អាមួយថ្មីនេះ គឺខ្លាំងជាងកែវយឺតអវកាស Hubble រហូតដល់ ១០០ដង…
(អាមេរិក)៖ ក្រុមហ៊ុនវិស្វកម្មអវកាស Bolder-based Ball Aerospace នឹងដើរតួយ៉ាងសំខាន់មួយ ក្នុងការកសាងកែវយឺតអវកាសជំនាន់ថ្មីមួយ ដែលកិច្ចព្រមព្រៀងរវាងអង្គការ NASA និងក្រុមហ៊ុននេះមានទំហំទឹកប្រាក់ ១១៣.២លានដុល្លារ (ការផលិតបរិក្ខាបន្ថែម)។ នេះបើតាមការចេញផ្សាយដោយ Denver Post នាល្ងាចថ្ងៃសៅរ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៨។

ក្រុមហ៊ុនបានទទួលកិច្ចសន្យាក្នុងតម្លៃ ១១៣.២លានដុល្លារ ដើម្បីសាងសង់បរិក្ខាបឋមមួយចំនួន សម្រាប់បំពាក់លើកែវយឺតអវកាស Wide Field Infrared Survey Telescope ឬ WFIST របស់អង្គការណាសា។ «វានឹងក្លាយជាការទទួលបានរូបភាព ដ៏ធំបំផុតមិនធ្លាប់មាននៃសកលលោក»។នេះគឺជាការលើកឡើងរបស់លោក Claire Saravia អ្នកទទួលបន្ទុកផ្នែកទំនាក់ទំនងនៅឯមជ្ឈមណ្ឌល NASA’s Goddard Space Flight Center ក្នុងរដ្ឋ Maryland។

Telescope ថ្មីនេះ ដែលត្រូវបានគេរំពឹងថា នឹងត្រៀមខ្លួនរួចជាស្រេចដើម្បីបាញ់បង្ហោះ នៅត្រឹមពាក់កណ្ដាលឆ្នាំ២០២០ ក្នុងតម្លៃជាង ៣.២ពាន់លានដុល្លារ ទួលបានការសសើរពីអង្គការណាសាថា ជាបងប្អូនជីដូនមួយជាមួយនឹង Hubble Space Telescope។ ដោយឡែក នៅក្នុងសេចក្ដីថ្លែងការណ៍ចុះផ្សាយនៅគេហទំព័រណាសា ប្រធានក្រុមការងារផ្នែកវិទ្យាសាស្ត្រមកពី WFIRST លោក David Spergel ក៏បាននិយាយថា «រូបភាពមួយមកពី Hubble ប្រៀបបានទៅនឹងផ្ទាំងរូបភាពដ៏ល្អនៅលើជញ្ជាំង ខណៈរូបភាពមួយរបស់ WFIRST នឹងគ្របដណ្ដប់ទាំងមូលលើជញ្ជំាងផ្ទះរបស់អ្នក»។

បច្ចេកវិទ្យាមកពី Ball នឹងជួយផ្តិចយករូបភាពទាំងនេះ។ ក្រុមហ៊ុននឹងរចនា វិភាគ អភិវឌ្ឍ ផលិត រួមបញ្ចូល ធ្វើតេស្ដ និងវាយតម្លៃ លើ The Wide Field Instrument Opto-Mechanical Assembly សម្រាប់បេសកកម្ម WFIRST។ នេះបើតាមសេចក្ដីថ្លែង
ការណ៍របស់ណាសា។

គួរបញ្ជាក់ថា telescope ថ្មី នឹងមានសមត្ថភាពផ្ដិតយករូបភាព 300-megapixel ពោលឺធំជាង ១០០ដង នៃរូបភាពថតដោយ Hubble Space Telescope នៅក្នុងកម្រិតគុណភាពដូចគ្នា ប៉ុន្តែវានឹងមានភាពលម្អិតជាង Hubble ឆ្ងាយខ្លាំងមែនទែនតែម្តង៕

