អស្ចារ្យៗ! កែវយឺតអវកាសបីរួមគ្នា «ផ្តិតបានទិដ្ឋភាពបណ្តុំ Nebula ដែលបានផ្ទុះតាំងពីឆ្នាំ១០៥៤…»
(អាមេរិក)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានបញ្ចេញរូបភាពដ៏អស្ចារ្យថ្មីមួយទៀតនៃ តំបន់ចាប់កំណើតរបស់ផ្កាយដែលស្ថិតនៅសែនឆ្ងាយពីយើងហៅថា Crab Nebula។ រូបភាពនោះត្រូវថតយកបានដោយកែវយឺតអវកាសបីខុសគ្នារបស់ NASA រួមមាន Hubble, Chandra, និង Spitzer។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីវែបសាយអង់គ្លេស Express UK នៅព្រឹកថ្ងៃអង្គារ ទី២០ ខែមីនា ឆ្នាំ២០១៨។

Nebula គឺជាបណ្តុំពពកនៃធូលី និងឧស្ម័នអវកាស ដែលមានទំហំធំៗមហិមា រហូតដល់ទៅរាប់ឆ្នាំពន្លឺឯណោះ និងរសាត់អណ្តែតគ្មានកោះគ្មានត្រើយនៅក្នុងទីអវកាសដ៏ធំល្វឹងល្វើយ។ Crab Nebula ត្រូវអ្នកវិទ្យាសាស្រ្តជឿជាក់ថា គឺជាអ្វីដែលត្រូវបានបន្សល់ទុកពីបន្ទុះសូភើណូវ៉ា (Supernova) ដ៏មហាខ្លាំងក្លាមួយ ដែលត្រូវបានគេកត់ត្រាទុកតាំងតែពីឆ្នាំ១០៥៤ មកម្ល៉េះ។

គួរជម្រាបថា នៅចំកណ្តាលនៃដុំពពកអវកាសនេះ គឺជាផ្កាយ Pulsar មួយ ដែលជាផ្កាយណឺត្រុងពណ៌ស មានរង្វិលជុំលឿនខ្លាំងបំផុត។ NASA បានធ្វើការប៉ាន់ប្រមាណថា តំបន់ Crab Nebula មានទំហំប្រហែល ១០ឆ្នាំពន្លឺ។

រំលឹកព័ត៌មាន៖ អង្គការ NASA កាលពីពាក់កណ្តាលឆ្នាំ២០១៨ បានធ្វើការច្នៃ និងផលិតឡើងនូវកែវយឺតអវកាសដ៏ធំមហិមាជំនាន់ថ្មី មានឈ្មោះថា WFIRST ទីភ្នាក់ងារនេះត្រូវការបញ្ជូនគំរោងរបស់ខ្លួន ទៅកាន់ក្រុមអ្នកត្រួតពិនិត្យឯករាជ្យជាមុនសិន ដើម្បីធ្វើការពិនិត្យ និងវាយតម្លៃអំពើវា។

កែវយឺតអវកាសដែលគ្រោងនឹងផលិតខាងលើនេះ នឹងមានទំហំចាប់សញ្ញា ១០០ដង ធំជាងគេកែវយឺតអវកាស Hubble ដោយអ្នកវិទ្យាសាស្ត្រប្រើប្រាស់វា ដើម្បីធ្វើការសិក្សាអំពីបញ្ហាជាច្រើននៅក្នុងចក្រវាឡ ដូចទៅនឹងបេសកកម្មរបស់ Hubble ដែរ ប៉ុន្តែនឹងត្រូវបំពាក់សមត្ថភាពបន្ថែមទៀត នោះគឺការស្វែងរកអំពីកម្លាំងដ៏អាថ៌កំបាំង ដែលជួយជម្រុញឲ្យចក្រវាឡពង្រីកខ្លួនបាន។ WFIRST ត្រូវបានរៀបចំគំរោងរួចរាល់ដោយទីភ្នាក់ងារអវកាស NASA កាលពីឆ្នាំ២០១៦។

គួរបញ្ជាក់ថា WFIRST នឹងជាក្លាយជាកែវយឺតអវកាសធំបំផុត ក្នុងចំណោមកែវយឺតអវកាសនានារបស់ NASA ដូចជា Hubble, Chandra, Spitzer និង James Webb ផងដែរ ដែលពីដំបូងឡើយវាគ្រោងសាងសង់នៅឆ្នាំ២០១៨។ វានឹងមានសមត្ថភាពថតយកពន្លឺ infrared ដែលមានរលកសំឡេង វែងជាងពន្លឺអុបទិក ដែលភ្នែកមនុស្សមិនអាចមើលឃើញឡើយ។ វានឹងធ្វើការសិក្សាអំពីវត្ថុឆ្ងាយៗ ដែលចល័តចេញបន្តិចម្តងៗ ឆ្ងាយពីភពផែនដី នៅពេលដែលចក្រវាឡពង្រីកខ្លួន៕

