អង្គការ NASA គ្រោងបង្កើតកាមេរ៉ាថត និងសិក្សាពីឥទ្ធិពលនៃប្រហោងខ្មៅបិសាច «Monster black holes» ដែលនឹងចំណាយជិត ២០០លានដុល្លារ

176

(អាមេរិក)៖ ប្រហោងខ្មៅបិសាច «Monster black holes» និងកញ្ចុំផ្កាយ Neutron និង Pulsars គឺជា​គោលដៅនៃបេសកកម្មកែវយឺតអវកាសរបស់ NASA នៅឆ្នាំ២០២០ ដែលវានឹងត្រូវចំណាយរហូត​ដល់ទៅ​ ១៨៨លានដុល្លារអាមេរិកឯណោះ។ នេះបើតាមការចេញផ្សាយពី​សារព័ត៌មាន Space នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ២០១៧។

បើតាមការសិក្សាកន្លងមក ប្រហោងខ្មៅ​អាចដុតកម្តៅ​ឧស្ម័នទាំងឡាយ ដែលស្ថិតនៅក្បែរវា​ដែលវាហេតុ​នាំឲ្យមាន​ការបញ្ចេញ​កាំរស្មី X-ray ចេញពីតំបន់​ដែលប្រហោងខ្មៅ​វាយលុក។ បេសកកម្មថ្មី​របស់ NASA ដើម្បីចាប់យក​រូបភាព​នៃពន្លឺ X-ray ថ្មីនេះគឺនឹង​សម្រេចចេញ​ជាលទ្ធផល​តាមរយៈ ការបង្ហោះកែវយឺត​អវកាស​ចំនួនបីរួមគ្នា ដែលមានបំពាក់កាមេរ៉ាថតរូប​នៅលើនោះ។

កែវយឺតអវកាសទាំងបីខាងលើនេះ​នឹងធ្វើការគណនា អំពីរលករំញ័រ និងពន្លឺ X-ray ដែលជះចេញពី​ប្រហោងខ្មៅ ដែលមានចម្ងាយរាប់រយរាប់ពាន់ឆ្នាំពន្លឺពីផែនដី។ លោក Paul Hertz នាយកផ្នែកបេសកកម្ម​វិទ្យាសាស្ត្រ និងតារាសាស្ត្ររបស់ NASA បានបញ្ជាក់ដូច្នេះថា «បច្ចុប្បន្នយើងមិនអាចធ្វើការ​ថតយករូបភាព​​ដោយ​ផ្ទាល់ ចំពោះអ្វីដែលកំពុងកើតមានឡើងនៅក្បែរប្រហោងខ្មៅ និងតារា Neutron នោះឡើយ ប៉ុន្តែការជះនៃ​ពន្លឺ X-ray នឹងធ្វើឲ្យយើងដឹងអំពីផ្នែករូបវិទ្យា និងឥទ្ធិពលនៃវត្ថុទាំងនោះ»។

គួរបញ្ជាក់ថាទីភ្នាក់ងារអវកាសអ៊ីតាលី ក៏នឹងជួយ NASA ផងដែរនៅក្នុងការអភិវឌ្ឍប្រព័ន្ធកាមេរ៉ា ដែលអាច​មានសមត្ថភាពពិសេសក្នុងការថត និងគណនាអំពីថាមពល X-ray ដែលជះចេញពីប្រហោងខ្មៅ ហើយវា​នឹងអាចបញ្ជាក់អំពីទំហំ ព្រមទាំងអាយុកាលរបស់ក៏អាចថាបាន៕

480×240 Banner