ភពចម្លែកអ៊ុយរ៉ាណុស «វិលក្រឡាប់ផ្កាប់ផ្ងា» ខុសពីភពទាំង ៧ ទៀត! តើមូលហេតុអ្វី?
(ភ្នំពេញ)៖ អ៊ុយរ៉ាណុសជាភពទី ៧ នៅក្នុងប្រព័ន្ធព្រះអាទិត្យ ដែលមានចម្ងាយពីព្រះអាទិត្យ ២.៨៧១ពាន់លានគីឡូម៉ែត្រ។ វាមានទំហំតូចជាងភពព្រហស្បតិ៍ និងសៅរ៍ ប៉ុន្តែធំជាងភពចំនួន ០៥ ទៀតរួមទាំងភពផែនដីផងដែរ។ ភពអ៊ុយរ៉ាណុស មានមុខកាត់រហូតដល់ទៅ ៥០,៧២៤គីឡូម៉ែត្រ ដែលទំហំធំមែនទែនតែម្តង សម្រាប់ដុំមូលឧស្ម័នយក្សពណ៌ខៀវ ស្រដៀងនឹងភពណិបទូនមួយនេះ។

មុខឆ្លើយសំនួរថា តើហេតុអ្វីបានជាភពនេះវិលក្រឡាប់ផ្កាប់ផ្ងា ខុសពីភពឯទៀតៗនោះ Cambo Space សូមធ្វើការបញ្ជាក់ លក្ខណៈទូទៅសំខាន់ៗ អំពីភពឧស្ម័នយក្សមួយនេះសិន ដោយអ៊ុយរ៉ាណុសប្រើប្រាស់ពេលវេលា ៨៤ឆ្នាំផែនដី នៅក្នុងការគោចរមួយជុំព្រះអាទិត្យ ឬអាចនិយាយបានថា ជាមួយឆ្នាំរបស់ភពអ៊ុយរ៉ាណុស ខណៈមួយថ្ងៃរបស់វាគឺស្មើនឹង ១៧ម៉ោង និង ១៤នាទី នៃភពផែនដី។

ភពអ៊ុយរ៉ាណុសក៏មានព្រះច័ន្ទច្រើនផងដែរ គឺជាប់លេខ ៣ ក្នុងចំណោមភពចំនួន ៦ នៅក្នុងប្រព័ន្ធព្រះអាទិត្យយើងដែលមានព្រះច័ន្ទផ្ទាល់ខ្លួន គឺអ៊ុយរ៉ាណុសមានព្រះច័ន្ទ ២៧ ដែលព្រះច័ន្ទធំៗមានដូចជា Miranda, Ariel, Umbriel, Titania និង Oberon ក្នុងនោះ Titania គឺធំជាងគេបង្អស់មានមុខកាត់ ១,៥៧៨គីឡូម៉ែត្រ ខណៈភពព្រហស្បត៍ជាប់លេខ ១ មានព្រះច័ន្ទចំនួន ៦៩ (តួលេខថ្មី) ហើយភពសៅរ៍មានព្រះច័ន្ទចំនួន ៦២ ជាប់លេខ ២។

មនុស្សជាច្រើនមានការងឿងឆ្ងល់ថា ហេតុអ្វីបានភពអ៊ុយរ៉ាណុស និងណិបទូនមើលទៅមានពណ៌ខៀវ ខុសពីភពសៅរ៍ ឬព្រហស្បតិ៍ ដែលជាភពឧស្ម័នយក្សដូចគ្នានោះ? ចម្លើយគឺ ភពអ៊ុយរ៉ាណុស មានបរិយាកាសផ្ទុកទៅដោយឧស្ម័ន អ៊ីដ្រូសែន អេល្យ៉ូម និងមេតាន ហើយនៅពេលបរិយាកាសផ្នែកខាងលើបំផុតរបស់វា សំយោគជាមួយនឹងរស្មីព្រះអាទិត្យ វាក៏បង្ហាញចេញជាពណ៌ខៀវបែបនេះតែម្តង។

ចម្ងល់បន្ថែមទៀតនោះ តើយើងអាចចុះចតលើអ៊ុយរ៉ាណុស ឬទេ? ចម្លើយ គឺមិនអាចនោះទេ ព្រោះភពអ៊ុយរ៉ាណុស មិនមានស្រោបដោយផ្ទៃរឹងនោះឡើយ ដោយវាមានតែស្នូលរឹង និងខ្លួនធំហ៊ុមព័ទ្ធដោយឧស្ម័ន បូកថែមពពកយ៉ាងពុះកញ្ជ្រោល គ្មានដីឲ្យយើងឈរ ឬចុះចតយានអវកាសនោះឡើយ ហើយបើទោះបីជាមានយានធ្វើការហោះសំកាំងនៅក្នុងពពករបស់វាក៏ដោយ ក៏ភពអ៊ុយរ៉ាណូសមានព្យុះដែលអាចបង្កើនល្បឿនដល់ជិត ១,០០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលវាពិតជាខ្លាំងក្លា ជាងព្យុះលើផែនដីឆ្ងាយខ្លាំងណាស់។ លោកអ្នកប្រាកដជាត្រូវព្យុះបោកពន្លិច ចូលក្នុងផ្ទៃឧស្ម័ននោះ ដោយមិនអាចគេចមិនរួចឡើយ។

វិលមកកាន់សំនួរធំរបស់យើងថា តើហេតុអ្វីភពអ៊ុយរ៉ាណុស វិលក្រឡាប់ចក្រ? ចម្លើយនោះ គឺយើងត្រូវពន្យល់ពីស្ថានភាពនេះសិន នោះគឺ ភពអ៊ុយរ៉ាណុសមានលក្ខណៈលម្អៀង ជាងភពដទៃឆ្ងាយណាស់ ចំពោះគោចរជុំវិញព្រះអាទិត្យ ដោយតំបន់ប៉ូលខាងជើងរបស់របស់វា គឺទេទៅរកព្រះអាទិត្យតែម្តង ក្នុងកមិ្រតល្អៀងរហូតដល់ទៅ ៩៨ ដឺក្រេ ខណៈដែលភពផ្សេងៗទៀត គឺល្អៀងមិនដល់ ៣០ដឺក្រេនោះឡើយ (ឧ. ដូចជាផែនដី គឺតែ ២៣ដឺក្រេ ប៉ុណ្ណោះ ដែលល្អៀងទៅរកព្រះអាទិត្យ)។

ដូច្នេះវាមានន័យថា ប៉ូលរបស់ភពអ៊ុយរ៉ាណុស គឺសំដៅទៅរកព្រះអាទិត្យ ហើយខ្សែក្រវាត់របស់វា កឺសំយ៉ុងពីក្រោមឡើងលើ ខុសពីខ្សែក្រវាត់ភពសៅរ៍តែម្តង។ យើងអាចនិយាយបានថា ភពអ៊ុយរ៉ាណុសរមៀលខ្លួនឯង ព័ទ្ធជុំវិញព្រះអាទិត្យ ជាជាងគោចរក្នុងគន្លងរង្វិលបញ្ឈរធម្មតា ដូចភពឯទៀតៗ។ កត្តាដែលបង្ករឿងនេះឡើង គឺទំនងជាស្ថិតនៅក្នុងអំឡុងពេល នៃការបង្កើតប្រព័ន្ធព្រះអាទិត្យដំបូងៗមកម្ល៉េះ។

កាលពីការបង្កើតប្រព័ន្ធព្រះអាទិត្យដំបូងៗ គឺស្ថានភាពក្នុងប្រព័ន្ធទាំងមូល ពិតជាកោលាហលខ្លាំងបំផុត។ ភពនៅក្នុងប្រព័ន្ធយើងមានទៅដល់ជាង ១០០ភពឯណោះ ប៉ុន្តែភពខ្លះត្រូវបានខ្ទាតចេញពីព្រះព័ន្ធព្រះអាទិត្យ បាត់ស្រមោលតែម្តង និងភពខ្លះទៀតត្រូវបានរួមបញ្ចូលគ្នាក្លាយជាភពធំៗ។

ភពមួយចំនួនទៀតក៏ត្រូវបានភពតូច ឬធំបុកទង្គិច ធ្វើឲ្យគន្លងរបស់វា វិលខុសពីទម្រង់ដើមដែលវាបានបង្កើតឡើង គឺដូចជាអ៊ុយរ៉ាណុសនេះឯង ដែលមានភាពល្អៀងខុសពីគេឯង។ ដូច្នេះនេះជាចម្លើយសមស្របមួយ ដែលអ្នកសិក្សានានាបានឯកភាពយក ហើយ Cambo Space ក៏សង្ឃឹមថា បងប្អូនអ្នកសិក្សាទាំងឡាយនៅប្រទេសកម្ពុជាយើង ក៏ទំនងជាអាចយល់ស្របដូចគ្នាដែរ៕
សម្រង់អត្ថបទ៖ Wikipedia និង វែបសាយ Universe Today
រៀបរៀងដោយ៖ Cambo Space
