ដោះស្រាយបញ្ហាបានហើយ! អង្គការ NASA នឹងកសាង «ផ្ទះទឹកកក» សម្រាប់មនុស្ស រស់នៅលើភពអង្គារ
(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រកាសនូវគំរោងថ្មីដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត និងគ្មាននរណានឹកស្មានដល់នោះគឺកសាង «ផ្ទះទឹកកក» ដែលជាមូលដ្ឋានរបស់មនុស្សថ្មីនៅលើភពព្រះអង្គារ ដែលវាពិតជាខុសប្លែកទាំងស្រុងពីគំរោងកន្លងមករបស់ NASA។
សេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយក្នុងសប្តាហ៍នេះ ក្រុមអ្នកវិទ្យាសាស្ត្រនៅឯមជ្ឈមណ្ឌលស្រាវជ្រាវ Langley របស់ NASA បានរៀបរាប់ថា ផ្ទះទឹកកកគឺស្ថិតនៅក្នុងគំរោងនៃការជ្រើសរើសវត្ថុធាតុដើមដែលល្អបំផុត ដើម្បីការពារមនុស្សពីបរិយាកាសដ៏អាក្រក់របស់ភពអង្គារ ជាពិសេសនោះគឺអាកាសធាតុត្រជាក់ជ្រុល និងរលកវិទ្យុសកម្មដ៏កំណាចពីព្រះអាទិត្យ។
វិស្វករបង្កើតគំរោងខាងលើគឺលោក Kevin Vipavetz បាននិយាយថា «វាពិតជាគំនិតដ៏រវើរវាយមួយ ក្នុងចំណោមគំនិតជាច្រើន ហើយចុងក្រោយយើងក៏សម្រេចចិត្តជ្រើសរើសយកការកសាងលំនៅឋានពីទឹកកក ដោយវាស្តាប់ទៅដូចជាបានដោះស្រាយបញ្ហាផ្នែកវិស្វកម្មបានយ៉ាងច្រើន»។
សេចក្តីថ្លែងការណ៍របស់ NASA បានបញ្ជាក់យ៉ាងដូច្នេះទៀតថា «ផ្ទះទឹកកកនៅលើភពអង្គារ គឺប្រៀបបីដូចជាប្រព័ន្ធរោងចក្រតូចមួយ ដែលមានរូបរាងជាដុំមូលប៉ោង ដែលត្រូវបានស្រោបដោយស្រទាប់ ទឹកកកហើយទឹកកកនោះ យើងអាចយកចេញពីក្នុងស្រទាប់របស់ភពអង្គារជាច្រើនទីតាំងបាន»។ វត្ថុធាតុដើមដែលទាញយកចេញពីភពអង្គារគឺមានទម្ងន់ស្រាល និងងាយសម្រាប់យានធ្វើការដឹកជញ្ជូន។
គួរបញ្ជាក់ថាគំរោងខាងលើនេះគឺមានឧបសគ្គច្រើន ប៉ុន្តែអ្វីដែលសំខាន់ជាងគេមួយនោះគឺទឹកនៅលើភពអង្គារ ដែលគេមិនទាន់ដឹងថា អាចយកមកផលិតជាទឹកកកបានច្រើនក្នុងកម្រិតណា។ អ្នកវិទ្យាសាស្ត្រហ៊ានអះអាងថា ប្រសិនបើគេអាចស្រង់យកវត្ថុធាតុដើមពីភពអង្គារ ដូចជាទឹកក្នុងចំនួនយ៉ាងតិចមួយម៉ែត្រគូបក្នុងមួយថ្ងៃនោះ ការកសាងលំនៅឋានពីទឹកកកដំបូងនៅលើភពអង្គារ នឹងត្រូវចំណាយពេលតែ ៤០០ថ្ងៃប៉ុណ្ណោះ៕