មហាយក្សចិន «បាញ់បង្ហោះ ផ្កាយរណបស្រាវជ្រាវផ្ទៃផែនដី បានសម្រេច» និងត្រៀមធ្វើបេសកកម្មធំមួយ…
(ប៉េកាំង)៖ ទីបំផុតប្រទេសចិន បានធ្វើការបាញ់បង្ហោះផ្កាយរណប ដែលមានតួនាទីអង្កេតផ្ទៃដីនៅទូទាំងភពផែនដី ទៅកាន់គន្លងតារាវិថីប្រកបដោយជោគជ័យ នៅក្នុងថ្ងៃអាទិត្យនេះតែម្តង ចេញពីស្ថានីយបាញ់បង្ហោះ លើវាលខ្សាច់ Gobi Desert។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិន CGTN នាយប់ថ្ងៃអាទិត្យ ទី១៨ ខែមីនា ឆ្នាំ២០១៨។

តាមពិតទៅផ្កាយរណបដែលមានឈ្មោះថា Jiuquan ខាងលើនេះ ត្រូវបានបាញ់បង្ហោះ តាំងតែពីល្ងាចថ្ងៃសៅរ៍ មកម្ល៉េះ ប៉ុន្តែនៅថ្ងៃអាទិត្យនេះ ទើបក្រុមស្រាវជ្រាវទីអវកាសចិនអះអាងថា វាបានទៅដល់គន្លងតារាវិថីប្រកបដោយជោគជ័យ ហើយបេសកកម្មរបស់វា នឹងធ្វើការអង្កេតធនធានផ្ទៃដី តាមរយៈការប្រើប្រាស់ប្រព័ន្ធសេនស័រ បាញ់ចេញពីខ្លួនវាតែម្តង។

គួរបញ្ជាក់ថា នេះជាបេសកកម្មបាញ់បង្ហោះលើកទី ២៦៨ ហើយ ដោយប្រើប្រាស់គ្រាប់រ៉ុក្កែតស៊េរី Long March របស់ចិនផ្ទាល់។ សម្រាប់នៅឆ្នាំ២០១៩ ខាងមុខនេះ ប្រទេសចិននឹងធ្វើការបាញ់បង្ហោះ «រ៉ុក្កែតដឹកទំនិញប្រភេទថ្មី Long March-5B» ទៅកាន់ទីអវកាស ដែលជាការបំពេញវិស្វកម្មកសាងស្ថានីយអវកាសចិនផ្ទាល់ខ្លួន ជាលើកដំបូង ដែលនឹងបញ្ចប់នៅអំឡុងឆ្នាំ២០២២។

ចំណុចពិសេស៖ ប្រទេសចិនកំពុងតែសកម្មយ៉ាងខ្លាំង នៅក្នុងការកសាងស្ថានីយអវកាសដោយខ្លួនឯងផ្ទាល់ ព្រមទាំងបេសកកម្មរុករកនៅឋានព្រះច័ន្ទក្នុងពេលដ៏ឆាប់ខាងមុខ ព្រមទាំងលើកទិសដៅទៅរកពអង្គារផងដែរ។ ក្រៅពីមានតេឡេស្កូបយក្ស ដែលធំជាងគេលើលោក ប្រទេសចិននៅមានគំរោងជាច្រើនទៀត ដែលត្រៀមធ្វើការប្រកួតប្រជែងទៅនឹងមហាអំណាចអវកាសកំពូលៗ ដូចជាអាមេរិក រុស្ស៊ី អឺរ៉ុប និងឥណ្ឌាជាដើម៕
