ទាយម្នាក់មួយម៉ាត់មក! តើផែនដីយើង នឹងអាចទ្រទ្រង់មនុស្សបានប៉ុន្មានពាន់លាននាក់ទៀត?

236

(យូអិន)៖ មកដល់ឆ្នាំ២០១៧នេះ ចំនួនប្រជាជនសរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ជាង ៧.៤ពាន់លាននាក់ហើយ ដោយចំនួននេះមិនបានចោទជាបញ្ហាសម្រាប់មនុស្សជាតិនោះឡើយ ព្រោះ​ផ្ទៃដី​ដាំដំណាំ និងបង្កបង្កើនផលនានា នៅតែអាចធ្វើការផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ប្រជាជនទាំងអស់ លើកលែង​តែបណ្តាប្រទេសដែលមានសង្គ្រាម និងជម្លោះហែកហួរគ្នាប៉ុណ្ណោះ ដែលជីវិតប្រជាជន​របស់ពួកគេ​ទទួលរងគ្រោះព្រាត់ប្រាស់គ្រួសារ និងខ្វះខាតស្បៀងអាហារព្រមទាំងលំនៅឋាន ហើយប្រការនោះ​មិនមែន​ដោយសារកំហុស​ធម្មជាតិ ឬផែនដីចង្អៀតនោះឡើយ។

កាលពី ១០,០០០ឆ្នាំមុន ប្រជាជននៅលើផែនដីយើងនេះ មានមិនដល់ពីរទៅបីលាននាក់ផង ហើយរហូតមក​ដល់សតវត្សរ៍ឆ្នាំ១៨០០ ប្រជាជននៅលើផែនដីបានកើនឡើងដល់ ១ពាន់លាននាក់ និង ២ពាន់លាននាក់​នៅឆ្នាំ១៩២០។ ការគណនាពីកំណើនប្រជាជនពិភពលោករបស់ អង្គការសហប្រជាជាតិកន្លងមក គឺមិន​មានភាពល្អៀងប៉ុន្មាននោះឡើយ ប៉ុន្តែគ្រប់គ្នាមានអារម្មណ៍តក់ស្លុតនៅពេលបានឃើញកំណើនដ៏គំហុកនេះ។

យោងតាមការគណនារបស់អង្គការសហប្រជាជាតិ ប្រជាជននៅលើពិភពលោក នឹងកើនដល់ ៩.៧ពាន់លាននាក់នៅឆ្នាំ២០៥០ និង ១១ពាន់លាននៅឆ្នាំ២១០០។ គ្រាន់តែបានឃើញចំនួននៃការ​ប៉ាន់ស្មាននេះ ក៏អាចធ្វើឲ្យលោកអ្នកព្រួយបារម្ភរួចទៅហើយ អំពីជោគវាសនានៃមនុស្សជំនាន់ក្រោយ ខណៈផែនដី នឹងកាន់តែចង្អៀត ហើយក៏កំពុងតែទទួលរងនូវការកើនឡើងកម្តៅ ដែលបង្កឲ្យបរិស្ថាន​ទាំងមូលកាន់តែអាក្រក់ខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ឧទាហរណ៍គ្រាន់តែប្រជាជនជាង ២៥លាននាក់ ដែលកំពុងរស់នៅទីក្រុងប៉េកាំង បាននិងកំពុងទទួលរងរួច​ទៅហើយនូវការបំពុលបរិស្ថានកម្រិតធ្ងន់ជាងគេនៅលើពិភពលោក ដោយសារតែការអភិវឌ្ឍមិនបានគិតគូរ​ខ្លាំងទៅលើផលប៉ះពាល់បរិស្ថាន។ ចុះទម្រាំមនុស្ស ៣០ ទៅ ៥០លាននាក់ ដែលនឹងកើនឡើងនៅទីក្រុងនេះ​នៅរាប់ទសវត្សរ៍ទៅមុខទៀត តើពួកគេនឹងត្រូវរស់នៅក្នុងស្ថានភាពបែបណា?

បើតាមអ្នកវិភាគ ផែនដីមិនអីទ្រទ្រង់ចំនួនប្រជាជនបាន ១១ពាន់លាននាក់នោះទេ ដោយសារតែការ​ប្រៀបធៀបទំហំផ្ទៃដី អត្រាលទ្ធភាពរស់នៅសុខសាន្ត និងបរិស្ថានផែនដី ដែលមិនគ្រប់គ្រាន់ឡើយ​សម្រាប់​មនុស្សដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ។ ប៉ុន្តែប្រសិនបើចំនួនប្រជាជនស្ថិតនៅក្នុងរង្វង់ ៩ពាន់លាននាក់ ហើយអាចរក្សាអត្រាកំណើនដ៏ទាបបំផុត និងត្រឹមត្រូវតាមការកំណត់នោះ មនុស្សប្រាកដជាអាចរស់នៅបាន​នៅលើផែនដីជាបន្តទៀត៕

480×240 Banner