ហេតុអ្វីមនុស្សមួយចំនួននៅតែព្រួយបារម្ភ ចំពោះស្ថានីយអវកាសចិនដែលខូច និងត្រៀមធ្លាក់ចុះមកផែនដីវិញ…?
(បរទេស)៖ អ្នកវិទ្យាសាស្ត្រជាច្រើនពិតជាមិនព្រួយបារម្ភនោះទេ ព្រោះពួកគេដឹងថា តួនៃស្ថានីយអវកាសចិន Tiangong-1 ដែលខូច និងត្រៀមធ្លាក់មកលើផែនដីនោះ មានភាគរយតិចតួចជាទីបំផុត ដែលនឹងអាចបង្កគ្រោះថ្នាក់ដល់មនុស្សលោក ប៉ុន្តែភាពភ័យខ្លាចមិនអាចលុបបំបាត់នោះឡើយ ចំពោះសាមញ្ញជន ឬប្រជាជនលើផែនដី ដែលជាអ្នកតាមដានជាប់ជានិច្ចចំពោះរឿងនេះ។ នេះបើតាមការដកស្រង់ការផ្សាយ ពីវែបសាយ The Verge នាថ្ងៃចន្ទ ទី១២ ខែមីនា ឆ្នាំ២០១៨។

ចំពោះរឿងរ៉ាវនេះមិនមែនជារឿងថ្មីនោះឡើយ ដោយកាលពីឆ្នាំ២០១៦ ស្ថាប័នអវកាសចិនបានអះអាងថា បន្ទប់មួយផ្នែកធំ នៃស្ថានីយអវកាសចិន Tiangong-1 ត្រូវបានផ្តាច់ចេញហើយ ដោយសារតែវាខូច ហើយវានឹងធ្លាក់ចុះមកក្នុងបរិយាកាសផែនដី នៅពេលដែលគន្លងរបស់វាគ្រប់គ្រងលែងបាន។ អ្វីដែលគួរឲ្យព្រឺព្រួចនោះ គឺសេចក្តីប្រកាសដែលថា «បំណែកដ៏ធំនៃយាន នឹងអាចធ្លាក់មកលើដី» ប៉ុន្តែក្រោយមកមានការធានាថា ភាគរយតិចតួចបំផុត ដែលវានឹងបង្កការគំរាមដល់សុវត្ថិភាព ឬជីវិតមនុស្ស។

ប្រការដែលអ្នកវិទ្យាសាស្ត្រចិន និងសូម្បីអាមេរិក ដែលធ្លាប់មានបទពិសោធន៍ក្នុងបញ្ហាខាងលើ ហ៊ានធានាអះអាងបែបនេះ ក៏ព្រោះតែផែនដីត្រូវបានគ្របដណ្តប់ដោយផ្ទៃមហាសមុទ្រ រហូតដល់ទៅជាង ៧០ភាគរយ ហេតុដូច្នេះរាល់វត្ថុអវកាស ឬសូម្បីដុំថ្មអវកាសជាច្រើន តែងតែបានធ្លាក់ទៅក្នុងផ្ទៃសមុទ្រ ជាជាងត្រូវធ្លាក់លើផ្ទៃដី នៅកន្លែងដែលមានមនុស្សរស់នៅ។ ការអះអាងនេះ ក៏ជាការឆ្លើយតបនឹងពាក្យចចាមអារ៉ាមថា Tiangong-1 នឹងធ្លាក់លើប្រទេសនូវែលសេឡង់នោះផងដែរ។

ទោះបីជាបែបនេះក្តី ពាក្យថាភាគរយតិចតួចបំផុតនេះ មិនមែនមានន័យថា អត់មានសុទ្ធនោះឡើយ ទោះបីជា ០.០១ភាគរយ ក៏វានៅតែជាលទ្ធភាពដែលអាចបង្កការគ្រោះថ្នាក់នោះដែរ ហើយមនុស្សមួយចំនួន គឺនៅតែមានអារម្មណ៍ភ័យខ្លាចបែបនេះ។ ពិតប្រាកដណាស់ Tiangong-1 គឺធំជាងផ្កាយរណបជាច្រើន ដែលធ្លាប់ធ្លាក់មកលើផែនដីវិញ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រនៅតែអះអាងដដែលជាដដែលថា វាពិតជាមិនងាយនោះទេថា Tiangong-1 អាចធ្លាក់ចំមនុស្ស និងបង្កគ្រោះថ្នាក់ដល់ជីវិតណាមួយ។

គួរបញ្ជាក់ថា ការព្រួយបារម្ភនោះ គឺទំនងជាការបញ្ចេញព័ត៌មានកាលពីឆ្នាំ២០១៦ដំបូង ដែលបានអះអាងថា ចិនមិនអាចគ្រប់គ្រង Tiangong-1 បានតទៅទៀតនោះទេ ហើយគន្លងគោចររបស់វាលើផែនដី នឹងកាន់តែយឺតទៅៗ រហូតដល់ចុងក្រោយ វានឹងធ្លាក់ចុះមកផែនដីវិញតែម្តង។ បើនិយាយពីការពិតជាក់ស្តែង ការដែលអ្នកវិទ្យាសាស្ត្រហ៊ានអះអាងថា Tiangong-1 នឹងមិនបង្កផលប៉ះពាល់នោះ ក៏ព្រោះតែបទពិសោធន៍កន្លងមក គឺបែបនេះ ដែលមិនធ្លាប់មានយាន ផ្កាយរណប និងបំណែករ៉ុក្កែតណាមួយ ធ្លាក់ចំមនុស្សឡើយ។

រំលឹកព័ត៌មាន៖ បំណែកនៃស្ថានីយអវកាសចិន Tiangong-1 នឹងធ្លាក់មកលើផ្ទៃផែនដី នៅអំឡុងពាក់កណ្តាលឆ្នាំ២០១៨ នេះហើយ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រចិន បានចេញមុខមកធានាយ៉ាងច្បាស់លាស់ថា វានឹងមិនបង្កផលប៉ះពាល់ដល់សុវត្ថិភាព របស់មនុស្សលោកនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ Daily Mail របស់អង់គ្លេស នារសៀលថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០១៨។

បំណែកយានឈ្មោះ Tiangong-1 ឬមានន័យថា Heavenly Palace 1 (រាជវាំងឋានសួគ៌) ត្រូវបានបាញ់បង្ហោះទៅកាន់ទីអវកាស កាលពីឆ្នាំ២០១១ ដែលវាត្រូវបានចាត់ទុកជាមន្ទីរពិសោធន៍អវកាសលើកដំបូងបំផុតរបស់មហាយក្សចិន ដោយបាននាំយកនូវឧបករណ៍សម្រាប់តភ្ជាប់បណ្តាញ និងរក្សាគន្លងគោចរ។ វាស្ថិតនៅក្នុងមហិច្ឆតាដ៏ធំរបស់ចិន ក្នុងការបង្កើតស្ថានីយអវកាសអចិន្ត្រៃយ៍ដោយខ្លួនឯង នៅទីអវកាសនៅក្នុងឆ្នាំ២០២៣៕
