HOT NEWS: ទៀតហើយ! អង្គការ NASA «លើកថ្ងៃបង្ហោះកែវយឺតអវកាស James Webb» ដោយសារបញ្ហាធំមួយ…
(អាមេរិក)៖ ជាថ្មីម្តងទៀតអង្គការ NASA បានសម្រេចពន្យាពេលការបាញ់បង្ហោះ កែវយឺតអវកាសជំនាន់ថ្មីរបស់ខ្លួន គឺ James Webb ដោយលើកទៅមិនឲ្យនៅមុន ខែឧសភា ឆ្នាំ២០២០ឡើយ ពោលគឺខុសកាលកំណត់ចាស់ដល់ទៅជិត០១ឆ្នាំ ដោយសារតែការចាំបាច់ ត្រូវធ្វើតេស្តសាកល្បងទៅលើប្រព័ន្ធរបស់វាបន្ថែមទៀត ព្រមទាំងបញ្ហាមួយចំនួនទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយ Space.com នៅព្រឹកថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១៨។

បើតាមសេចក្តីប្រកាសរបស់ NASA ដោយសារតែការពន្យាពេលបាញ់បង្ហោះ កែវយឺតអវកាសដែលមានតម្លៃអភិវឌ្ឍន៍ ៨.៨ពាន់លានដុល្លារ អាចនឹងឡើងខ្ពស់ជាងនេះទៅទៀតផងដែរ។ ដោយត្រូវគេចាត់ទុកថា ជាអ្នកស្នងតំណែងរបស់កែវយឺតអវកាស Hubble កែវយឺតអវកាស James Webb គឺជាឧបករណ៍ឃ្លាំមើលប្រើប្រាស់បច្ចេកវិទ្យា Infrared រចនាឡើងដើម្បីមើលឆ្លុះយ៉ាងជ្រៅទៅក្នុងទីអវកាស និងសិក្សាទៅលើពពួកផ្កាយព្រមទាំងកាឡាក់ស៊ីចាស់ៗ ហើយរុករកភពប្លែកៗថ្មី នៅជុំវិញដួងតារាឆ្ងាយៗពីយើង។

ទីភ្នាក់ងារអវកាស NASA បានកសាងកែវយឺតយក្ស James Webb ឡើង ដោយរួមមានពីរផ្នែក, ដោយផ្នែកទីមួយនោះ គឺកែវយឺតផ្ទាល់រួមជាមួយនិងខែលព្រះអាទិត្យដ៏ធំមួយ ដែលនឹងការពារឧបករណ៍ផ្សេងៗរបស់វា។ នៅពេលដែលទីបំផុតវាត្រូវគេបាញ់បង្ហោះនោះ James Webb នឹងក្លាយជាកែវយឺតអវកាសដ៏ធំបំផុត ដែលមនុស្សលោកយើងបានបញ្ជូន ទៅកាន់ទីលំហអាកាស។

គួរជម្រាបថា ពីដំបូងឡើយ NASA សង្ឃឹមថា នឹងអាចបង្ហោះ James Webb នៅក្នុងឆ្នាំ២០១៨នេះ ប៉ុន្តែបានសម្រេចលើកទៅឆ្នាំក្រោយវិញ។ សម្រាប់ការពន្យាពេលនេះ មិនដឹងជាលើកទីប៉ុន្មានហើយទេ ប៉ុន្តែបើតាមដឹងនោះ James Webb និង TESS គឺជាក្រុមកែវយឺតអវកាស ដែលត្រូវទៅជំនួស Kepler ដែលជាកែវយឺតអវកាសបាន និងកំពុងធ្វើប្រតិបត្តិការជិត ១០ឆ្នាំមកនេះ ហើយជិតអស់ឥន្ធនៈទៅហើយ។

ចំណុចពិសេស៖ ពិតប្រាកដណាស់ ជីវិតក្រៅភព ឬជីវិតអេលៀននៅភពផ្សេង ក្រៅប្រព័ន្ធព្រះអាទិត្យរបស់យើងនេះ គឺជាក្តីចម្ងល់ជាប់ជានិច្ចសម្រាប់មនុស្សជាច្រើន ដែលរស់នៅលើភពផែនដី ហើយអ្វីដែលនាំឲ្យពួកគេជឿថា មានអេលៀនយ៉ាងពិតប្រាកដនោះ គឺយោងទៅការសិក្សាកន្លងមក អំពីភពទាំង ៨ នៅក្នុងប្រព័ន្ធព្រះអាទិត្យ និងការរកឃើញភពរាប់ពាន់ទៀត នៅប្រព័ន្ធព្រះអាទិត្យផ្សេងពីយើង ដែលខ្លះមានគន្លងត្រឹមត្រូវដូចភពផែនដី។

តាមអង្គការ NASA ឲ្យដឹងថា ដើម្បីឲ្យបានដឹងថា ភពមួយមានបរិយាកាសដែលអាចទ្រទ្រង់ជីវិត បាន ឬក៏អត់នោះ James Webb នឹងបង្កើនរលកសញ្ញារបស់ខ្លួន ជះទៅលើភពគោលដៅ ហើយវានឹងបានដឹងថា តើភពនោះមានទឹក មេតាន កាប៊ូម៉ូណូអុកស៊ី ឬក៏ឌីអុកស៊ីត និងអុកស៊ីសែន ដែរឬទេ។ បន្ទាប់មកទៀត ក្រុមអ្នកវិទ្យាសាស្ត្រ នឹងគណនាអំពីទំហំភព, គន្លងគោចររបស់វាពីផ្កាយរបស់វា និងរយៈពេលនៃការគោចរផងដែរ ដើម្បីសរុបថា ជីវិតអាចកើតមាននៅលើវា ឬទេ៕
