មួយប៉ុស្តិ៍ពីកែវយឺតអវកាស TESS, មិនសរសើរមិនបាន! ពីរឆ្នាំទៀតទើបវាដំណើរការបានពេញលេញ…
(អាមេរិក)៖ កែវយឺតអវកាស TESS របស់អង្គការ NASA ដែលទើបត្រូវបានបាញ់បង្ហោះកាលពីខែមុន ដើម្បីឲ្យទៅបំពេញបេសកកម្មតាមរុករកភពអេលៀននៅជុំវិញផ្កាយ ដែលនៅក្បែរៗព្រះអាទិត្យនោះ បានធ្វើដំណើរហោះទៅកៀកនឹងឋានព្រះច័ន្ទនៅចម្ងាយ ៨,០០០គីឡូម៉ែត្រ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅរសៀលថ្ងៃសៅរ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៨។

ការហោះទៅក្បែរព្រះច័ន្ទបែបនេះ ត្រូវបានរចនាឡើង ក្នុងគោលបំណងជួយដល់ការធ្វើដំណើររបស់កែវយឺត TESS នៅក្នុងគន្លងគោចរជុំវិញភពផែនដី ដែលពុំមានយានអវកាសណាមួយ ធ្លាប់បានកាន់កាប់ (ស្ថិតនៅតំបន់គន្លងនោះ) ពីមុនមកនោះឡើយ។ បើតាមទីភ្នាក់ងារអវកាសនេះ គន្លងគោចរដែលមានរាងពងក្រពើស្តួចខ្លាំងនេះ នឹងអនុញ្ញាតឲ្យ TESS អង្កេតមើលផ្ទៃមេឃបានធំទូលាយ។

គួរជម្រាបថា កែវយឺតអវកាស TESS ត្រូវគេរំពឹងថា នឹងចាប់ផ្តើមបេសកកម្មរយៈពេល ០២ឆ្នាំ របស់វា នៅពាក់កណ្តាលខែមិថុនាខាងមុខ ក្រោយបញ្ចប់ការសម្របសម្រួលឧបករណ៍ផ្សេងៗនៅលើខ្លួនវា។ យ៉ាងណាមិញ TESS បានថតយករូបភាពសាកល្បងលើកដំបូងរបស់វារួចស្រេចទៅហើយ ដែលបង្ហាញពីក្រុមផ្កាយជាង ២០០,០០០ដួង នៅភាគខាងត្បូងកញ្ចុំផ្កាយ Centaurus ដោយប្រើប្រាស់កាមេរ៉ាមួយក្នុងចំណោមកាមេរ៉ាទំនើបៗទាំង ០៤ ដែលបំពាក់នៅលើនោះ។

ចំណុចសំខាន់៖ ដើម្បីរុករកភព TESS នឹងប្រើប្រាស់វិធីសាស្រ្តមានឈ្មោះថា «Transit» ដែលកត់សម្គាល់មើលភាពខ្សោយចុះពន្លឺតូចៗ នៅពេលដែលភពមួយគោចរកាត់ពីមុខផ្កាយមេរបស់វា។ មធ្យោបាយនេះ គឺជាយុទ្ធសាស្រ្តដូចគ្នា ដែលត្រូវបានប្រើប្រាស់ដោយកែវយឺតអវកាស Kepler របស់ NASA ដែលមកទល់ពេលនេះ បានរកឃើញ (នៅក្រៅប្រព័ន្ធផ្កាយរបស់យើង) ពីរភាគបីនៃភពអេលៀនទាំង ៣,៧០០ភព ដែលគេបានស្គាល់។

អ្វីដែលនឹងខុសគ្នារវាងកែវយឺតប្រមាញ់ភពទាំងពីរនេះគឺថា តំបន់នៃការរុករកភពរបស់ Kepler ភាគច្រើនស្ថិតនៅយ៉ាងតិចរាប់រយឆ្នាំពន្លឺពីផែនដី ខណៈ TESS នឹងមានគោលដៅតាមស្វែងរកភពណា ដែលនៅជិតល្មម អាចឲ្យឧបករណ៍ផ្សេងទៀត ធ្វើការស្រាវជ្រាវស៊ីជម្រៅបាន ជាពិសេសនោះគឺសម្រាប់កែវយឺតអវកាសជំនាន់ថ្មីរបស់ NASA គឺ James Webb Space Telescope តម្លៃ ៨.៨ពាន់លានដុល្លារ ដែលទើបត្រូវបានពន្យាពេលបាញ់បង្ហោះសាជាថ្មីម្តងទៀត ទៅដល់ឆ្នាំ២០២០វិញ៕

