តើបងប្អូនគិតដូច្នេះទេ? នេះជាការយល់ខុសមួយចំនួន ចំពោះផែនដី និងផ្កាយរណប…
(ភ្នំពេញ)៖ ជាក់ស្តែងការវិវឌ្ឍន៍ចំណេះដឹង និងការយល់ឃើញ គឺមានការប្រែប្រួលពីមួយសម័យកាលទៅមួយសម័យកាលមួយទៀត ដោយវាមិនមែនមានន័យថា មនុស្សសម័យមុនជាអ្នកខុសនោះឡើយ ប៉ុន្តែដោយសារតែរបកគំហើញថ្មីៗរបស់មនុស្សជំនាន់ក្រោយ ដែលត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ទើបការយល់ច្រឡំកាលពីសម័យមុនៗ ត្រូវបានកែសម្រួល ដើម្បីឲ្យក្មេងៗជំនាន់ក្រោយទៀត បានសិក្សាអំពីអ្វីដែលជាការពិត និងត្រឹមត្រូវ។

ខាងក្រោមនេះ គឺជាពាក្យរបស់ខ្មែរយើងពីសម័យមុន ដែលបានប្រើប្រាស់ ដើម្បីឲ្យកូនខ្មែរមានការយល់ដឹងអំពីវិស័យវិទ្យាសាស្ត្រ និងផែនដីវិទ្យា ប៉ុន្តែសម្រាប់ការវែកញែកអំពីអត្ថន័យក្នុងពាក្យប្រមូលផ្តុំទាំងនោះ គឺមិនបានបង្ហាញអំពីការពិត ដែលត្រូវបានទទួលស្គាល់ដោយអន្តរជាតិនោះឡើយ។ ពាក្យមួយចំនួន ដែលជាការស្វែងយល់ឡើងវិញ ដោយ Cambo Space ផ្ទាល់ និងបងប្អូនមួយចំនួននោះមានដូចជា៖

១. ផែនដី៖ បើនិយាយពីពាក្យថា «ផែន» គឺសំដៅទៅដល់វត្ថុគ្រប់យ៉ាង ដែលមានលក្ខណៈសំប៉ែតៗ ឧទាហរណ៍៖ ស្ករផែន ឬផែនស្វាយ ដែលធ្វើជាចេញជាងរាងបន្ទះសំប៉ែតៗ ក្រាស ឬស្តើង តែមិនមែនជារាងដុំមូលនោះឡើយ។ ដោយសារតែខ្មែរយើងពីបុរាណគិតថា ផែនដីមានរាងសំប៉ែតរាបស្មើ និងស្ថិតនៅនឹងមួយកន្លែងប៉ុណ្ណោះ ហើយមានតែព្រះអាទិត្យទេ ដែលគោចរជុំវិញផែនដីទៅវិញ ហេតុដូច្នេះទើបដូនតា ហៅជម្រករបស់យើងថា «ផែនដី»។ ចំណេរកាលតមក ការប្រើប្រាស់ឈ្មោះ «ផែនដី» គឺមិនមានការប្រែនោះឡើយ ទោះបីជាយើងវិភាគមើលទៅ គឺវាមានលក្ខណៈខុសពីការពិតក៏ដោយ។

២. ផ្កាយរណប៖ បើឲ្យនិយមន័យទៅលើពាក្យ «ផ្កាយ» គឺសំដៅទៅលើវត្ថុដែលមានពន្លឺភ្លឺព្រិចៗនៅលើផ្ទៃមេឃពេលរាត្រី ហើយ «រណប» វិញនោះ គឺសំដៅភាពអែបអប ឬកៀកនឹងអ្វីមួយ ដើម្បីសម្រលទៅនឹងវត្ថុមួយនោះ។ បូកចូលគ្នានៃពាក្យ «ផ្កាយ+រណប» មានន័យថា ជាវត្ថុដែលហោះទៅទីអវកាស ដើម្បីសម្រលខ្លួននៅជិតដួងផ្កាយនានា នៅលើផ្ទៃមេឃទៅវិញ ដែលតាមពិតទៅវាគ្រាន់តែជាគ្រឿងយន្ត ឬឧបករណ៍វិទ្យាសាស្ត្រ ហោះគោចរនៅរយៈកម្ពស់ទាប នៃគន្លងគោចរភពផែនដីប៉ុណ្ណោះ ដោយមិនបានទៅនៅជិតផ្កាយអ្វីជាក់ស្តែងនោះឡើយ។ តែយើងអាចសន្និដ្ឋានថា វាជាឧបករណ៍ដែលត្រូវបានអ្នកវិទ្យាសាស្ត្របង្ហោះ ឲ្យទៅឡូកឡំជាមួយនឹងពន្លឺផ្កាយ នៅលើផ្ទៃមេឃបាន។

ខ្ញុំបាទសូមអភ័យទោសផង ប្រសិនបើមានការឆ្គាំឆ្គង ព្រោះនេះជាអ្វីដែលខ្ញុំបានវិភាគឃើញ តាមរយៈការសិក្សាច្រើនគួរសមកន្លងមករបស់ខ្ញុំ ដោយខ្ញុំមិនមានបំណងបន្ទុចបង្អាក់អ្នកសិក្សា និងចងក្រងឯកសារជំនាន់មុននោះឡើយ ព្រោះពួកគាត់បានហត់នឿយច្រើន ក៏ដើម្បីតែកូនខ្មែរមានចំណេះដឹងដូចសាសន៍គេដែរ គ្រាន់តែសម័យកាលមានការវិវឌ្ឍន៍ ដូច្នេះការរុករកឃើញជំនាន់ថ្មី អាចជាការបកស្រាយការពិត ចំពោះអ្វីដែលធ្លាប់យល់ខុសដោយមនុស្សជំនាន់មុន ហើយវាមិនមែនមានតែនៅស្រុកខ្មែរយើងនោះឡើយ ដូច្នេះសង្ឃឹមថា ថ្ងៃមុខអាចនឹងមានការកែប្រែ ដើម្បីឲ្យចំណេះដឹងរបស់កូនខ្មែរ កាន់តែទូលំទូលាយ និងស្រឡាញ់នូវជាតិសាសន៍របស់ខ្លួន រឹតតែខ្លាំងថែមទៀត។

ជាចុងក្រោយបើសិនជាងបងប្អូន មានចម្ងល់អ្វីពាក់ព័ន្ធរឿងនេះ Cambo Space រីករាយនឹងទទួលយកនូវមតិរបស់ប្អូន។ សូមអរគុណ៕
