អ្វីទៅជាកែវយឺតអវកាស James Webb? មានចំណុចធំមួយដែលវាអាចធ្វើបាន និងជាប្រយោជន៍ធំធេងបំផុត…
(អាមេរិក)៖ អូខេ! ព័ត៌មានអំពីកែវយឺតអវកាស James Webb ពិតជាមានច្រើនកន្លងមកហើយជាពិសេសនោះ គឺការពន្យារពេលបាញ់បង្ហោះវានេះតែម្តង ដោយបញ្ហាជាច្រើនបានកើតឡើងកន្លងមក ទាក់ទងទៅនឹងប្រព័ន្ធប្រតិបត្តិការ និងគ្រឿងបរិក្ខាតូចៗនៅលើកែវយឺតអវកាសទំហំជិតប៉ុនតារាងវាយថេនីសមួយនេះ នៅដំណើរការមិនទាន់បានល្អ។ ដោយឡែកបញ្ហាដែលធំបំផុតមួយទៀតនោះ គឺទំហំខ្លួនរបស់វានេះតែម្តង ដែលអាចថា ពិតជាពិបាកក្នុងការបាញ់បង្ហោះទៅកាន់ទីអវកាសណាស់។

កែវយឺតអវកាស James Webb ត្រូវបានបង្កើតឡើងដោយអង្គការ NASA សហការជាមួយនឹងទីភ្នាក់ងារអវកាសអឺរ៉ុប ESA នៅក្នុងគំរោងផលិតវាចេញមក ដោយប្រើប្រាស់រយៈពេល ០៥ឆ្នាំ និងគ្រោងបំពេញប្រតិបត្តិការនៅទីអវកាស ក្នុងរយៈពេល ១០ឆ្នាំ។ សម្រាប់ស្ថានភាពទូទៅវិញ គឺ James Webb មានទម្ងន់ ៦.៥តោន និងទំហំ ២០ម៉ែត្រ គុណនឹង ១៤ម៉ែត្រ។

ជាក់ស្តែងការបាញ់បង្ហោះរបស់ James Webb ត្រូវបានគ្រោងធ្វើឡើងតាំងតែពីឆ្នាំ២០១៥ មកម្ល៉េះ ប៉ុន្តែវាត្រូវបានពន្យារពេលជាបន្តបន្ទាប់ ដើម្បីធ្វើការត្រួតពិនិត្យបច្ចេកទេសឡើង រហូតដល់ត្រូវបានសម្រេចជាថ្មីថា កែវយឺតអវកាសយក្សនេះ នឹងត្រូវបាញ់បង្ហោះជាផ្លូវការ នៅអំឡុងខែឧសភា ឆ្នាំ២០២០ (ពីរឆ្នាំទៀត បើគិតពីខែឧសភា ឆ្នាំ២០១៨ នេះតទៅ)។

ចំណុចសំខាន់៖ គោលដៅធំៗរបស់ James Webb គឺវានឹងធ្វើការអង្កេតវត្ថុនានានៅក្នុងចក្រវាឡដូចជាផ្កាយ ភព និងសូពើណូវ៉ា ជាពិសេសនោះគឺការកកើតឡើងនៃកាឡាក់ស៊ីនានា កាលពីពេលដំបូងៗក្រោយបន្ទុះប៊ីកប៊ែង (Big Bank)។ បន្ថែមពីនេះទៀត ឧបករណ៍ពហុវិស័យនៅលើ James Webb នឹងធ្វើការចាប់យក ព្រមទាំងសិក្សាអំពីការចាប់កំណើតនៃផ្កាយ និងភពនានា ហើយជាពិសេសនោះ គឺវានឹងធ្វើការថតរូបដោយផ្ទាល់ចំពោះភពអេលៀន (ពពួក Exoplanets) និងសូពើណូវ៉ាផងដែរ។

ចំណុចបន្ថែម៖ កែវយឺតអវកាស James Webb របស់អង្គការ NASA ដែលត្រូវបាញ់បង្ហោះនៅខែឧសភា ឆ្នាំ២០២០ (ទើបពន្យារពេលជាថ្មី) នឹងធ្វើការតាមរុករកវត្តមាននៃជីវិតក្រៅភព នៅលើបណ្តាភពដែលមានទំហំប៉ុនផែនដី នៃប្រព័ន្ធផ្កាយ TRAPPIST-1 ដែលទើបតែត្រូវបានរកឃើញកាលពីអំឡុងពេលដើមឆ្នាំ២០១៧ រួមនិងព្រះច័ន្ទយូរ៉ូប៉ា (Europa) ផងដែរ ដើម្បីស្វែងយល់លក្ខណៈរបស់ក្រុមភពដែលមានចម្ងាយ ៤០ឆ្នាំពន្លឺពីផែនដីនេះ ព្រោះមានការសន្និដ្ឋានកម្រិតខ្ពស់ថា អាចមានភពណាមួយ ក្នុងចំណោមភព Trappist ទាំង ០៧ ដែលអាចទ្រទ្រង់ជីវិត។

ឆ្នាំ២០២០ ខាងមុខនេះ កែវយឺតអវកាស James Webb នឹងត្រូវដង្ហែក្បួនដ៏ធំមហិមាមិនធ្លាប់មាន ឡើងទៅកាន់ទីអវកាស ដើម្បីជួយជ្រោមជ្រែងរាមច្បងរបស់ នោះគឺ Kepler។ និយាយឲ្យចំទៅ Kepler ដើរតួជាអ្នករកមើលភព និងស្វែងយល់លក្ខណៈនៃគន្លងភពនោះ គោចរជុំវិញផ្កាយរបស់វា ហើយបន្ទាប់មកទៀត James Webb ក៏មានតួនាទីគណនាថា តើភពដែលអាចមានជីវិតនោះ ផ្សំឡើងពីបរិយាកាសអ្វី (មានសារធាតុ ឬឧស្ម័នអ្វីខ្លះ នៅក្នុងបរិយាកាសរបស់វា)។

គួរបញ្ជាក់ថា ការយល់ដឹងបរិយាកាសខាងក្រៅនៃភពមួយ ពិតជាសំខាន់ខ្លាំងណាស់ ព្រោះថាវា នឹងអាចបញ្ជាក់ឲ្យយើងដឹងថា ភពនោះអាចមានជីវិតរស់នៅ ឬអត់ ឬមួយក៏អាចនិយាយថា វាស្វាគមន៍ជីវិតដែរ ឬអត់។ ឧទាហរណ៍ថា ភពមួយត្រូវបាន James Webb អង្កេតដឹងថា មានឧស្ម័នគ្របដណ្តប់ក្នុងបរិយាកាសស្រដៀងនឹងផែនដី ដូចជាមានអាសូត អុកស៊ីសែន ឬកាបូនឌីអុកស៊ីត និងកំហាប់បរិយាកាសប្រហែលគ្នានោះ ក្រុមអ្នកវិទ្យាសាស្ត្រប្រាកដជាអាចសន្និដ្ឋានបានថា ភពនោះមានជីវិតឬទេ៕

