ក្រោយដកចេញពីចង្កោមភព ឥឡូវនេះមានការសង្ស័យថា «ភពភ្លុយតូត្រូវបានផ្សំឡើង ដោយរបៀបខុសពីគេ…»
(អាមេរិក)៖ តារាវិទូមួយក្រុមបានលើកឡើងថា ភពមិនពេញលក្ខណៈ (Dwarf Planet) «ភ្លុយតូ» ដែលធ្លាប់ជាប់តំណែងជាភពទី ៩ នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង តាមពិតទៅប្រហែលអាចជាបណ្តុំ នៃផ្កាយដុំកន្ទុយចំនួនរាប់ពាន់លានដុំនៅជាប់គ្នា។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែឧសភា ឆ្នាំ២០១៨។

ក្រោយពីយានអវកាស New Horizons របស់ទីភ្នាក់ងារអវកាស NASA បានហោះឆ្វែល ភ្លុយតូ (Pluto) កាលពីខែកក្កដា ឆ្នាំ២០១៥ ក្រុមតារាវិទូទទួលបានឱកាសក្នុងការប្រមូលយកព័ត៌មាន ក្នុងចំនួនដ៏ច្រើនមិនធ្លាប់មាន ទាក់ទិននឹងភពមិនពេញលក្ខណៈ និងពោរពេញដោយអាថ៌កំបាំងនៅចុងគេនេះ។ ទិន្នន័យនេះ បានបណ្តាលឲ្យអ្នកស្រាវជ្រាវពីររូប មកពីវិទ្យាស្ថាន Southwest Research (SwRI) បំផុសគំនិតឡើងថា Pluto ប្រហែលជាបានកកើតឡើងក្នុងរបៀបម៉្យាង ដែលខុសប្លែកពីភពទាំង ៨ នៅក្នុងប្រព័ន្ធព្រះអាទិត្យយើង។

តាមរយៈការប្រៀបធៀបទិន្នន័យរបស់ New Horizons ជាមួយយានបេសកកម្មសិក្សាផ្កាយដុះកន្ទុយ Rosetta ឆ្នាំ២០១៦ ក្រុមអ្នកវិទ្យាសាស្រ្តខាងលើបានរកឃើញថា ប្រសិនបើផ្កាយដុះកន្ទុយជាច្រើនដែលស្រដៀងនឹងផ្កាយដុះកន្ទុយ Comet 67/Churyumov-Gerasimenko ដែលយាន Rosetta ធ្លាប់ទៅដល់នៅផ្តុំជាប់គ្នានោះ វានឹងមានលទ្ធផលប្រមូលផ្តុំទំហំ ទៅជាប្រហាក់ប្រហែលទៅនឹងទំហំភពភ្លុយតូដែរ។

គួរជម្រាបថា វាដូចជារឿងគួរឲ្យអស់សំណើចមួយដែរ សម្រាប់ Pluto ដែលស្ថិតនៅពីឆ្ងាយពីព្រះអាទិត្យជាងគេ ក្នុងតំបន់ដែនងងឹតសូន្យ ដោយដំបូងឡើយ ខ្លួនត្រូវគេចាត់ទុកថាជាភព តែក្រោយមកពុំមែនជាភព ហើយបន្ទាប់មកទៀតគឺភពមិនពេញលក្ខណៈ ខណៈមកដល់ពេលនេះ វាត្រូវគេសង្ស័យថា គ្រាន់តែជាដុំបាល់អវកាស ដែលផ្សំឡើងពីបណ្តុំទឹកកក និងថ្មថែមទៀត។

ចំណុចពិសេសបន្ថែម៖ ភពភ្លុយតូត្រូវបានរកឃើញ កាលពីដើមទសវត្សរ៍ឆ្នាំ១៩៣០ ហើយត្រូវបានចាត់បញ្ចូលជាភពទី ៩ នៅក្នុងប្រព័ន្ធព្រះអាទិត្យ ប៉ុន្តែក្រោយពីការសិក្សាប៉ុន្មានទសវត្សរ៍ជាបន្តបន្ទាប់ទៀត ភពនេះត្រូវបានក្រុមតារាវិទូសម្រេចដកចេញពីចង្កោមភពនៅឆ្នាំ២០០៦ គឺជាឆ្នាំដែលយានអវកាស New Horizons ត្រូវបានបាញ់បង្ហោះ ដើម្បីទៅធ្វើការសិក្សាអំពីភពបម្រុងនេះតែម្តង។

ភពភ្លុយតូមានទំហំតូចជាងព្រះច័ន្ទរបស់ផែនដីយើងឆ្ងាយ និងតូចជាងព្រះច័ន្ទមួយចំនួនទៀតនៅក្នុងប្រព័ន្ធព្រះអាទិត្យ ហេតុដូច្នេះទើបវាត្រូវបានដកតំណែង និងក្លាយជាភពបម្រុងវិញ ទោះបីជាធ្លាប់មានអ្នកតវ៉ាជាច្រើន អំពីការសម្រេចចិត្តនេះក៏ដោយ។ មូលហេតុធំមួយទៀតនៃការដកនេះ គឺដោយសារតែគន្លងរបស់ភពភ្លុយតូ មានលក្ខណៈផ្អៀងបើធៀបនឹងភពទាំង ៨ ទៀតដែលកំពុងគោចរនៅជុំវិញព្រះអាទិត្យ៕

