គួរឲ្យភ្ញាក់ផ្អើល! បណ្តុំផ្កាយក្នុងកាឡាក់ស៊ីមួយ បានកកើតឡើងតែ ២៥០លានឆ្នាំប៉ុណ្ណោះ ក្រោយបន្ទុះ Big Bang!
(វ៉ាស៊ីនតោន)៖ ការអង្កេតថ្មីមួយបានឲ្យដឹងថា ផ្កាយមួយក្រុមនៅក្នុងកាឡាក់ស៊ី ដែលស្ថិតនៅចម្ងាយ ១៣.២៨ពាន់លានឆ្នាំពន្លឺពីយើង បានកកើតឡើងត្រឹមតែ ២៥០លានឆ្នាំប៉ុណ្ណោះ ក្រោយពីមហាព្រឹត្តិការណ៍នៃបន្ទុះ Big Bang ដែលនេះគឺជាការរឿងរកដ៏សំខាន់មួយផ្សេងទៀត ក្នុងវិស័យតារាសាស្រ្តលើផែនដី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨។

បើតាមលទ្ធផលនៃការស្រាវជ្រាវខាងលើ នៅក្នុងកាឡាក់ស៊ីដ៏ឆ្ងាយមួយឈ្មោះ MACS1149-JD1 ផ្កាយនានា បានចាប់កំណើតឡើងនៅជំនាន់ដំបូងៗ នៃប្រវត្តិសាស្រ្តចក្រវាឡរបស់យើង ពោលគឺនៅ ២៥០លានឆ្នាំ ក្រោយពីព្រឹត្តការណ៍ Big Bang បានកន្លងផុតទៅ ដួងតារានៅក្នុងកាឡាក់ស៊ីនេះ ក៏បានចាប់កំណើតឡើង។

គួរជម្រាបថា លទ្ធផលស្រាវជ្រាវថ្មីនេះ នឹងអាចជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់អ្នកវិទ្យាសាស្រ្ត ក្នុងការស្វែងរកចំណុចនៅក្នុងប្រវត្តិសាស្រ្តនៃចក្រវាឡ ដែលផ្កាយ និងកាឡាក់ស៊ី បានកកើតឡើងជាលើកដំបូងបំផុត ដែលគេហៅថា Cosmic Dawn ដើម្បីផ្តល់ចម្លើយចំពោះអាថ៌កំបាំងធំៗជាច្រើន នៅក្នុងផ្នែកតារាសាស្រ្តនាសម័យទំនើបនេះ៕

