ចេះតែមានហើយ! ផោម និងឧស្ម័នចេញពីសត្វ «ដាយណូស័រ» បានជួយឲ្យភពផែនដីកក់ក្តៅ កាលពី២០០លានឆ្នាំមុន!
(វ៉ាស៊ីនតោន)៖ ការសិក្សាថ្មីបានឲ្យដឹងថា ផោម និង ការភើរបស់ពពួកសត្វដាយណូស័រប្រហែលជាបានជួយគ្រប់គ្រងសីតុណ្ហភាពរបស់ភពផែនដី ឲ្យមានភាពកក់ក្តៅកាលពី ២០០លានឆ្នាំមុន។ នេះបើយោងតាមការដកស្រង់ព័ត៌មាន ផ្សាយដោយគេហទំព័រព័ត៌មាន Yahoo ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០១៧។
ការសិក្សាស្រាវជ្រាវដែលត្រូវបានគេចុះផ្សាយនៅក្នុង ទស្សនាវដ្តី Current Biology បានឲ្យដឹងថា ដាយណូស័របានចូលរួមយ៉ាងសំខាន់ ក្នុងការការពារស្រទាប់បរិយាកាសរបស់ភពផែនដី ដោយយោងទៅតាមការប៉ាន់ស្មានបានបញ្ជាក់ថា មានឧស្ម័នមេតានជាង ៥៧០លានតោនដែលចេញពីសត្វដាយណូស័រ ទៅក្នុងបរិយាកាស។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ឧស្ម័នរបស់ដាយណូស័រគឺជាកត្តាតែមួយគត់ដែលអាចជួយឲ្យផែនដីមានសីតុណ្ហភាពក្តៅល្មម ពីព្រោះនៅក្នុងសម័យកាលនោះ ពិភពលោកទាំងមូលមានសីតុណ្ហភាពក្តៅខ្លាំង ហើយឧស្ម័នទាំងនោះវាបានបំលែងខ្លួន នៅពេលប៉ះជាមួយនឹងឧស្ម័នពុលក្តៅនៅលើភពផែនដី ដែលហេតុបង្កឲ្យសីតុណ្ហភាពអាកាសធាតុចុះមកក្តៅល្មមៗ។
គួរបញ្ជាក់ដែរថា សីតុណ្ហភាពនាសម័យនោះមានសភាពក្តៅខ្លាំង ដោយសារមានកត្តាផ្សេងៗគ្នាជាច្រើន។ ជាក់ស្តែងវាអាចកើតឡើងទៅបានដោយសារតែ ភ្នំភ្លើងបានព្រួសភ្លើងចេញទៅបរិយាកាសខ្លំាងជាងការផ្ទុះភ្នំភ្លើងបច្ចុប្បន្ន។