រឿងរ៉ាវគួរឲ្យអស់សំណើច និងភ្ញាក់ផ្អើលគួរសមទាំង ០៥ ក្នុងវិស័យអវកាស-វិទ្យាសាស្ត្រ!
(ភ្នំពេញ)៖ រឿងរ៉ាវនៅផ្នែកវិទ្យាសាស្ត្រ និងអវកាសពិតជាពិបាកនឹងធ្វើឲ្យក្លាយជារឿងកំប្លែងណាស់ ប៉ុន្តែវាអាចទៅរួចណាស់ ប៉ុន្តែសម្រាប់រឿងដែលធ្វើឲ្យយើងភ្ញាក់ផ្អើល និងនឹកស្មានមិនដល់នោះ គឺមានច្រើនរាប់មិនអស់ទៅហើយ។ ប្រិយមិត្តប្រាកដជាបានតាមដានអត្ថបទ និងវីដេអូជាច្រើន ដែលគួរឲ្យស្មុគស្មាញ ថែមទាំងពិបាកយល់សម្រាប់រឿងរ៉ាវមួយចំនួន ប៉ុន្តែពេលនេះសូមងាកទៅកម្សាន្ត ក៏ដូចជាបន្ធូរអារម្មណ៍ជាមួយភាពអស្ចារ្យ និងគួរឲ្យអស់សំណើចគួរសមចំនួន ០៥ ខាងក្រោមនេះ៖

១. អ្វីទៅជាល្បឿនពន្លឺ៖ មានការបកស្រាយច្រើនណាស់អំពីសំនួរនេះ ប៉ុន្តែបើយើងសរុបឲ្យងាយយល់ និងជាក់ស្តែងបំផុតនោះ គឺបើសិនជាអ្នកអាចធ្វើដំណើរពីផែនដី ទៅកាន់ឋានព្រះច័ន្ទក្នុងរយៈពេលតែមួយវិនាទី នោះហើយគឺជាល្បឿននៃពន្លឺ។ (មួយឆ្នាំពន្លឺស្មើនឹង ៩.៤៦១ពាន់ពាន់លានគីឡូម៉ែត្រ ហើយមួយវិនាទីនៃពន្លឺ គឺស្មើនឹង ៣០០,០០០គីឡូម៉ែត្រ)។

២. មនុស្សដល់មុន ឬអេលៀនដល់មុន៖ ចំណុចនេះពិតជាពិសេស! ឧទាហរណ៍មនុស្សថ្ងៃណាមួយរកឃើញថា មានជីវិតលើភព Gliese 581b ដែលមានចម្ងាយ ២០ឆ្នាំពន្លឺពីយើង ហើយគ្រោងធ្វើដំណើរទៅទីនោះ ប៉ុន្តែអេលៀនលើភពនោះបែរជាកំពុងត្រៀមចាកចេញពីភពរបស់ពួកគេមករកផែនដីដែរ តើនរណាដល់នរណាមុន? ដូច្នេះការរកឃើញភពទ្រទ្រង់ជីវិតបាន និងអាចមានលទ្ធភាពនាំមនុស្សទៅបាន មិនប្រាកដថាសុទ្ធតែល្អនោះទេ ព្រោះភពពួកគេអាចកំពុងរងគ្រោះខ្លាំងជាងផែនដីផងក៏ថាបាន។

៣. មនុស្សនឹងស្លាប់តែប៉ុន្មាននាទីប៉ុណ្ណោះ បើអត់មានជំនួយលើភពអង្គារ៖ បើអ្នកឈរលើភពអង្គារដោយខ្លួនទទេ ហើយព្យាយាមដកដង្ហើមលើភពនោះ អ្នកនឹងចាប់ផ្តើមដង្ហក់តែក្នុងរយៈពេល ១៥វិនាទីដំបូងប៉ុណ្ណោះ។ រយៈពេលទៅបីនាទីបន្តបន្ទាប់ទៀត អ្នកនឹងបាត់បង់ជីវិត ដោយសារអត់មានអុកស៊ីសែន និងការស្រូបឧស្ម័នពុល (កាបូនិក) ចូលពេញផ្លូវដង្ហើម។ ក្រោយពីអ្នកស្លាប់ខ្លួនអ្នកទាំងមូលនឹងកករឹង ព្រោះតែអាកាសធាតុដ៏ត្រជាក់ក្រោមសូន្យអង្សាសេ។

៤៖ ភពដែលក្តៅជាងគេក្នុងប្រព័ន្ធព្រះអាទិត្យ៖ ភពពុធមានចម្ងាយជាមធ្យម ៨៨លានគីឡូម៉ែត្រពីព្រះអាទិត្យ ខណៈភពសុក្រឆ្ងាយពីព្រះអាទិត្យរហូតដល់ទៅ ១០៨.២លានគីឡូម៉ែត្រឯណោះ តែបែរជាមានកម្តៅក្តៅជាងភពពុធទៅវិញ។ ភពសុក្រមានកម្តៅ ៤៦៧អង្សាសេជាមធ្យម ឯភពពុធវិញគឺ ៤២៧អង្សាសេ។ ភពសុក្រក្តៅជាងព្រោះតែភ្នំភ្លើងរាប់ពាន់កន្លែងលើផ្ទៃរបស់វា និងខ្លះមានសកម្មភាពខ្លាំងក្លាបំផុត។

៥៖ ទៅភពអង្គារហើយមិនអាចមកវិញ៖ តាមពិតកាលពី ០៤ ទៅ ០៥ឆ្នាំមុន ធ្លាប់មានការអះអាងថា អវកាយានិកដែលទៅភពអង្គារ នឹងត្រូវស្លាប់នៅទីនោះ ដោយសារអង្គការ NASA មានបច្ចេកវិទ្យាតែសម្រាប់នាំពួកគេទៅចុះចតលើភពអង្គារប៉ុណ្ណោះ ដោយគ្មានបច្ចេកវិទ្យានាំពួកគេមកផែនដីវិញឡើយ ប៉ុន្តែក្រោយពីមានការរិះគន់ និងពិបាករកអ្នកស្ម័គ្រចិត្តក្នុងការលះបង់ដ៏ធំធេងនេះ ទើប NASA សម្រេចចិត្តរកវិធីសាស្ត្រនាំមនុស្សមកផែនដីវិញសិន៕

