅជម្រៅជ្រៅក្បែរបាតសមុទ្ររបស់ Titan ហើយបណ្តែតខ្លួននៅលើ ឬក្រោមផ្ទៃសមុទ្រអេលៀននោះ៕
