អស្ចារ្យ! ទីបំផុតយានអវកាស Juno អាចហោះកៀកភពព្រហស្បតិ៍ជាលើកទី៥ និងថតបានរូបភាពថ្មីៗបន្ថែម!

0 372

(អាមេរិក)៖ យានអវកាស Juno នៃទីភ្នាក់ងារអវកាសអាមេរិក NASA បានធ្វើដំណើរទៅកៀកនឹងភពព្រហស្បតិ៍ (Jupiter) ជាថ្មី​ម្តង​ទៀត ក្នុង​ការ​​ហោះ​ឆ្វែលជាលើកទីប្រាំរបស់វានៅជុំវិញភពឧស្ម័នយក្សមួយនេះ។ នេះបើតាមការចេញផ្សាយដោយទី​ភ្នាក់​ងារ​ព័ត៌​មាន​​ចិន ស៊ិន​ហួរ នៅ​​នារសៀលថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០១៧។

យានអវកាស Juno បានធ្វើការហោះ​ឆ្វែលយ៉ាងកៀក​នាវេលាម៉ោង៤៖៥២នាទីទាបភ្លឺ​ថ្ងៃចន្ទ​សប្តាហ៍នេះ (ពេលវេលានៅ​សហរដ្ឋអាមេរិក) និងបានស្ថិតនៅ​ចម្ងាយប្រមាណជាង ៤,៤០០គីឡូម៉ែត្រពី​លើកំពូលដុំពពក​របស់ភពព្រហស្បតិ៍ ស្របពេលដែលវា​កំពុងធ្វើដំណើរនៅក្នុង​ល្បឿនប្រហែល​ ២០៨,០០០គីឡូម៉ែត្រ​ក្នុងម៉ោង។

នៅក្នុងអំឡុង​នៃការហោះឆ្វែល​លើកទីប្រាំនេះ ឧបករណ៍វិទ្យាសាស្រ្ត​ទាំង​ ០៨គ្រឿង របស់យាន​អវកាស Juno បានដំណើរការ​យ៉ាងល្អ ​ដោយបានប្រមូល​យកទិន្នន័យ​ពាក់ព័ន្ធនឹងស្រទាប់​បរិយាកាសកម្លាំងទំនាញ ក៏ដូចជា​ដែនម៉ាញេទិច​របស់ភពព្រហស្ប​តិ៍។ ព្រមពេល​ជាមួយគ្នា​កាមេរ៉ា JunoCam ក៏បានផ្តិតយករូបភាព​ដ៏ល្អប្លែកជាច្រើនសន្លឹក​បន្ថែមរបស់ភព​ដ៏ពោរពេញដោយ​អាថ៌កំបាំង​ដ៏ធំមួយនេះ។

គួរបញ្ជាក់ថាយានអវកាស Juno បានទៅដល់គន្លង​ជុំវិញភពព្រហស្បតិ៍​កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីបាន​ចំណាយពេល​ជិត០៥ឆ្នាំ​ធ្វើដំណើរឆ្លងកាត់លំហអាកាស​ដ៏ធំល្វឹងល្វើយ។ ដោយឡែក​បេសកកម្ម Juno នឹងត្រូវបញ្ចប់​នៅខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ ​នៅពេលដែល​យានអវកាសនេះ នឹងទម្លាក់ខ្លួនចូលទៅក្នុង​ភពព្រហស្បតិ៍ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ​ជាលើកចុងក្រោយនៅក្រោយពេល​ដែលបានប្រើប្រាស់​ពេលចំនួន២០ខែ​នៅក្នុងគន្លងអវកាស​របស់វា៕

Leave A Reply

Your email address will not be published.