អវកាសយានិកជើងចាស់៖ «គំរោងប្រគល់ស្ថានីយអវកាស ISS ឲ្យឯកជនគ្រប់គ្រង មិនមែនជារឿងអាក្រក់ឡើយ…»
(អាមេរិក)៖ នៅពេលមានព័ត៌មានថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់ផ្តាច់ការផ្តល់មូលនិធិរដ្ឋាភិបាលដល់ ស្ថានីយអវកាសអន្តរជាតិ ISS នៅឆ្នាំ២០២៥ មតិជំទាស់ជាបន្តបន្ទាប់ បានកើតមានឡើងភ្លាមៗ ចំពោះគោលបំណងនេះតួយ៉ាងព្រឹទ្ធសមាជិកអាមេរិកពីររូប មកពីគណបក្សនយោបាយ ដែលតែងតែប្រឆាំងគ្នា គឺលោក បៀល នែលសុន (Bill Nelson) នៃបក្សប្រជាធិបតេយ្យ និងលោក ធែក គ្រូស (Ted Cruz) នៃបក្សសាធារណរដ្ឋ បានចេញមុខប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះសំណើនេះ ដែលស្ថិតនៅក្នុងសេចក្តីព្រាងកញ្ចប់ថវិកាឆ្នាំ២០១៩របស់ លោក ដូណាល់ ត្រាំ។ នេះបើតាមប្រភពពី Business Insider ដែលត្រូវបានដកស្រង់ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨។

យ៉ាងណាមិញ អតីតអវកាសយានិកម្នាក់របស់ទីភ្នាក់ងារអវកាស NASA គឺលោកស្រី សេនឌី ម៉ាកនូស (Sandy Magnus) បានលើកឡើងបែបនេះវិញថា ការបោះជំហានដើរចេញពីស្ថានីយ ISS អាចចាត់ទុកថា ជាសញ្ញាមួយនៃវឌ្ឍនភាពឆ្ពោះទៅកាន់គោលដៅចម្បង នៃការបញ្ជូនមនុស្សទៅកាន់កន្លែងផ្សេងៗនៅក្នុងប្រព័ន្ធអាទិត្យ។

លោកស្រី Magnus បាននិយាយយ៉ាងដូច្នេះថា តាមរយៈការផ្ទេរសិទ្ធិគ្រប់គ្រង នៃស្ថានីយអវកាសអន្តរជាតិ ទៅឲ្យស្ថាប័នឯកជននោះ អង្គការ NASA នៅតែមានឱកាសបន្តការសិក្សាស្រាវជ្រាវរបស់ខ្លួន នៅក្នុងគន្លងផែនដីកម្រិតទាប (Low Earth Orbit) ដដែលហើយទន្ទឹមនឹងនោះក៏អាចផ្តោតកិច្ចប្រឹងប្រែងបន្ថែមទៀត ទៅលើការស្រាវជ្រាវ និងរុករកនៅលើឋានព្រះច័ន្ទ និងភពព្រះអង្គារ (Mars) ជាដើមផងដែរ។

គួរជម្រាបថា លោកស្រី Sandy Magnus ធ្លាប់បានស្នាក់នៅលើស្ថានីយអវកាស ISS អស់រយៈពេល ០៤ខែកន្លះ នៅក្នុងឆ្នាំ២០០៨ និងឆ្នាំ២០០៩ និងត្រូវបានចាត់ទុកជាអវកាយានិកជើងចាស់ប្រកបដោយបទពិសោធន៍។

រំលឹកព័ត៌មាន៖ ចំពោះគំរោងនេះ គឺត្រូវបានបញ្ចេញប៉ុន្មានសប្តាហ៍កន្លងមកហើយ ប៉ុន្តែភាពច្បាស់ការខ្លាំងទើបតែកើតឡើងនាពេលនេះប៉ុណ្ណោះ ដោយវាអាចនឹងត្រូវអនុវត្តន៍ ចាប់ពីឆ្នាំ២០២៤តទៅ ប្រសិនបើសភានាពេលខាងមុខនេះ អនុម័តតាមសេចក្តីព្រាងរបស់រដ្ឋបាល លោក ដូណាល់ ត្រាំ ដែលកំពុងឈរលើគោលនយោបាយ សន្សំសំចៃថវិកាជាតិនោះ។

សម្រាប់អ្នកគាំទ្រចំពោះអ្វីដែល ISS បាន និងកំពុងធ្វើប្រតិបត្តិការនោះ កំពុងតែមានការព្រួយបារម្ភខ្លាំងថា ការសម្រេចដកជំនួយរបស់អាមេរិក នារយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ នឹងធ្វើឲ្យស្ថានីយអវកាស ធំជាងគេតែមួយលើកលោកនេះ ជួបបញ្ហាធំ ព្រោះចាប់តាំងពីការដំណើរការជាផ្លូវការពីឆ្នាំ១៩៩៨ មកទល់នឹងបច្ចុប្បន្ន អវកាសយានិក និងអ្នកជំនាញនានាមកពី ១៧ប្រទេស បានប្រាស្រ័យផលប្រយោជន៍ និងចូលរួមអភិវឌ្ឍន៍នៅលើនោះរួចមកហើយ។

ទោះបីជាមានការព្រួយបារម្ភលេចឮច្រើនឡើងៗក៏ដោយ ឯកសារផ្ទៃក្នុងរបស់ NASA ត្រូវបានទម្លាយឲ្យដឹងថា ក្នុងករណីដែលរដ្ឋាភិបាលសហព័ន្ធអាមេរិក សម្រេចឈប់ផ្តល់ជំនួយដោយផ្ទាល់ដល់ទីភ្នាក់ងារអវកាសនេះក៏ដោយ ក៏សេតវិមាននឹងគ្មានគំរោងបោះបង់ចោលមន្ទីរពិសោធន៍លើអាកាសនេះទាំងស្រុងដែរ ហើយអាមេរិកនឹងទាក់ទាញវិស័យឯកជន ឲ្យមកបន្តទ្រទ្រង់ស្ថានីយអវកាស ISS ដើម្បីអាចបន្តសកម្មភាពទៅមុខដោយគ្មានបញ្ហា។

គួរបញ្ជាក់ថា ការប្រកាសផ្តាច់ជំនួយពី ISS នេះគឺមិនមែនជារឿងដែលរដ្ឋបាល ត្រាំ ទើបគិតគូរនោះឡើយ ហើយប្រការនេះយើងអាចសំឡឹងទៅមើលសកម្មភាពរបស់ក្រុមហ៊ុន SpaceX ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា-អវកាសឯកជន កំពុងតែមានសន្ទុះខ្លាំង ដូច្នេះអាមេរិកមានគោលដៅឲ្យស្ថានីយអវកាស ក្លាយជាទីតាំងដែលវិស័យឯកជនអាចធ្វើការវិនិយោគផងដែរ ដែលវានឹងអាចជម្រុញល្បឿននៃការអភិវឌ្ឍ និងជាការរក្សាថវិកាជាតិបានមួយផ្នែក៕
