អូស្ត្រាលី អំពាវនាវឲ្យក្រុមតារាវិទូជួយឆ្លុះរកភពទី៩ «Planet X» បើនរណារកឃើញអាចដាក់ឈ្មោះបាន!

498

(កង់បេរ៉ា)៖ សាកលវិទ្យាល័យជាតិអូស្រ្តាលី (ANU) បានអំពាវនាវដល់អ្នកតារាវិទូស្ម័គ្រចិត្តទាំងអស់ ឲ្យជួយក្រុមអ្នកវិទ្យាសាស្រ្តរបស់ខ្លួន​ក្នុងការស្វែងរកភពថ្មីពោលគឺ «ភពទី៩» នៅក្នុងប្រព័ន្ធព្រះអាទិត្យ របស់យើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០១៧។

គំរោងក្នុងការស្វែងរកភពទី៩នេះដឹកនាំដោយ លោកបណ្ឌិត Brad Tucker នៃសាកលវិទ្យាល័យ ANU និងទាមទារឲ្យមានការជួយ​ជ្រោម​​ជ្រែង​ ពីសំណាក់ប្រិយមិត្តចូលចិត្តផ្នែកតារាសាស្រ្តទាំងអស់ ដែលអាចជា​ក្លាយបុគ្គលដំបូង​គេ​បង្អស់ដែលប្រទះ​ភ្នែកឃើញអ្វីម៉្យាង​ ដែល​មនុស្ស​លោក​យើង​ពុំធ្លាប់ឃើញពីមុនមក។

លោក Tucker បានលើក​ឡើងនៅក្នុង​សេចក្តីថ្លែងការណ៍​មួយនាថ្ងៃចន្ទ​នេះថា «ពួកយើង​មានសក្តានុពល​ដើម្បីស្វែងរកភព​ថ្មីមួយ នៅ​ក្នុង​​ប្រព័ន្ធ​​ព្រះអាទិត្យ​របស់យើង ដែលពុំមាន​មនុស្សណាម្នាក់ធ្លាប់​បានឃើញឡើយ​ នៅក្នុងរយៈពេល​ពីរលានឆ្នាំ​នៃ​ប្រវត្តិ​សាស្រ្ត​​មនុស្ស​លោក​។ ភពទី៩ ត្រូវបាន​គេទស្សន៍ទាយ​ថា​ ជាផែនដីដ៏ធំមួយ​ដែលមានម៉ាស់ប្រហែលធ្ងន់​ជាង​១០ដង និងទំហំធំ​ជាងបួនដង​នៃភពរបស់​យើង​ ហើយវានឹង​មានភាពត្រជាក់ និងស្ថិតនៅរយៈចម្ងាយ​ដ៏សែនឆ្ងាយ ដែលអាចស្មើនឹង​ ៨០០ដងនៃគន្លាត​រវាងផែនដីនិងព្រះអាទិត្យ ពោលវា​ពិតជា​ពោរពេញដោយ​អាថ៌កំបាំង»។

គំរោងខាងលើ​របស់​សាកលវិទ្យាល័យ ANU នឹងអនុញ្ញាត​ឲ្យអ្នកប្រិយមិត្ត​ចូលចិត្តផ្នែក​តារាសាស្រ្ត​ធ្វើការ​ទស្សនា​រូបភាពរាប់ម៉ឺន​រាប់សែន​សន្លឹក ដែលផ្តិតយក​ដោយកែវយឺត SkyMapper នៅឯមជ្ឈមណ្ឌល​ឃ្លាំមើល​ទីអវកាស Siding Spring។ អ្នកស្ម័គ្រចិត្ត​ទាំងអស់​នឹងត្រូវ​​អញ្ជើញឲ្យ​ក្រឡេកមើល​ទៅលើរូបថត​ទាំងនោះ ហើយ​ព្យាយាម​កត់សម្គាល់​ភាពខុសគ្នា និងចំណុចសំខាន់ៗ​ឬមួយ​ក៏វត្ថុ​អវកាស​​ដែល​អាច​ជា «ភព​ទី​៩»។

គួរបញ្ជាក់ថា​តាមលោក Brad Tucker អះអាងលើសពីនេះ​​ទៀតថា អ្នកចូលរួមទាំងអស់​ក៏នឹងត្រូវរំពឹងថា​ អាចស្វែងរក​វត្ថុអាថ៌កំបាំង​ជាច្រើនផ្សេង​ៗ​ទៀត​នៅ​ក្នុងលំហអាកាស​ផងដែរ រួមបញ្ចូល​ទាំងអាចម៍ផ្កាយ ផ្កាយដុះកន្ទុយ ឬភពមិនពេញ​លក្ខណៈដូចជា ភ្លុយតូ ជាដើម។ លោក Tucker បានបញ្ជាក់ថា​ប្រសិនបើនរណាម្នាក់​រកឃើញវត្ថុអាថ៌​កាំងដ៏ប្លែកខុសគេ​នោះ ពួកគេអាច​ដាក់ឈ្មោះឲ្យ​វាបាន ប៉ុន្តែពុំអាចដាក់​តាមឈ្មោះ​របស់​ពួកគេផ្ទាល់​បាននោះឡើយ។ យ៉ាងណាមិញ​ពួកគេអាចដាក់​ឈ្មោះតាមប្រពន្ធ ឬមួយក៏បងប្អូន​សាច់ញាតិបាន ដោយយោង​ទៅតាម​វិន័យ​របស់សហព័ន្ធ​តារាសាស្រ្ត​អន្តរជាតិ៕

480×240 Banner