សាកវិធីនេះវិញក្រែងលោ «អាចរកឃើញជីវិតអេលៀនបានឆាប់ជាងការរំពឹងទុក…»
(អាមេរិក)៖ ក្រុមការងារនៃកម្មវិធី Breakthrough Listen ដែលជាគម្រោងតម្លៃ ១០០លានដុល្លារ បង្កើតឡើងដើម្បីតាមស្វែងរកសញ្ញានៃជីវិតឆ្លាតវ័យនៅក្រៅភពផែនដីនោះ បានបោះជំហានដ៏ធំមួយទៅមុខនាសប្តាហ៍នេះ ជាមួយការចាប់ផ្តើមយុទ្ធនាការថ្មី ដើម្បីរុករកជីវិតឲ្យបានលឿនបំផុត ពុំធ្លាប់មានពីមុនមក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨។

តាមរយៈការប្រើប្រាស់ប្រព័ន្ធតេឡេស្កូប Parkes នៅរដ្ឋ New South Wales ប្រទេសអូស្រ្តាលី ក្រុម Breakthrough Listen នឹងធ្វើការស្គែនមើលផ្កាយរាប់លានដួង នៅឯតំបន់ Galactic Plane នៃកាឡាក់ស៊ី Milky Way របស់យើង សម្រាប់រយៈពេល ៦០ថ្ងៃខាងមុខ។ ប្រការនេះនឹងអនុញ្ញាតឲ្យក្រុមអ្នកស្រាវជ្រាវ ធ្វើការអង្កេតទៅលើតំបន់នៃកាឡាក់ស៊ីបានធំ និងក្នុងល្បឿនរហ័សជាងមុន ដែលនឹងបង្កើនឱកាសរបស់ពួកគេ ក្នុងការស្វែងរកសញ្ញានៃជីវិត។

ប្រព័ន្ធតេឡេស្កូប Parkes ដែលស្ថិតក្រោមការធ្វើប្រតិបត្តិការរបស់អង្គការ CSIRO មានឧបករណ៍ទទួលសញ្ញាដ៏មានអានុភាពមួយ ដែលអាចអង្កេតមើលតំបន់លើផ្ទៃមេឃបានយ៉ាងធំទូលាយ។ គម្រោង Breakthrough Listen ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៦ ដោយសហគ្រិនឈ្មោះ Yuri Milner និងអ្នកវិទ្យាសាស្រ្តដ៏ល្បីរបស់ពិភពលោក គឺលោក Stephen Hwaking ដែលបានទទួលមរណភាព កាលពីខែមីនាកន្លងទៅនេះ ដើម្បីប្រើប្រាស់ឧបករណ៍ដូចជា ប្រព័ន្ធតេឡេស្កូប Parkes ជាដើម ដើម្បីអង្កេតតំបន់ Galactic Plane របស់កាឡាក់ស៊ី Milky Way ព្រមទាំងកាឡាក់ស៊ីដទៃទៀត ដែលនៅក្បែរខាង។

គួរបញ្ជាក់ថា គោលដៅចម្បងនៃគម្រោងប្រកបដោយមហិច្ឆតានេះ គឺតាមរុករកភស្តុតាងនៃជីវិតឆ្លាតវៃនៅកន្លែងផ្សេងក្រៅពីផែនដី បន្ថែមពីលើបេសកកម្មដែលមានស្រាប់ ដូចជា Kepler, TESS និង James Webb នៅថ្ងៃអនាគត៕

