ល្វឹងល្វឺយហួសថ្លែង! ចក្រវាឡ (បណ្តុំនៃកាឡាក់ស៊ី) កំពុងពង្រីកខ្លួន​ក្នុងល្បឿនយ៉ាង​ឆាប់រហ័ស!

201

(អវកាស)៖ ចក្រវាឡនាពេលបច្ចុប្បន្នកំពុងតែ​ពង្រីកខ្លួននៅក្នុង​កម្រិតយ៉ាង​រហ័សជាទីបំផុត ដែលហួសពី​អ្វីដែលអ្នកវិទ្យាសាស្រ្តបានរំពឹងទុក​។ នេះបើតាមការដក​ស្រង់ការផ្សាយចេញពី​គេហទំព័រ Space ដែលផ្អែកលើការសិក្សាស្រាវ​ជ្រាវថ្មីបំផុតមួយ នៅព្រឹកថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៧។

ក្រុមអ្នកតារាវិទូ​បានកំណត់ថា​ សព្វថ្ងៃអត្រានៃការពង្រីក​វិសាលភាព​របស់ចក្រវាឡ ដែលជា​តម្លៃមួយ​ត្រូវបាន​ស្គាល់ថាជា «Hubble Constant» ជា​ឈ្មោះរបស់​តារាវិទូអាមេរិក​លោក Edwin Hubble គឺស្ថិតនៅ​ត្រឹម​ប្រមាណជា ៧១.៩គីឡូម៉ែត្រក្នុងមួយវិនាទី​ក្នុងមួយ​មេហ្គាផាសិក (Mega parsec «ជាខ្នាតរយៈចម្ងាយ​ប្រើប្រាស់ក្នុង​ផ្នែកតារាសាស្រ្ត» ហើយមួយ​មេហ្គោផាសិក ប្រហែលស្មើនឹង៣.២៦លាន​ឆ្នាំពន្លឺ)។

តួលេខថ្មីនេះគឺ​ស្របទៅការគណនា​ដែលត្រូវបានប្រកាសកាលពីមុន​ ដោយក្រុមអ្នក​សិក្សាស្រាវជ្រាវ​ផ្សេង​មួយទៀត ដែលដឹកនាំ​ដោយម្ចាស់​ពានរង្វាន់​ណូបែលលោក Adam Riess ក៏ប៉ុន្តែវា​មានភាពខ្ពស់​ឆ្ងាយពីកម្រិត​ដែលត្រូវបាន​ប៉ាន់ប្រមាណ​ដោយបេសកកម្ម​ផ្កាយរណប «​​Plank» កាលពីឆ្នាំ២០១៥ របស់ទីភ្នាក់ងារ​អវកាសអឺរ៉ុប ESA ដែលមាន​ចំនួនប្រហែលជា​ ៦៦.៩គីឡូម៉ែត្រក្នុងវិនាទី ក្នុងមួយមេហ្គាផាសិកប៉ុណ្ណោះ។

យោងតាមក្រុម​អ្នកវិទ្យាសាស្រ្ត​ មូលហេតុដែល​បណ្តាលឲ្យ​មាន​ភាពខុសគ្នានេះ នៅ​ពុំ​ទាន់​​ត្រូវ​បាន​​ដឹង​ច្បាស់​នៅ​ឡើយ​នោះ​​ទេ​នា​​ពេល​នេះ ប៉ុន្តែ​ការ​វិភាគ​ឲ្យបានដិត​ដល់ទៅ​លើទិន្នន័យ​ជាច្រើនប្រភេទ​របស់ក្រុមផ្សេងៗ​ទាំងអស់​នេះ នឹងអាចជួយ​ផ្តល់ជា​តំរុយខ្លះៗ​បានជាក់ជា​មិន​ខាន។ ដោយឡែក​ភាពខុសគ្នា​នៅក្នុងការគណនា​លើតម្លៃ «Hubble» ប្រហែលជា​អាចឆ្លុះបញ្ចាំង​ពីអ្វីម្យ៉ាង​ដែលអ្នកតារាវិទូ​ មិនយល់អំពី​​ចក្រ​វាឡ​នៅពេល​កកើតដំបូង ឬមួយក៏អ្វីមួយ​ដែលបានផ្លាស់ប្តូរ​ចាប់តាំងពីសម័យកាល​ដ៏យូរលង់នោះមក។

តួយ៉ាងវាជារឿងអាចរួចដែលថា «ថាមពលងងឹត (Dark Energy)» ជាកម្លាំងដ៏​អាថ៌កំបាំងដែល​​ត្រូវ​បាន​គេ​យល់​ឃើញ​ថា​​ជា​អ្នក​ជំរុញ​ការ​ពង្រីក​​ទំ​ហំ​របស់​​ចក្រ​វាឡ បាន​​ក​កើត​កម្លាំងជា​ច្រើននៅក្នុង​រយៈពេលដ៏យូរអង្វែង​កន្លងផុតទៅនេះ​​។ ម៉្យាងវិញទៀត​ភាពខុសគ្នា​នេះ​ក៏អាចបង្ហាញថា​ «រូបធាតុ​ងងឹត (Dark Matter)» ជាវត្ថុធាតុដ៏​ចម្លែកមិនអាចមើលឃើញ​ដែលក្រុមតារាវិទូ​គិតថា​មានវត្តមាន​ច្រើនជាង «រូបធាតុធម្មតា (Normal Matter)» នៅពាសពេញ​ចក្រវាឡនោះ នៅមានបុគ្គលិក​លក្ខណៈណាមួយ​ដែលគេមិនទាន់​យល់ច្បាស់ ឬមួយក៏ទ្រឹស្តី​ទំនាញសកល​របស់​លោក អាល់បឺត អែនស្តែន (Albert Einstein) ដែលជាអ្នកប្រាជ្ញ​ដ៏ល្បីល្បាញនោះនៅ​តែមានកំហុស​ឆ្គង៕

480×240 Banner