ស្នាដៃថ្មី! កែវយឺតអវកាសរបស់ NASA ទើបចាប់បាន «ពន្លឺដ៏ចម្លែកចេញពីភពមួយ» ដែលមានចម្ងាយ ៤១ឆ្នាំពន្លឺពីផែនដី!
(វិទ្យាសាស្រ្ត)៖ ពន្លឺចេញពីភពដ៏ចម្លែកមួយដែលមានទំហំ ២ដងនៃភពផែនដីរបស់យើង ត្រូវបានគេសង្កេតឃើញដោយកែវយឺតអវកាសរបស់អង្គការ NASA ជាលើកទីមួយដែលក្រុមអ្នកវិទ្យាសាស្ត្របានចាត់ទុកថាជាស្នាដៃនៃប្រវត្តិសាស្រ្តថ្មីរបស់ខ្លួន។ នេះបើយោងតាមប្រភពព័ត៌មាន Science Daily ដែលត្រូវបានដកស្រង់នៅថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧។
កែវយឺតលំហអាកាសរបស់អង្គការណាសា បានចាប់យករួបភាពនៃពន្លឺដែលបានចេញ ពីពិភពដ៏ចម្លែកនោះ ដោយវាវិលជុំវិញផ្កាយដែលមានពន្លឺ៤១ឆ្នាំពីភពផែនដី។ ភពដ៏ចម្លែកនេះត្រួវបានគេស្គាល់ថា ភព 55 Cancri។ ហើយវាត្រូវបានគេរកឃើញនៅក្នុងឆ្នាំ ២០០៤ ប៉ុន្តែវាមិនមែនជាពិភពដែលអាចឲ្យមានជីវិតណាមួយរស់នៅបានឡើយ។ ទន្ទឹមនឹងនេះដែរវាក៏ត្រូវបានគេហៅថា ជាភពផែនដីពិសេស ដោយសារតែទំហំរបស់វា។
55 Cancri មានអង្កត់ផ្ចិតស្នើនឹង២ដងនៃអង្កត់ផ្ចិតរបស់ភពផែនដី និងមានកម្រាស់ក្រាស់ជាងភពផែនដី០៨ដង។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា «នេះគឺលើកដំបូងគេបង្អស់ ដែលពួកយើងបានឃើញពន្លឺចេញពី ប្រភេទភពដែលគ្របដណ្តប់ទៅដោយដុំថ្ម»។ មួយវិញទៀតវាគឺផ្នែកដ៏ចម្លែកមួយនៃប្រព័ន្ធព្រះអាទិត្យ និងមានសីតុណ្ហភាពក្តៅយ៉ាងខ្លាំងរហូតទៅដល់ ១,៧២៦អង្សារសេ។ វាជាពិភពដ៏ងងឹត ពីព្រោះវាមានកង្វះខាតសារធាតុផ្សំនៃបរិយាកាស ដើម្បីធ្វើឲ្យភពទាំងមូលមានសីតុណ្ហភាពក្តៅល្មមនោះ។
គួរបញ្ជាក់ដែរថា កែវយឺតអវកាសរបស់អង្គការ NASA ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៣ និងបានចំនាយថវិកាអស់ ៧៧០លានដុល្លារសហរដ្ឋអាមេរិក។ ការបង្កើតឡើងនេះ គឺដើម្បីជាភាពងាយស្រួលក្នុងការសិក្សាស្រាវជ្រាវផ្សេងៗរបស់អ្នកវិទ្យាសាស្ត្រ ទៅលើពិភពផ្សេងៗនៃលំហអាកាស៕