ចម្លែកមែនទែន! ប្រហោងខ្មៅមួយ (Black Hole) ស្ងប់ស្ងាត់អស់ ២៧ឆ្នាំ ឥឡូវទើបមានសកម្មភាពផ្ទុះឡើងវិញ!
(វិទ្យាសាស្រ្ត)៖ ក្រុមតារាវិទូបាននិយាយថា បន្ទាប់ពីការនៅស្ងៀមមិនកំរើកអស់រយៈពេល ២៧ឆ្នាំ ប្រហោងខ្មៅមួយ (Black Hole) ចាប់ផ្តើមមានសកម្មភាពឡើងវិញ ដោយវាបានបញ្ចេញកាំរស្មីអ៊ិច ព្រមទាំងបានជះពន្លឺដល់មន្ទីរពិសោធន៍តារាសាស្រ្តចាប់តាំពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦មកម្ល៉េះ ហើយបច្ចុប្បន្នកាំរស្មីអ៊ិចនោះនៅតែបន្តការជះពន្លឺឡើងយ៉ាងភ្លឺចិញ្ចាចចិញ្ចែងដដែល។ នេះបើយោងតាមប្រភពព័ត៌មានវិទ្យាសាស្រ្ត Science Daily ចេញផ្សាយនៅព្រឹកថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ ២០១៦។
ក្រុមតារាវិទូបានបញ្ជាក់ថា ការត្រឡប់មកវិញនៃប្រហោងខ្មៅដោយការបញ្ចេញពន្លឺកាំរស្មីអ៊ិចបានធ្វើឲ្យមានពន្លឺយ៉ាងសន្ធោសន្ធៅនៅក្នុងចង្កោមផ្កាយ Cygnus ក្នុងកាឡាក់ស៊ីមៀលគីវេយ៍យើងនេះ។ មិនតែប៉ុណ្ណោះប្រហោងខ្មៅនេះបាន ស្រូបយកវត្ថុអវកាសមួយចំនួនចូលទៅក្នុង ដោយទំនាញដ៏ខ្លាំងក្លារបស់វាថែមទៀតផង។
គួរបញ្ចាក់ដែរថា កាំរស្មីនៃប្រហោងខ្មៅនេះត្រូវបានប្រទះឃើញជាលើកដំបូងដោយផ្កាយរណប Swift របស់ភ្នាក់ងារអវកាសអាមេរិក NASA។ លុះក្រោយមក កាំរស្មីអ៊ិច ត្រូវបានរកឃើញដោយ មន្ទីរពិសោធន៍ជប៉ុន នៃស្ថានីយ៍អវកាសអន្តរជាតិ ISS៕