តាមពិតចឹងសោះ! ប្រតិទិនជនជាតិអេហ្ស៊ីបបុរាណបង្ហាញការពិតអំពី «ផ្កាយទេវតា»!
(វិទ្យាសាស្រ្ត)៖ អ្នកតារាសាស្រ្តមានយោបល់ថា ដំណើរភ្លឺភ្លឹបភ្លែតរបស់តារាមួយដួងដែលត្រូវបានជនជាតិអេហ្ស៊ីបបុរាណហៅថា «the Demon ឬទេវតា» ប្រហែលគ្រាន់ជាការឆ្លុះបញ្ចាំងនៃដំណើរប្រែប្រួលរបស់តារាតែប៉ុណ្ណោះ។ នេះបើយោងតាមប្រភពព័ត៌មានវិទ្យាសាស្រ្ត Science Daily ចេញផ្សាយនៅព្រឹកថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ ២០១៧។
ជនជាតិអាហ្ស៊ីបបុរាណបានសរសេរប្រតិទិនដែលបានដៅអំពីថ្ងៃសំណាង នឹងថ្ងៃសយដោយយោងទៅតាមវិធីគន់គូរតារាសាស្រ្តទាំងអស់នោះ។ ការទស្សន៍ទាយទាំងអស់នេះត្រូវបានពឹងផ្អឹកទៅលើព្រឹត្តិការណ៍នៃតារាសាស្រ្ត និង ទេវកថាវិទ្យាដែលបានជះឥទ្ធិពលលើជីវិតរស់នៅប្រចាំរបស់មនុស្សលោក។
ប្រតិទិនដែលត្រូវបានគេថែរក្សាទុកបានល្អបំផុតនោះ គឺប្រតិទិនCairo ដែលជាឯកសារដើមនៅចន្លោះឆ្នាំ ១១៦៣ និង ១២៧១មុនគ.ស ដែលថ្ងៃនីមួយៗត្រូវបានផ្តោតទៅលើសំណាងល្អ ឬសំណាងអាក្រក់ ព្រមទាំងមានរូបតួអង្គនៃទេវកថានីមួយៗផងដែរ។ ក្រុមអ្នកតារាសាស្រ្តនៅឯមហាវិទ្យាល័យ Helsinki ប៉ែកខាងអឺរ៉ុប បានធ្វើការស្រាវជ្រាវកាលពីលើកមុនៗថា ថ្ងៃដែលនាំសំណាងខ្លះអាចកើតឡើងផ្ទួនៗគ្នា ដោយសារតែវាមានទំនាក់ទំនងជាមួយគន្លងច័ន្ទគតិ និងមួយទៀតគឺការប្តូរទីតាំងរះនៃផ្កាយលើមេឃ។
គួរបញ្ជាក់ថាសម័យអេហ្ស៊ីបបុរាណកាលពី ៦,០០០ឆ្នាំមុននេះ គឺសម័យកាលអភិវឌ្ឍន៍ទាំងផ្នែកអាណាចក្រ និងតារាសាស្ត្រ ដោយជាក់ស្តែងកំពូលប្រាសាទពីរ៉ាមីតទាំងបីនៅទីក្រុងជីសា គឺត្រួតស៊ីគ្នានឹងផ្កាយទាំងបីនៅលើមេឃដែលមានពន្លឺជះមកខ្លាំងគួរឲ្យចាប់អារម្មណ៍ សម្រាប់អ្នករស់នៅលើផែនដី ហើយវាក៏ពាក់ព័ន្ធនឹងរឿងរ៉ាវអាទិទេពជាច្រើន របស់សម័យកាលអេហ្ស៊ីបបុរាណផងដែរ៕