គួរឲ្យព្រឺព្រួច! ប្រហោងខ្មៅមហាយក្សត្រូវបានរកឃើញ ដោយពន្លឺជះចេញពីវា «អាចសម្លាប់មនុស្សបាន…»
(អាមេរិក)៖ ក្រុមអ្នកវិទ្យាសាស្រ្តបានប្រទះឃើញ ប្រហោងខ្មៅដែលកំពុងរីកធំធាត់យ៉ាងឆាប់រហ័សជាងគេបំផុត ហើយពួកគេក៏បានឃើញវាលេបត្របាក់វត្ថុដែលមានម៉ាសធ្ងន់ស្មើនឹងព្រះអាទិត្យ ជារៀងរាល់០២ថ្ងៃម្តងផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយ Space.com នៅរសៀលថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨។

អ្នកវិទ្យាសាស្រ្តបានប្រើប្រាស់ទិន្នន័យថ្មី ពីផ្កាយរណប Gaia នៃទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) ដើម្បីបញ្ជាក់ថា វត្ថុដែលភ្លឺចែងចាំងមួយ តាមពិតគឺជាប្រហោងខ្មៅ ដែលទំនងជាមានម៉ាស់ស្មើនឹងម៉ាស់របស់ព្រះអាទិត្យដល់ទៅ ២០ពាន់លានដងឯណោះ នៅពេលដែលពន្លឺត្រូវបានបញ្ចេញ និងរីកមាឌក្នុងអត្រាមួយភាគរយជារៀងរាល់មួយលានឆ្នាំ។ ប្រហោងខ្មៅនេះ កំពុងរីកមាឌយ៉ាងលឿន រហូតដល់ធ្វើឲ្យវាជះពន្លឺភ្លឺចែងចាំង ខ្លាំងជាងកាឡាក់ស៊ីមួយទាំងមូលរាប់ពាន់ដង ដោយសារតែឧស្ម័ននានា ដែលវាស្រូបចូលជារៀងរាល់ថ្ងៃ បង្កជាផ្កាភ្លើង និងកម្តៅ។

គួរជម្រាបថា ប្រសិនបើប្រហោងខ្មៅបិសាចនេះ មានទីតាំងស្ថិតនៅចំកណ្តាលបេះដូងនៃកាឡាក់ស៊ី Milky Way របស់យើងវិញនោះ វានឹងជះពន្លឺភ្លឺជាងព្រះច័ន្ទពេញវង់ដល់ទៅ ១០ដង។ តែជាសំណាងល្អ ប្រហោងខ្មៅនេះ ស្ថិតនៅឆ្ងាយ ពោលគឺពន្លឺរបស់វាទំនងជាត្រូវបានបញ្ចេញតាំងតែពី ១២ពាន់លានឆ្នាំមុនមកម្ល៉េះ។

មួយវិញទៀត ថាមពលដែលវាបញ្ចេញភាគច្រើនគឺជាពន្លឺកាំរស្មី UV ប៉ុន្តែវាក៏បញ្ចេញកាំរស្មីអ៊ិចផងដែរ ដូច្នេះហើយប្រសិននៅវាស្ថិតនៅកណ្តាលកាឡាក់ស៊ី Milky Way វិញជីវិតនៅលើផែនដី នឹងពុំអាចកើតមានឡើងទៅរួចឡើយ ដោយសារតែបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ នៃការស្មីអ៊ិចបាញ់ចេញពីវា។

ចំណុចបន្ថែម៖ ប្រហោងខ្មៅ គឺប្រៀបបីដូចជាព្យុះកួចដ៏ខ្លាំងក្លាមួយ នៅក្នុងកាឡាក់ស៊ីមួយ ដែលអាចមានទំហំចាំន់ពីប៉ុនព្រះអាទិត្យយើង ៣ ទៅ ៤ដង បូកបញ្ចូលគ្នា ហើយវានឹងរីកធំធាត់ទៅតាមកម្លាំង និងវត្ថុអវកាសនានា មានដូចជាភព និងព្រះអាទិត្យដែលវាស្រូបកម្ទេចចូលក្នុងខ្លួនវា។ ប្រហោងខ្មៅខ្លះអាចមានទំហំធំជាងព្រះអាទិត្យយើងរាប់ពាន់លានដង ហើយវាកើតចេញពីដំបូងដោយតារាដ៏ធំមហិមាមួយផ្ទុះឡើង៕

