មនុស្សអ៊ឺយមនុស្ស! អង្គការ NASA បង្ហាញរូបភាពដ៏គួរឲ្យតក់ស្លុត អំពីការប្រែប្រួលរបស់ផែនដី!
(អាមេរិក)៖ ចាប់ពីការរីកចំរើនឧស្សាហកម្ម រហូតដល់ការរលាយទឹកកកនៅតំបន់ប៉ូលទាំងពីរ និងគ្រោះមហន្តរាយទឹកជំនន់ក៏ខ្លាំងក្លា បានស្តែងឲ្យឃើញថាពិភពលោករបស់យើងកំពុងតែស្ថិតនៅក្នុងដំណាក់កាលនៃការប្រែប្រួលជាបន្តបន្ទាប់ឥតឈប់ឈរ។ បច្ចុប្បន្ននេះទីភ្នាក់ងារអវកាស NASA របស់សហរដ្ឋអាមេរិកបានបញ្ចេញរូបភាពដ៏គួរឲ្យតក់ស្លុតមួយចំនួន ដែលត្រូវបានថតយកពីលំហអាកាស នាំឲ្យយើងភ្ញាក់ខ្លួនថា តើគ្រោះមហន្តរាយធម្មជាតិ, មនុស្សលោកយើងនេះ, កត្តាផ្សេងៗដទៃទៀតបានចូលរួមចំណែកធំធេងកម្រិតណាក្នុងការផ្លាស់ប្តូរភពផែនដី ពីមួយខែទៅមួយខែ, ពីមួយឆ្នាំទៅមួយឆ្នាំ, ពីមួយទសវត្សរ៍ទៅមួយទសវត្សរ៍។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Daily Mail នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០១៧។
កម្រងរូបភាពខាងក្រោមត្រូវបានហៅថា «Images of Change (រូបភាពនៃការផ្លាស់ប្តូរ)» ប្រៀបធៀបផែនដីតាមរយៈរូបភាពពីអតីតកាល និងរូបភាពនាពេលបច្ចុប្បន្ន ដើម្បីជួយយើងឲ្យ យល់ច្បាស់អំពីពិភពលោក, បង្កើនជីវភាពរស់នៅ, និងការពារក៏ដូចជាថែរក្សាធម្មជាតិដើម្បីអនាគត។
១៖ រូបភាពនេះបង្ហាញថាតើការអភិវឌ្ឍនៅទីក្រុងញូដេលី នៃប្រទេសឥណ្ឌាបានផ្លាស់ប្តូរផ្នែកមួយនៃផ្ទៃផែនដី ដែលត្រូវបានប្រៀបធៀបគ្នាពីចន្លោះឆ្នាំ១៩៩១ និងឆ្នាំ២០១៦ ហើយនៅក្នុងរយៈ ២៥ឆ្នាំកន្លងទៅនេះរដ្ឋធានីញូដេលីបានឆ្លងកាត់កំណើនដ៏ខ្លាំងក្លានៃចំនួនប្រជាជនរស់នៅក្នុងទីក្រុង ខណៈវាបានកើនឡើងពី ៩.៤លាននាក់រហូតដល់ទៅ ២៥លាននាក់។
២៖ រូបភាពនេះបង្ហាញពីការប្រែប្រួលនៃបឹងដ៏ធំឈ្មោះថា «Great Salt Lake» ដែលស្ថិតនៅរដ្ឋ Utah សហរដ្ឋអាមេរិកក្នុងរយៈពេល២៥ឆ្នាំ។ កាលពីឆ្នាំ១៩៨៥ ផ្ទៃបឹងដ៏ល្បីល្បាញនៅអាមេរិកមួយនេះពោរពេញទៅដោយទឹក ប៉ុន្តែ២៥ឆ្នាំក្រោយមកផ្នែកខាងកើតនៃបឹង ត្រូវបានបែងចែកដោយដីគោក។
៣៖ រូបភាពនេះបង្ហាញពីបម្រែបម្រួលយ៉ាងឆាប់រហ័ស នៃផ្ទាំងទឹកកកដ៏ធំល្វឹងល្វើយនៃកោះហ្គ្រីនលែនដែលស្ថិតនៅប៉ូលខាងជើងផែនដី ដោយចាប់ពីឆ្នាំ២០១៤ ទៅឆ្នាំ២០១៦ វាបានចាប់ផ្តើមរលាយនៅក្នុងល្បឿនយ៉ាងលឿនជារៀងរាល់រដូវស្លឹកឈើជ្រុះ ឬមួយក៏ដើមរដូវក្តៅ ហើយកម្រិតនៃការរលាយផ្ទាំងទឹកកកនៅហ្រ្គីនលែន បានឈានដល់កម្រិតគួរឲ្យកត់សម្គាល់កាលពីឆ្នាំ២០១៦។
៤៖ តំបន់ពណ៌បៃតងចាស់នៅក្នុងរូបភាពនេះ តំណាងឲ្យទេសភាពធម្មជាតិនៃតំបន់ព្រៃ Baban Rafi ដ៏ពិសេសមួយកន្លែងនៃប្រទេស Niger ដែលស្ថិតនៅទ្វីបអាហ្រ្វិកជាប់ព្រំដែនភាគខាងជើងប្រទេសនីហ្សេរីយ៉ា កាលពីឆ្នាំ១៩៧៦ ប៉ុន្តែមកដល់ឆ្នាំ២០០៧ តំបន់ទាំងនេះត្រូវបានកាត់បន្ថយយ៉ាងខ្លាំង ដោយសារតែការកើនឡើងនៃចំនួនប្រជាជននៅក្នុងតំបន់នោះ។
៥៖ រូបភាពនេះបង្ហាញពីការប្រែប្រួលនៃកម្រិតលំហូរទឹកចាប់ពីឆ្នាំ១៩៨៥ ដល់ឆ្នាំ២០០៧ នៅក្នុងទន្លេ Colorado ដែលស្ថិតនៅភាគនិរតីភាគសហរដ្ឋអាមេរិក និងភាគខាងជើងប្រទេសម៉ិកស៊ីកូ។
៦៖ រូបភាពនេះបង្ហាញពីការរលាយដុំទឹកកកយក្ស Helheim នៅក្នុងកោះហ្គ្រីនលែន ដែលបានរលំទៅបំណែកផ្ទាំងទឹកកកតូច និងធំចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៥។
៧៖ នាឆ្នាំ២០១៦កន្លងទៅ ប្រទេសបូលីវីបានរកឃើញថា បឹងដែលមានទំហំធំជាងគេទីពីររបស់ខ្លួនឈ្មោះថា «Lake Poop» បានរីងហួតហែងម្តងទៀត ដោយនៅក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ បឹងមួយនេះបានជួបប្រទះភាពរាំងស្ងួត ព្រមទាំងការបូមយកទឹកសម្រាប់ការជីកយករ៉ែ និងការធ្វើកសិកម្ម។
៨៖ រូបភាពចុងក្រោយនេះរបស់ NASA បង្ហាញពីការជន់លិចនៃទន្លេ Ganges ក្នុងប្រទេសឥណ្ឌា ដោយចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៦ ការធ្លាក់ភ្លៀងខ្លាំងបានបង្កឲ្យមានការជន់លិចដ៏អាក្រក់នៅតាមដងទន្លេ Genges និងទន្លេដទៃៗផ្សេងទៀតនៅភាគខាងកើត និងភាគកណ្តាលនៃប្រទេសតំបន់អាស៊ីខាងត្បូងមួយនេះ ហើយបានសម្លាប់មនុស្សរាប់រយនាក់ និងធ្វើឲ្យប្រជាជន ៦លាននាក់ទៀតរងផលប៉ះពាល់។
ជាចុងបញ្ចប់ទីភ្នាក់ងារអវកាស NASA បានលើកឡើងដូច្នេះថា «ចំណេះដឹងទាំងអស់នេះស្តីអំពីផែនដី ដែលជាភពកំណើតរបស់ពួកយើង នឹងអនុញ្ញាតឲ្យអ្នកតំណាងរាស្រ្ត, ទីភ្នាក់ងាររដ្ឋាភិបាល, និងអ្នកចូលរួមពាក់ព័ន្ធទាំងអស់ ធ្វើការសម្រេចចិត្តនានាប្រកបដោយព័ត៌មានគ្រប់ជ្រុងជ្រោយ ទៅលើបញ្ហាសំខាន់ៗដែលកើតមានឡើងជុំវិញពិភពលោក»៕