គិតលេងៗ! នៅសុខៗ «ព្រះអាទិត្យយើងក្លាយជាប្រហោងខ្មៅ ឬ Black Hole» តើនឹងមានរឿងអ្វីកើតឡើង?
(បរទេស)៖ សាកគិតលេងៗសិន ព្រោះមិនមានអ្វីខុសទាស់នោះទេ។ សំនួរនេះ Cambo Space ជឿថា ក៏ធ្លាប់មានប្រិយមិត្តអ្នកអានកន្លងមក មានការងឿងឆ្ងល់ដែរ ប៉ុន្តែគ្រាន់តែមិនបានសួរនាំដោយផ្ទាល់តែប៉ុណ្ណោះ ប៉ុន្តែក៏មានបងប្អូនមួយចំនួនបានសួររួចមកហើយដែរ សម្រាប់សំនួរស្រដៀងៗគ្នានេះមកកាន់ខ្ញុំ។ ចម្ងល់បែបវិទ្យាសាស្ត្រនោះគឺ៖ តើអ្វីៗគ្រប់យ៉ាងនឹងទៅជាដូចម្តេច បើសិនជាព្រះអាទិត្យយើង ក្លាយទៅជាប្រហោងខ្មៅ (Black) ឬក៏ត្រូវបានជំនួសដោយប្រហោងខ្មៅនោះ?

ជាការពិត អ្នកវិទ្យាសាស្ត្របានអះអាងរួចទៅហើយថា វត្ថុទំហំប៉ុនព្រះអាទិត្យយើងនេះ (មុខកាត់ជាង ១.៣លានគីឡូម៉ែត្រ) មិនអាចមានលទ្ធភាពក្លាយជាប្រហោងខ្មៅនោះឡើយ ប៉ុន្តែបើធំជាងនេះចាប់ពីបួន ទៅប្រាំដងឡើងទៅ នោះពិតជាអាច។ ចូរលើកឧទាហរណ៍ដូច្នេះវិញថា កន្លែងដែលព្រះអាទិត្យរបស់យើងកំពុងតាំងនៅពេលនេះ ត្រូវបានជំនួសដោយប្រហោងខ្មៅមួយមានទំហំតូច ដែលបានកកើតឡើងដោយផ្កាយធំជាងព្រះអាទិត្យបួនដង ផ្ទុះឡើងនោះ តើផែនដីនឹងរងគ្រោះដោយរបៀបណា?

ក្រុមអ្នកសិក្សាបានផ្តល់ចម្លើយស្រដៀងៗគ្នាថា មិនថាតែផែនដីមួយនោះឡើយ គឺភពទាំងអស់នៅក្នុងប្រព័ន្ធព្រះអាទិត្យនឹងរងគ្រោះ ហើយឈានដល់ការរលំរលាយ ដោយសារតែចលនាប្រហោងខ្មៅមរណៈ។ សម្រាប់ភពផែនដី ផ្នែកដែលត្រូវពន្លឺព្រះអាទិត្យ នឹងត្រូវបាត់បង់ពន្លឺភ្លាមៗ ហើយប្រែក្លាយជាពេលរាត្រីទាំងសងខាងផែនដីដូចគ្នា។ ផ្ទៃមេឃផែនដីនឹងឃើញតែផ្កាយ និងដុំស្រមោលខ្មៅធំមួយ ដែលបញ្ជាក់ថា វាជា Black Hole ដែលផែនដីយើងកំពុងគោចរជុំវិញ ក្នុងគម្លាតដដែល គឺ ១៥០លានគីឡូម៉ែត្រ។

ព្រះច័ន្ទរបស់ផែនដី នឹងលែងមានពន្លឺទៀតហើយ ដោយវានឹងក្លាយជាស្រមោលខ្មៅដូចគ្នា ប៉ុន្តែមានទំហំតូចជាងប្រហោងខ្មៅ បើយើងមើលទៅលើមេឃ។ គម្លាតរវាងផែនដី និងប្រហោងខ្មៅនោះ អាចឲ្យអ្នកវិទ្យាសាស្ត្រសន្និដ្ឋានបានថា ផែនដីគឺអាចស្ថិតនៅចំពោះមុខព្រួញ នៃការស្រូបកម្ទេចរបស់ប្រហោងខ្មៅទៅហើយ ប៉ុន្តែមិនចាំបាច់ដល់ពេលនោះទេ គឺជីវិតនានានៅផែនដី នឹងត្រូវរលំរលាយជាបណ្តើរៗទៅហើយ មុននឹងផែនដីត្រូវប្រហោងខ្មៅកម្ទេចឲ្យក្លាយជាភាគល្អិតតូចជាអាតូមនោះ។

តើជីវិតនឹងរលំរលាយដោយរបៀបណា? ទោះបីជាមនុស្សឆ្លាត និងមានវិធីត្រដររស់ក្នុងអំឡុងពេលអត់ពន្លឺព្រះអាទិត្យក៏ដោយ ក៏វាមិនអាចអូសបន្លាយបានយូរនោះដែរ។ ប៉ុន្តែម៉ោងក្រោយអត់មានពន្លឺ និងកម្តៅពីព្រះអាទិត្យ អាកាសធាតុលើផែនដី នឹងប្រែប្រួលខ្លាំងណាស់ រហូតដល់គ្រប់ទីកន្លែងដែលមានទឹក នឹងប្រែទៅជាកកអស់តែម្តង រួមទាំងមហាសមុទ្រទាំង ៤ ហើយសីតុណ្ហភាពនឹងចុះដល់ដករាប់រយអង្សាសេ។

ឧទាហរណ៍ថា មនុស្សអាចមានម៉ាស៊ីនកម្តៅ ឬដុតកម្តៅខ្លួនឯងតាមរយៈឈើ ឬធ្យូង ក៏មនុស្សមិនអាចតស៊ូលើសពីមួយសប្តាហ៍នោះឡើយ។ ផ្អែកលើការវិភាគពីធនធានបច្ចុប្បន្ន គេអាចសន្និដ្ឋានបានថា មនុស្សអាចតស៊ូរស់នៅដោយគ្មានពន្លឺព្រះអាទិត្យ បានត្រឹមតែមួយសប្តាហ៍តែប៉ុណ្ណោះ។

ទោះបីជាផែនដីអាចនៅរស់ តែជីវិតគឺប្រាកដជាស្លាប់ដោយសារតែគ្មានពន្លឺព្រះអាទិត្យ ហើយផែនដី គឺជាដុំទឹកកក និងម៉ាក់ម៉ា។ ចុះបងប្អូនវិញ គឺថាការសន្និដ្ឋានេះត្រឹមត្រូវដែរ ឬទេ? ឬក៏អាចមានគំនិតអ្វីផ្សេងពីនេះ?
ប្រភព៖ វែបសាយ quora.com និងរៀបរៀងដោយ៖ cambo-space.com
