ត្រៀមទស្សនាអាចម៍ផ្កាយទំហំ ១២០ម៉ែត្រ ហោះមកកៀកផែនដីយើង នៅថ្ងៃពុធស្អែកនេះ!
(អាមេរិក)៖ នាថ្ងៃអង្គារទី១៥សប្តាហ៍នេះ (ពេលវេលានៅអាមេរិក ត្រូវនឹងថ្ងៃពុធពេលវេលានៅអាស៊ី) អាចម៍ផ្កាយមានឈ្មោះថា 2010 WC9 នឹងហោះមកកៀកផែនដីរបស់យើង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយ Space.com នៅរសៀលថ្ងៃអង្គារ ទី១៥ ខែឧសភា ឆ្នាំ២០១៨។

អាចម៍ផ្កាយ 2010 WC9 ដែលជាដុំថ្មអវកាសមានទំហំមុខកាត់រហូតដល់ ១២០ម៉ែត្រនោះ នឹងធ្វើដំណើរឆ្លងកាត់ចន្លោះភពផែនដី និងឋានព្រះច័ន្ទ ដែលវាគឺជាការកើតមានឡើងដ៏កម្រមួយ សម្រាប់អាចម៍ផ្កាយដែលមានទំហំធំបែបនេះ។

សម្រាប់អង្គការ NASA នេះ គឺជាព្រឹត្តិការណ៍ដ៏គួរឲ្យតាមដានមួយ ហើយវាក៏នឹងមានការផ្សាយផ្ទាល់ផងដែរ នៅថ្ងៃអង្គារ (ពេលវេលានៅអាមេរិក) ដែលត្រូវនឹងពេលព្រឹកថ្ងៃពុធ ពេលវេលានៅអាស៊ី ប៉ុន្តែសម្រាប់អ្វីដែលអាចឲ្យអ្នកតាមដានបានពេញភ្នែកនោះ គឺប្រហែលជារូបភាពពីតេឡេស្កូបច្រើនជាង។

គួរជម្រាបថា សម្រាប់ព្រឹត្តិការណ៍នេះ មូលដ្ឋានអង្កេតអវកាស Slooh ក៏នឹងធ្វើការផ្សាយផ្ទាល់ផងដែរ។ Slooh ជាទូទៅតែងធ្វើការតាមដានវត្ថុនានាដែលអាចបង្កគ្រោះ ហើយផ្សាយផ្ទាល់ឲ្យសាធារណជនបានមើលឃើញ មិនថាអាចម៍ផ្កាយ ឬផ្កាយដុះកន្ទុយនោះឡើយ ដោយដុំថ្មអវកាសទាំងនេះ សុទ្ធតែមានទំហំធំ និងមានគន្លងគោចរជិតគ្រប់គ្រាន់មកផែនដី ដែលធ្វើឲ្យពួកវាអាចនឹងបង្កការបំផ្លិចបំផ្លាញខ្លាំង ក្នុងករណីដែលបុកជាមួយផែនដី៕
