ចង់បញ្ជូនមនុស្សទៅ «ផ្កាយ Apha Centauri ដែលនៅជិតផែនដី» ត្រូវដឹងពីចំណុចធំៗទាំងនេះសិន…
(ភ្នំពេញ)៖ វាមិនមែនជារឿងងាយសោះឡើយ ក្នុងការបញ្ជូនយានផ្ទុកមនុស្ស ទៅភពផ្កាយផ្សេង ឬសូម្បីទៅកាន់ភពនានាក្នុងប្រព័ន្ធព្រះអាទិត្យយើង ប៉ុន្តែឧទាហរណ៍ថា នៅប៉ុន្មានទសវត្សរ៍ខាងមុននេះ មនុស្សអាចរកឃើញបច្ចេកវិទ្យាណាមួយ ដែលអាចផលិតយាន និងផ្ទុកមនុស្សទៅកាន់ភពផ្សេងៗឆ្ងាយៗ ឬទៅក្រៅប្រព័ន្ធព្រះអាទិត្យបានយ៉ាងពិតប្រាកដនោះ តើវានឹងមានលក្ខណៈពិសេសចាំបាច់អ្វីខ្លះ ត្រូវបង្កប់នៅក្នុងបេសកកម្ម?

ទោះបីជាអនាគតដ៏វែងឆ្ងាយនោះ ពិបាកឲ្យមនុស្សស្រមៃថា ពេលណានឹងទៅដល់ក៏ដោយ ប៉ុន្តែគំនិតរបស់មនុស្ស គឺគ្មានព្រំដែននោះឡើយ ហើយសម្រាប់បច្ចេកវិទ្យាមួយចំនួន មិនមែនមនុស្សគ្មានសមត្ថភាពបង្កើតនោះទេ គ្រាន់តែវាត្រូវការចំណាយហិរញ្ញវត្ថុច្រើន និងគ្មានប្រទេសណា ឬអង្គការណាមួយ អាចមានលទ្ធភាពក្នុងការទ្រទ្រង់នោះឡើយ ដូច្នេះវាអាចត្រឹមគិតក្នុងខួរក្បាល និងសរសេរលើក្រដាសប៉ុណ្ណោះ។

ប៉ុន្តែសូមកុំបោះបង់ការគិតរបស់អ្នកចោលអី ព្រោះមនុស្សគ្រប់គ្នាមានសិទ្ធិក្នុងការគិត និងបញ្ចេញមតិ ទៅតាមការយល់ឃើញ ប្រកបដោយទស្សនវិស័យរៀងៗខ្លួន។ ខាងក្រោមនេះ គឺជាឧទាហរណ៍ និងចំណុចធំៗដែលត្រូវគិតគូរ នៅពេលមនុស្សពិតជាត្រូវបញ្ជូនយានផ្ទុកអវកាសយានិក ទៅកាន់ប្រព័ន្ធផ្កាយភ្លោះ Alpha Centauri ដែលមានចម្ងាយ ៤.៣ឆ្នាំពន្លឺ (១ឆ្នាំពន្លឺ = ៩.៤៦១ពាន់ពាន់លានគីឡូម៉ែត្រ) ពីភពផែនដី និងជាផ្កាយដែលនៅជិតយើងបំផុតមែននោះ៖

១. លក្ខណៈពិសេសនៃយាន៖ យាននោះត្រូវតែយានឆ្លងកាត់ពេលវេលា មានន័យថា ជាម៉ាស៊ីននៃពេលវេលា ដែលអាចបង្កើនល្បឿន ដល់កៀកនៃល្បឿនពន្លឺ ឬក៏អាចប្រៀបធៀបវានឹងយានក្នុងរឿង Avatar ដែលអាចដឹកនាំមនុស្ស ទៅកាន់ទីនោះ ដោយប្រើពេលតែ ០៥ឆ្នាំ ទៅ ០៦ឆ្នាំប៉ុណ្ណោះ (ប្រើល្បឿនក្បែរល្បឿនពន្លឺ)។ នេះបើតាមការវិភាគ នៃក្រុមអ្នកវិទ្យាសាស្ត្រអង្គការ NASA នាពេលកន្លងមក។

ចំណុចពិសេសនៅក្នុងនោះ បើយានអាចហោះដល់កៀកល្បឿននៃពន្លឺ នោះបរិស្ថាននៅក្នុងយានគឺនឹងផ្លាស់ប្តូរទៅតាមនោះ ដោយអវកាសយានិកនៅក្នុងយាន នឹងឆ្លងកាត់ពេលវេលាតិចជាង មនុស្សនៅលើផែនដីឆ្លងកាត់។ ឧទាហរណ៍ បើយានហោះទៅ Alpha Centuari មនុស្សនៅលើផែនដីត្រូវអង្គុយចាំមើល ០៥ឆ្នាំ ទើបឃើញយាននោះទៅដល់ ផ្កាយនោះ តែសម្រាប់អ្នកនៅលើយាននោះផ្ទាល់ ពួកគេបានឆ្លងកាត់ពេលវេលាតែជាង ៤០ថ្ងៃប៉ុណ្ណោះ។

២. ត្រូវប្រាកដថា ទីនោះពិតជាមានភព៖ ជាក់ស្តែងប្រព័ន្ធផ្កាយភ្លោះបី Alpha Centauri មិនទាន់ឲ្យសញ្ញាថា មានភពវិលជុំវិញផ្កាយណាមួយ នៅក្នុងចំណោមផ្កាយទាំងនេះឡើយ ដោយក្រុមតារាវិទូកំពុងតែអង្កេតជាប់ជានិច្ច។ ទោះបីជាត្រូវរកឃើញថា មានភពនៅទីនោះក៏ដោយ យើងក៏ត្រូវតែប្រាកដច្បាស់ថា វាជាភពមានគន្លងត្រឹមត្រូវដូចភពផែនដី និងអាចមានបរិយាកាស ឬក៏ជីវិតផងក៏ថាបាន។

៣. បេសកកម្មទៅ Alpha Centauri ជារួម៖ វាត្រូវតែជាបេសកកម្មសម្រាប់មនុស្សជាតិជារួមតែម្តង ដើម្បីរក្សាផលប្រយោជន៍ និងពូជពង្សមនុស្សនៅក្នុងចក្រវាឡ។ បើនិយាយឲ្យជ្រាលជ្រៅជាងនេះ វាមិនត្រូវក្លាយជាបេសកកម្មបែបអាណានិគម ដូចក្នុងភាពយន្ត Avatar ជាដាច់ខាត។ ទោះបី Avatar គ្រាន់តែជាសាច់រឿងប្រឌិតក្តី តែបើមនុស្សមិនទប់ទល់មហិច្ឆតារបស់ខ្លួនទេនោះ ភពស្លូតត្រង់ណាមួយ អាចនឹងត្រូវទន្ទ្រានយកមកគ្រប់គ្រង ហើយជីវិតដើមដ៏ស្លូតត្រង់នៅទីនោះ នឹងក្លាយជាជនរងគ្រោះជាក់ជាមិនខាន៕
