ទីបំផុតអង្គការ NASA «បញ្ជាក់ឆ្នាំពិតប្រាកដ» ដែលត្រូវបញ្ជូនស្ថានីយអវកាស ទៅគោចរជុំវិញព្រះច័ន្ទ…
(អាមេរិក)៖ ពិតជាកម្រណាស់ ដែលបេសកកម្មធំៗណាមួយ ត្រូវបានកំណត់ឆ្នាំជាក់ច្បាស់ថា នឹងត្រូវកើតឡើងនោះ ព្រោះកន្លងទៅភាគច្រើនអង្គការអវកាសនានា តែងតែកំណត់ពេលជា «អំឡុងទសវត្សរ៍» ដែលធ្វើឲ្យអ្នកទន្ទឹងរង់ចាំ មានភាពមិនច្បាស់លាស់ ប៉ុន្តែពួកគេចង់ឲ្យវាកើតឡើងកាន់ឆាប់កាន់តែល្អ សម្រាប់បេសកកម្មដែលពួកគេប្រាថ្នាចង់ឃើញ។ នេះបើតាមការដកស្រង់ពីវែបសាយអង់គ្លេស Daily Star នាថ្ងៃសៅរ៍ ទី២១ ខែមេសា ឆ្នាំ២០១៨។

ប៉ុន្តែដំណឹងថ្មីពេលនេះ អាចថាជារឿងដែលគួរឲ្យរីករាយ និងគួរឲ្យទុកចិត្តបន្តិច ដោយអង្គការ NASA បានបញ្ជាក់ដោយផ្ទាល់នាសប្តាហ៍នេះថា ស្ថានីយអវកាសដែលកំពុងស្ថិតនៅក្នុងការអភិវឌ្ឍ និងគ្រោងយកទៅដាក់ឲ្យគោចរជុំវិញព្រះច័ន្ទនោះ នឹងត្រូវសម្រេចជាផ្លូវការនៅឆ្នាំ២០២៥ (មិនមែននៅអំឡុងទសវត្សរ៍ ២០២០ ឬឆ្នាំ២០២០-២០២៩ ដែលមិនច្បាស់ថា ឆ្នាំណាឲ្យប្រាកដទៀតនោះឡើយ)។

ការអះអាងអំពីគំរោងបញ្ជូនស្ថានីយអវកាសថ្មី ទៅកាន់ព្រះច័ន្ទយ៉ាងច្បាស់លាស់នេះ គឺស្ថិតនៅក្នុងគោលដៅធំៗចំនួនពីរ នោះគឺទី ១៖ ដើម្បីសិក្សាបន្ថែមអំពីសក្តានុពលនានា ដែលមាននៅលើឋានព្រះច័ន្ទ ជាពិសេសគឺស្រទាប់ព្រះច័ន្ទ ព្រមទាំងទឹកនៅក្នុងនោះផងដែរ។ ទី ២៖ រក្សាស្ថានីយអវកាសនេះ គឺជាកន្លែងឈប់សំចតដ៏សំខាន់មួយសម្រាប់ក្រុមអវកាយានិក ដើម្បីរៀបចំខ្លួនឆ្ពោះដំណើរទៅភពអង្គារ ដែលគ្រោងធ្វើឡើងនៅទសវត្សរ៍ ២០៣០។

ចំណុចសំខាន់៖ ទីភ្នាក់ងារអវកាសកំពុងតែដុតដៃដុតជើង ជំរុញគម្រោងការកសាងស្ថានីយអវកាស Lunar Orbital Platform-Gateway ដែលជាមូលដ្ឋានមួយដើរតួនាទីសំខាន់បំផុត សម្រាប់ឲ្យក្រុមអវកាសយានិក បោះទីតាំងនៅក្នុងទីអវកាស ក្បែរនឹងឋានព្រះច័ន្ទ។ បេសកកម្មរបស់អង្គការ NASA នៅថ្ងៃអនាគត នឹងមានការតភ្ជាប់ជាច្រើនជាមួយនឹងវិស័យឯកជន និងដៃគូក្នុងស្រុកនានា ដោយ NASA ចង់ឲ្យការរុករកទីអវកាសរបស់ខ្លួន កាន់តែមានសក្តានុពល និងអាចប្រកួតប្រជែងជាមួយវិស័យអវកាសឯកជន ជាពិសេស SpaceX ជាដើម។

ថវិកាជាតិរបស់ NASA គឺមានការផ្តោតសំខាន់ច្រើន ទៅលើការផលិតយាន ដើម្បីធ្វើការចុះចតនៅលើផ្ទៃព្រះច័ន្ទ ដោយក្នុងនោះវាអាចមានយានតូចៗ សម្រាប់បម្រើក្នុងវិស័យពាណិជ្ជកម្មផងដែរ។ លោក Lightfoot បាននិយាយថា «ការបញ្ជូនយានទៅចុះលើផ្ទៃព្រះច័ន្ទ គឺធ្វើទៅតាមការស្នើសុំកាលពីមុន ហើយវានឹងមានចម្លើយនៅក្នុងពេលឆាប់ៗខាងមុខនេះ»។

បើតាម NASA ស្ថានីយ Gateway ដែលមានឈ្មោះដើមថា Deep Space Gate នេះ នឹងមិនត្រឹមតែជាកន្លែងដើម្បីស្នាក់នៅ រៀនសូត្រ និងបំពេញការងារនៅកៀកនឹងព្រះច័ន្ទប៉ុណ្ណោះទេ វាក៏នឹងអាចជួយគាំទ្រដល់បេសកកម្មជាច្រើនផ្សេងទៀតផងដែរ ទៅកាន់ឋានព្រះច័ន្ទ និងសូម្បីតែទៅកាន់ភពអង្គារ (Mars) និងកន្លែងឆ្ងាយៗដទៃទៀត ហើយក្រុមអ្នកវិទ្យាសាស្រ្ត អាចប្រើប្រាស់ឧបករណ៍ដ៏សម្បូរបែប និងទំនើបៗនៅក្នុងស្ថានីយ ដើម្បីសិក្សាតាមដានមើលភពផែនដី និងព្រះអាទិត្យព្រមពេលជាមួយគ្នាថែមទៀត៕

