ពេលនេះប្រទេសវៀតណាមមាន «ផ្កាយរណបផលិតដោយខ្លួនឯងពីរគ្រឿង» នឹងបង្ហោះនៅឆ្នាំ២០១៩
(ហាណូយ)៖ ប្រទេសវៀតណាមគ្រោងបាញ់បង្ហោះផ្កាយរណប ចំនួនពីរគ្រឿងនៅឆ្នាំ២០១៩ និង២០២២ ដើម្បីជួយក្នុងការព្យាករណ៍អាកាសធាតុ និងការត្រៀមទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិនានា ប្រកបទៅដោយភាពច្បាស់លាស់ និងត្រឹមត្រូវជាងមុនជាពិសេសនោះនៅចំពេលនៃការកើនឡើងនូវបញ្ហាបម្រែបម្រួលអាកាសធាតុពិភពលោក។ នេះបើតាមការដកស្រង់ពីសារព័ត៌មាន VNExpress នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០១៦។
ផ្កាយរណបទាំងពីរមានដែលឈ្មោះថា «LOTUSat-1» និង «LOTUSat-2» គឺជាផ្កាយរណបដែលបំពាក់ដោយបច្ចេកវិទ្យាមានគុណភាពខ្ពស់ដំបូងគេបង្អស់នៅក្នុងប្រទេសវៀតណា ដើម្បីចាប់យករូបភាពបានយ៉ាងល្អច្បាស់នៅគ្រប់លក្ខខណ្ឌនៃអាកាសធាតុទាំងអស់ ហើយផ្កាយរណបដែលមានទម្ងន់ដល់ទៅ ៦០០គីឡូក្រាមទាំងពីរនេះ គឺជាផ្នែកនៃគំរោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាពោពេញទៅដោយមហិច្ឆតាជាទីបំផុតរបស់ប្រទេសវៀតណាម ដែលត្រូវបានអភិវឌ្ឍន៍ឡើងដោយមជ្ឈមណ្ឌលផ្កាយរណបជាតិវៀតណាម ជាមួយទុនវិនិយោគចំនួន ៦០០លានដុល្លារអាមេរិក។
នាប៉ុន្មានឆ្នាំចុងក្រោយនេះរដ្ឋាភិបាលវៀតណាម បានផ្តោតការយកចិត្តទុកដាក់ខ្លាំងទៅលើការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិនៅចំពោះមុខនៃការប្រែប្រួលអាកាសធាតុ នៃភពផែនដីនាសព្វថ្ងៃនេះហើយទិន្នន័យដ៏ច្បាស់លាស់ និងត្រឹមត្រូវពីផ្កាយរណប LOSTUSat-1 ក៏ដូចជា LOTUSat-2 នឹងជួយអភិវឌ្ឍន៍ឧបករណ៍សម្រាប់ព្យាការណ៍អាកាសធាតុដ៏មានប្រសិទ្ធភាពមួយ និងផ្តល់ជាផែនទីដ៏លម្អិតសម្រាប់ត្រួសត្រាយផ្លូវក្នុងការគ្រប់គ្រងគ្រោះមហន្តរាយផ្សេងៗ ដោយផ្កាយរណបទាំងពីរដែលមានអាយុកាលនៃការប្រើប្រាស់រយៈពេល ០៥នេះមានសមត្ថភាពខ្ពស់ក្នុងការផ្តិតយករូបភាពនៃវត្ថុនៅលើផែនដីដែលមានទំហំតូចបំផុតរហូតត្រឹមមួយម៉ែត្រការ៉េបានច្បាស់ផងដែរ។
បន្ថែមពីនេះលោក Pham Anh Tuan អគ្គនាយកមជ្ឈមណ្ឌលផ្កាយរណបជាតិវៀតណាមបានលើកឡើងថាឧស្សាហកម្មនេសាទក៏នឹងទទួលបានផលប្រយោជន៍ ពីផ្កាយរណបទាំងពីរខាងលើផងដែរ ព្រោះថាពួកវាអាចតាមដានការធ្វើដំណើរភៀសខ្លួនរបស់សត្វត្រីបាន ខណៈវិស័យកសិកម្មរបស់ប្រទេសក៏នឹងលែងខាតបង់ប្រាក់ចំនួន ១៥០លានដុល្លារក្នុងមួយឆ្នាំៗ ដោយសារតែលក្ខខណ្ឌអាកាសធាតុមិនអំណោយផលតទៅទៀតដែរ។
គួរបញ្ជាក់ថា ប្រទេសវៀតណាមដែលត្រូវបានចាត់ថ្នាក់ជាប្រទេសមធ្យមមួយក្នុងចំណោមប្រជាជាតិដែលតំបន់អាស៊ីអាគ្នេយ៍ បើគិតពីបច្ចេកវិទ្យាអវកាសពីមុនមកមិនដែលធ្លាប់បានបង្កើតផ្កាយរណបបានដោយខ្លួនឯងឡើយសូម្បីបីតែមួយគ្រឿង ហើយផ្កាយរណប LOTUSat-1 និង LSTUSat-2 នឹងផ្តល់នូវសារៈសំខាន់ជាច្រើនដល់ កម្មវិធីស្រាវជ្រាវពីទីអវកាសរបស់វៀតណាម៕