គួរឲ្យចាប់អារម្មណ៍! ចលនាប្រហោងខ្មៅចម្លែកៗ កើតឡើងក្នុងកញ្ចុំផ្កាយ Globular Cluster
(អាមេរិក)៖ ការសិក្សាស្រាវជ្រាវនាពេលថ្មីៗនេះបានបង្ហាញឲ្យដឹងថា បាតុភូតដ៏ចម្លែកមួយពាក់ព័ន្ធនឹងប្រហោងខ្មៅ ទំនងជាកំពុងកើតឡើងនៅក្នុងក្រុមផ្កាយប្រភេទ Globular Cluster ដែលស្ថិតនៅក្នុងផ្នែកមួយ នៃកាឡាក់ស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅល្ងាចថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨។

ប្រភេទក្រុមផ្កាយខាងលើត្រូវបានគេអះអាងថា បានកកើតឡើងដោយមានប្រហោងខ្មៅក្នុងចំនួនចន្លោះពីរាប់រយទៅរាប់ពាន់ ដែលប្រមូលផ្តុំគ្នានៅចំចំណុចកណ្តាលរបស់ពួកវា។ តាមរយៈការធ្វើពិសោធន៍ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ប្រហោងខ្មៅដែលតាំងពីដំបូងឡើយ ត្រូវបានបង្កើតឡើងដោយពពួកផ្កាយនៅក្នុងបណ្តុំ Globular Cluster គួរតែអាចរីកម៉ាស់ធ្ងន់ជាងព្រះអាទិត្យយើងលើសពី ៥០ដង ប្រសិនបើពួកវាប៉ះទង្គិចគ្នាជាមួយប្រហោងខ្មៅដទៃទៀត។

ប្រជុំផ្កាយប្រភេទបែបនេះ គឺជាកន្លែងប្រមូលផ្តុំទៅដោយប្រហោងខ្មៅបែបជាគូ ពោលគឺនៅក្នុងបណ្តុំផ្កាយប្រភេទ Globular Cluster ប្រហោងខ្មៅជាច្រើន ប្រមូលផ្តុំគ្នានៅកន្លែងតូចចង្អៀតល្មមមួយ ដែលអាចអនុញ្ញាតឲ្យប្រហោងខ្មៅពីរច្របាច់បញ្ចូលគ្នា ហើយបង្កើតចេញជាប្រហោងខ្មៅធំជាងមុន។ បន្ទាប់មកទៀតប្រហោងខ្មៅថ្មីនោះ អាចស្វែងរកដៃគូមួយផ្សេងទៀត ដើម្បីត្របាញ់បញ្ចូលគ្នាតទៀត។

គួរជម្រាបថា ការប៉ះទង្គិចគ្នារវាងប្រហោងខ្មៅចំនួនពីរ ត្រូវបានគេប្រទះឃើញជាលើកដំបូង កាលពីឆ្នាំ២០១៦ ហើយសំនួរជាច្រើនក៏ត្រូវបានលេចឡើងផងដែរថា តើពេលប្រហោងខ្មៅពីរប៉ះគ្នានឹងមានរឿងអ្វីកើតឡើង។

ចំណុចសំខាន់៖ នៅក្នុងដែនចក្រវាឡដែលឥតមានដែនកំណត់ ពួកយើងអាចមើលឃើញ មានវត្តមានកាឡាក់ស៊ីប្រមាណជិត ១០០ពាន់លានកាឡាក់ស៊ី។ សរុបមក កាឡាក់ស៊ីរបស់យើង គឺជាជម្រករបស់ផ្កាយប្រមាណ ១០០ពាន់លានដួង និងប្រហោងខ្មៅ ១០០លានកន្លែង។ សម្រាប់ប្រហោងខ្មៅធំជាងគេស្ថិតនៅ «ចំកណ្តាលនៃកាឡាក់ស៊ី មៀលគីវេយ៍ នេះតែម្តង» ដែលមានទំហំធំជាងព្រះអាទិត្យយើង ៤.១លានដង និងមានចម្ងាយ ២៦,០០០ឆ្នាំពន្លឺពីផែនដី៕

