តើមានអ្វីជួយបាន? កម្ពស់ទឹកសមុទ្រកើនឡើងខ្លាំង លើសការរំពឹងទុក, ទឹកកកតំបន់ប៉ូលរលាយលឿនជាងកាលកំណត់ឆ្នាំ២១០០!
(អាមេរិក)៖ នាថ្ងៃកាន់អំណាចចុងក្រោយរបស់អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ក្រុមអ្នកវិទ្យាសាស្រ្តជនជាតិអាមេរិកបានធ្វើការព្រមានថា កម្ពស់ទឹកសមុទ្រកាន់តែកើនឡើងជាងមុនជាបន្តបន្ទាប់ ខ្លាំងជាងការរំពឹងទុករបស់ក្រុមអ្នកវិទ្យាសាស្រ្ត កាលពីលើកមុនៗដោយសារតែការរលាយផ្ទាំងទឹកកកនៃតំបន់ប៉ូលទាំងពីរ ដ៏ឆាប់រហ័សគួរឲ្យកត់សំគាល់។ នេះបើយោងតាមប្រភពព័ត៌មានសិង្ហបុរី Channel News Asia ចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០១៧។
ក្រុមជំនាញការនៃមន្ទីរអាកាសធាតុ និងមហាសមុទ្រជាតិ (NOAA) បានធ្វើការកំណត់របាកំពស់ទឹកសមុទ្រថា នឹងអាចកើនឡើងរហូតដល់ ២.៥ម៉ែត្រនៅក្នុងឆ្នាំ២១០០ ដោយវាអាចមានកំពស់ខ្ពស់ជាងកំពស់ទឹកសមុទ្រកាលពីឆ្នាំ២០១២ រហូតដល់កន្លះម៉ែត្រ។
ដោយឡែកសេចក្តីរាយការណ៍របស់ក្រុមជំនាញការនៃមន្ទីរអាកាសធាតុ និងមហាសមុទ្រជាតិ (NOAA) បានបង្ហាញឲ្យឃើញថា បច្ចុប្បន្នផ្ទាំងទឹកកកមួយភាគធំនៃតំបន់ហ្គ្រីនឡេន និង តំបន់អង់តាក់ទិកបានរលាយបាត់អស់ ហើយវានៅតែបន្តរលាយជាបន្តបន្ទាប់ទៀតក្នុងកំរិតដ៏ឆាប់រហ័សមួយ ដែលនេះគឺជាមូលហេតុចំបង ដែលបណ្តាលឲ្យកំពស់ទឹកសមុទ្រកើនឡើងខ្លាំងជាងការរំពឹងទុក។
ជាមួយគ្នានេះដែរក្រុមអ្នកវិទ្យាសាស្រ្តរបស់ភ្នាក់ងារអវកាស NASA ក៏បានធ្វើការព្រមានដែរថា ការកើនឡើងនៃកំពស់ទឹកសមុទ្រដ៏ខ្លាំងក្លានេះ ច្បាស់ជាកើតឡើងមិនអាចជៀសផុតបានទេ ខណៈពេលដែលកម្តៅរបស់ភពផែនដី កាន់តែកើនឡើងបន្តិចម្តងៗ ដោយសារចំហេះហ្វូស៊ីល ចំហេះប្រេង និងឧស្ម័នផ្សេងៗនៅក្នុងស្រទាប់បរិយាកាស៕