Oops! មានសញ្ញាថ្មីពីភពទី ៩ ហើយ! ក្រុមតារាវិទូកំពុងពិនិត្យចលនាអាចម៍ផ្កាយចម្លែកមួយដុំ…
(អាមេរិក)៖ ខណៈដែលតារាវិទូ កំពុងបន្តយុទ្ធនាការតាមស្វែងរកភពទី ៩ ឬ Planet Nine ដ៏ចម្រូងចម្រាស ក្រុមអ្នកវិទ្យាសាស្រ្តបានជួបនឹងដុំថ្មអវកាសមួយដុំ ដែលអាចផ្តល់ភស្តុតាងគួរឲ្យជឿជាក់បាន ចំពោះការអះអាងដែលថា ភព Super-Earth ដ៏ធំមួយ ពិតជាមានវត្តមាននៅជាយប្រព័ន្ធព្រះអាទិត្យរបស់យើងប្រាកដមែន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅរសៀលថ្ងៃអង្គារ ទី២២ ខែឧសភា ឆ្នាំ២០១៨។

តាមរយៈមុំដ៏ចម្លែក នៃគន្លងចល័តខ្លួនរបស់អាចម៍ផ្កាយខាងលើ ដែលមានឈ្មោះថា 2015 BP519 កាន់តែជម្រុញបន្ថែមទៀតនូវការអះអាងដែលថា ភពធំមួយមានវត្តមាននៅកន្លែងណាមួយ ម្តុំជាយខាងក្រៅប្រព័ន្ធព្រះអាទិត្យ ដែលកំពុងជះឥទ្ធិពលដល់គន្លងធ្វើដំណើររបស់ដុំថ្មអវកាសនេះ នៅជុំវិញផ្កាយរបស់យើង។

គួរជម្រាបថា នេះពុំមែនជាលើកទីមួយឡើយ ដែល Planet Nine ត្រូវគេអះអាងថា ជាអ្នកជះឥទ្ធិពលទៅលើវត្ថុមួយចំនួនក្នុងទីអវកាស។ កាលពីឆ្នាំ២០១៤ នៅមុនពេល Planet Nine ត្រូវអ្នកវិទ្យាសាស្រ្តចាត់ទុកជាផ្លូវការថា ជាសម្មតកម្មនោះតារាវិទូពីររូប បានកត់សម្គាល់ឃើញមានភាពមិនប្រក្រតី នៅតាមដុំថ្មអវកាសមួយចំនួន នៅហួសពីគន្លងរបស់ភពណិបទូន។ ក្នុងនោះរួមមាន ភពមិនពេញលក្ខណៈ Sedna និងវត្ថុមួយចំនួនទៀតដែលគេហៅថា TNOs (Trans-Neptunian Objects)។

ក្រោយមកទៀត នៅឆ្នាំ២០១៦ តារាវិទូពីររូបទៀតបានរកឃើញភស្តុតាងបន្ថែមទៀតអំពី TNOs ដែលមានគន្លងគោចរចម្លែកៗ។ អ្នកវិទ្យាសាស្រ្តទាំងពីររូបនេះហើយ គឺជាបុគ្គលដំបូងគេដែលបានដាក់ឈ្មោះ និងកំណត់ទំហំព្រមទាំងចម្ងាយឲ្យ Planet Nine។ បើតាមអ្នកទាំងពីរ ភពអាថ៌កំបាំងនេះ អាចមានទំហំធំជាងផែនដី ១០ដង ហើយស្ថិតនៅចម្ងាយ ៦០០AU (Astronomical Unit) ពីព្រះអាទិត្យ (១AU = ១៥០លានគីឡូម៉ែត្រ)។

ចំណុចសំខាន់៖ បើតាមព័ត៌មានកាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៧ ជុំវិញការស្វែងរកចម្លើយនៃរឿងនេះ ក្រុមអ្នកវិទ្យសាស្រ្តមកពីសាកលវិទ្យាល័យ Sheffield នៃចក្រភពអង់គ្លេស បានធ្វើការពិសោធទ៍ឃើញថា វាភាគរយតិចតួចណាស់ និងទំនងជាមិនអាចទៅរួចនោះឡើយ ដែលប្រព័ន្ធអាទិត្យ បានឆក់យកភព Planet Nine ពីផ្កាយមួយផ្សេងទៀត ឬក៏តំបន់ Interstellar Space។ ផ្ទុយទៅវិញ វាអាចទៅរួចដែលថា Planet Nine ត្រូវបានរុញច្រានទៅក្រៅ ចេញពីតំបន់ផ្នែកកណ្តាលនៃប្រព័ន្ធព្រះអាទិត្យ នៅពេលដែលភពឧស្ម័នយក្សបានធ្វើការរុះរើក៏ដូចជាកែសម្រួលគន្លងគោចររបស់ពួកវា។

បើតាមលោក Mattew Payne នៃសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក Planet Nine ប្រហែលជាបានចាប់កំណើតឡើង នៅចន្លោះភពអុយរ៉ាណុស (Uranus) ឬក៏ណិបទូន (Neptune) ហើយក្រោយមកត្រូវបានរុញច្រានចេញពីក្រៅ ប៉ុន្តែមិនទាំងស្រុងនោះឡើយ។ លោក Payne បានលើកឡើងថា ជាទូទៅអ្នកច្បាស់ជារំពឹងថា វានឹងត្រូវបានទាញខ្ទាតចេញពីប្រព័ន្ធផ្កាយរបស់វាទាំងស្រុង ជាជាងនៅក្រឡឹងក្បែរនោះ។

ដោយឡែកលោក Kat Volk មកពីសាកលវិទ្យាល័យអាមេរិក Arizona បាននិយាយថា វាពិបាកខ្លាំងណាស់ ក្នុងការច្រានចោលទ្រឹស្តីណាមួយពាក់ព័ន្ធនឹង Planet Nine នាខណៈពេលនេះ ជាពិសេសទៅទៀតនោះ គឺដោយសារតែយើង មិនទាន់ទាំងប្រាកដច្បាស់ ១០០ភាគរយ នោះឡើយថា ភពដ៏អាថ៌កំបាំងមួយនេះ ពិតជាមានវត្តមាននៅចុងប្រព័ន្ធព្រះអាទិត្យមែនដែរ ឬក៏អត់ផង៕
