សំនួរធំៗទាំង ០៣ នេះ ក្រុមអ្នកវិទ្យាសាស្ត្រ មិនទាន់អាចរកចម្លើយឃើញឡើយ…
(ភ្នំពេញ)៖ យោងតាមការសិក្សាស្រាវជ្រាវកន្លងមក ដោយក្រុមអ្នកវិទ្យាសាស្ត្រល្បីៗ នៅអាមេរិក ជប៉ុន រុស្ស៊ី អឺរ៉ុប ឬសូម្បីតែចិន នាប៉ុន្មានទសវត្សរ៍មកនេះ ចម្ងល់ជាច្រើនមិនទាន់ត្រូវបានបកស្រាយ ឲ្យគ្រប់គ្នាអាចទទួលយកបាននោះឡើយ ដោយសូម្បីតែអាយុកាលរបស់ភពផែនដី ក៏ត្រូវបានកែប្រែជាបន្តបន្ទាប់ ដោយក្រុមអ្នកវិទ្យាសាស្ត្រ ពីមួយជំនាន់ទៅមួយជំនាន់ផងដែរ។

ទោះបីជាបែបនេះក្តី ការមានអំណះអំណាងត្រឹមត្រូវ និងការសិក្សាផ្តល់មតិយោបល់ រួចបញ្ចេញជាគំនិតរួមនោះ លទ្ធផលដែលចេញមកគឺអាចទទួលយកបាន និងក្លាយជាកម្មវិធីសិក្សា សម្រាប់មនុស្សទូទៅលើផែនដី។ ទោះបីជាបែបនេះក្តី ការអះអាងខ្លះ នៅតែធ្វើឲ្យមនុស្សមួយចំនួនយល់ថា ជាការស្រមៃ ឬសន្និដ្ឋាន ប៉ុន្តែភាពពិតជាក់ស្តែង ដែលកំពុងស្ថិតក្នុងអាថ៌កំបាំងនោះ អាចមិនដូចជាការលើកឡើងឡើយ។

ខាងក្រោមនេះ គឺជាសំនួរធំៗទាំង ០៣ ក្នុងចំណោមសំនួររសើបៗជាច្រើន ដែលក្រុមអ្នកវិទ្យាសាស្ត្រមិនអាចសន្មត់ ១០០% បាននោះឡើយថា វាពិតជាដូចការលើកឡើង ក្រោយការសិក្សារបស់ពួកគេ៖
សំនួរទី១៖ តើទឹកមានប្រភពពីណា? ពីដំបូងឡើយមានការសន្និដ្ឋានថា ទឹកអាចមានប្រភពពីក្រៅភព ឬពីអាចម៍ផ្កាយនានា ដែលហោះមកពីប្រព័ន្ធផ្កាយផ្សេង ដែលមានទឹកស្រាប់ ហើយទឹកបង្កប់ក្នុងអាចម៍ផ្កាយទាំងនោះ បានធ្លាក់ស្រោចមកលើផែនដី។

ប៉ុន្តែបន្ទាប់ពីការរកឃើញទឹកនៅលើភពអង្គារ ព្រះច័ន្ទយូរ៉ូប៉ា ព្រះច័ន្ទមួយចំនួននៃភពសៅរ៍ ឬសូម្បីតែព្រះច័ន្ទរបស់យើងនោះ ក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកសិក្សាជាច្រើន ចាប់ផ្តើមមានការងឿងឆ្ងល់កាន់តែខ្លាំង អំពីប្រភពដើមពិតប្រាកដនៃទឹក នៅក្នុងប្រព័ន្ធព្រះអាទិត្យនេះ។

សំនួរទី២៖ តើជីវិតមានប្រភពពីណា? ក្រុមអ្នកវិទ្យាសាស្ត្របានឯកភាពជារួមថា ជីវិតដំបូងបានកើតចេញពីក្នុងសមុទ្រ កាលពី ១.២ពាន់លានឆ្នាំ ក្រោយការបង្កើតភពផែនដីកាលពី ៤.៦ពាន់លានឆ្នាំមុន។ ការលើកឡើងនេះ គឺចង់សំដៅទៅលើជីវិត ដែលបង្កើតឡើងដោយឯកឯងនៅលើផែនដីនេះ ឬអាចនិយាយបានថា មានប្រភពដើមនៅលើភពផែនដីនេះតែម្តង។

ប៉ុន្តែអ្នកវិទ្យាសាស្ត្រមួយចំនួនទៀតបានអះអាងថា ជីវិតនៅផែនដី អាចមិនមែនកើតនៅលើផែនដីនោះឡើយ ឬក៏ថា ជីវិតនៅលើផែនដីនេះ អាចមិនមែនកើតនៅផែនដីទាំងស្រុងនោះឡើយ។ សម្រាប់ចម្លើយ ទៅនឹងសំនួរនេះ គឺនៅតែបន្តស្ថិតនៅក្នុងអាថ៌កំបាំងខ្លះៗ ដែលត្រូវការការសិក្សាស្វែងរកអ្វីៗថ្មីៗបន្ថែមទៀត ដើម្បីគាំទ្រចម្លើយ។
សំនួរទី៣៖ តើជីវិតអេលៀន (Aliens) មានពិតមែនឬទេ? សំនួរនេះយើងខ្ញុំធ្លាប់ធ្វើការបកស្រាយជាច្រើនដងហើយ ដោយយោងលើចម្លើយផ្លូវការរបស់ក្រុមអ្នកវិទ្យាសាស្ត្រ ជាពិសេសអង្គការ NASA ប៉ុណ្ណោះ។ ចម្លើយសម្រាប់សំនួរនេះគឺ មកទល់នឹងបច្ចុប្បន្ន មានតែភពផែនដីមួយគត់ ដែលមានជីវិតរស់នៅ ក្នុងចំណោមភពទាំងអស់ នៅក្នុងប្រព័ន្ធព្រះអាទិត្យ។

ប៉ុន្តែវាមិនទាន់ចប់នោះទេ កែវយឺតអវកាសនានា បាននិងកំពុងស្វែងរកចម្លើយថ្មីទៀត តាមរយៈការស្វែងរកភពផ្សេងក្រៅប្រព័ន្ធព្រះអាទិត្យ ដែលបានចេញជាលទ្ធផលជាច្រើនរួចមកហើយ ប៉ុន្តែសម្រាប់ជីវិតដែលអាចកំពុងមានវត្តមាន នៅលើភពទាំងអស់នោះ គឺពុំទាន់មានការអះអាងថា ត្រូវបានរកឃើញនៅឡើយទេ៕

